សកម្មភាព​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​និង​បញ្ចូល​អាគុយ​នៅ​បន្ត​កើត​មាន​លើ​ផ្ទៃ​បឹង​ទន្លេសាប

សកម្មភាព​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ថា បាន​លុប​អាជ្ញាប័ណ្ណ ឬ​បញ្ឈប់​ឲ្យ​អាជីវករ​ធ្វើ​អាជីវកម្ម​ទាំង​នេះ​លើ​ផ្ទៃ​ទឹក។ អាជ្ញាធរ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក ថា​ផ្ដល់​ឱកាស​ចុង​ក្រោយ​ដល់​ម្ចាស់​អាជីវកម្ម​រុះរើ​រោង​សិប្បកម្ម​របស់​ខ្លួន​ឡើង​គោក។

សកម្មភាព​បញ្ចូល​អាគុយ និង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ចំនួន ៥​កន្លែង នៅ​បន្ត​អាជីវកម្ម​របស់​ខ្លួន​ក្នុង​រូប​ភាព​លួច​លាក់​ផង និង​បើក​ចំហ​ផង នៅ​លើ​ផ្ទៃ​ទឹក​ត្រង់​ចំណុច​ពាមញរ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ។

រោង​សិប្បកម្ម​ទាំង​នេះ មាន​ខ្លះ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​បរិស្ថាន ក្នុង​ការ​គ្រប់គ្រង​សំណល់​ទឹក​អាស៊ីដ និង​ប្រេង​ម៉ាស៊ីន​ចាស់ៗ។ ទឹក​អាស៊ីដ និង​ប្រេង​ម៉ាស៊ីន បាន​កំពប់ ឬ​ហៀរ​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ ដែល​ធ្វើ​ឲ្យ​កំហាប់​ជាតិ​ពុល​ក្នុង​ទឹក​កាន់​តែ​កើន​បន្ថែម​លើ​សារធាតុ​ពុល​ពី​សំណល់​ផ្ទះ​បាយ និង​លាមក​ដែល​អ្នក​ភូមិ​បណ្ដែត​ទឹក​រាប់​រយ​គ្រួសារ បន្ទោបង់​ចូល​ទឹក​រាល់​ថ្ងៃ។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា ម្ចាស់​រោង​សិប្បកម្ម​បញ្ចូល​អាគុយ និង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ប្រមាណ ៩ បាន​ផ្ដិត​មេដៃ​ក្នុង​កិច្ច​សន្យា​ថា នឹង​អូស​រោង​សិប្បកម្ម​របស់​ខ្លួន​ឡើង​គោក​នៅ​ពេល​ទឹក​ឡើង។ ប៉ុន្តែ​សកម្មភាព​ធ្វើ​អាជីវកម្ម​នៅ​តែ​បន្ត ដោយសារ​ទឹក​ទន្លេ​មិន​ទាន់​ឡើង​សាយ​ដល់​ដី​របស់​ពួកគេ៖ «ខ្ញុំ​ក៏​ហៅ​មក​ម្ដង​ទៀត​បញ្ជាក់​ជា​លើក​ទី​២ ហើយ​និយាយ​រឿង​ហ្នឹង​គាត់​ថា ដាច់​ចិត្ត​មក​ទាំង​អស់​ហើយ (ឡើង​ជួល​ជុល ឬ​បញ្ចូល​អាគុយ​លើ​គោក) ប៉ុន្តែ​គាត់​សុំ​ថា បើ​គាត់​ត្រូវ​រើ​រោង​សិប្បកម្ម​ចេញ​មក​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន​ណាស់ ហើយ​គាត់​សុំ​អ៊ីចេះ​វិញ នៅ​ពេល​ទឹក​ឡើង​មក​គាត់​នឹង​អូស​ផ្ទះ​ហ្នឹង​ចូល​មក​លើ​ដី​របស់​គាត់​ដែល​មាន​ស្រាប់ ហើយ​បើ​មាន​បញ្ហា​ទៀត​គាត់​នឹង​ទទួល​ខុស​ត្រូវ ចង់​អាជ្ញាធរ​ធ្វើ​អី​ក៏​គាត់​តាម​ដែរ»

អាជីវកម្ម​ជួស​ជុល​គ្រឿង​ម៉ាស៊ីន បញ្ចូល​អាគុយ និង​ផលិត​ទូក​ស្មាច់​លើ​ផ្ទៃ​ទឹក បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ក្រោយ​បន្លាស់​ទី​ផ្ទះ​ទឹក​ពី​ភូមិ​កណ្ដាល និង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង កាល​ពី​ចុង​ឆ្នាំ​២០១៥ ទៅ​ចំណុច​ពាមញរ ឃុំ​ស្វាយជ្រំ។ អាជ្ញាធរ​បាន​ប្រកាស​បញ្ឈប់​អាជីវកម្ម​ទាំង​នេះ​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​ស្រុង ដោយ​ឃើញ​ពី​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទឹក​ទន្លេ​ដែល​កាន់​តែ​រីង​រាក់​ទៅ​ហើយ​នោះ។

អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ផ្នែក​អប់រំ និង​ផ្សព្វផ្សាយ​ការ​បំពុល​បរិស្ថាន​លោក គឹម ច័ន្ទបូផាត មាន​ប្រសាសន៍​ថា បើ​សំណល់​ប្រេង​ម៉ាស៊ីន និង​ទឹក​អាស៊ីដ​ហៀរ ឬ​កំពប់​ចូល​ទឹក​ក្នុង​កម្រិត​មួយ​តិចតួច​នោះ វា​អាច​រលាយ​ទៅ​តាម​ទឹក​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក​ថា ក្នុង​កាលៈទេសៈ​ដែល​ជនជាតិ​វៀតណាម តាំង​ទី​លំនៅ​បណ្ដោះអាសន្ន ហើយ​មាន​ការ​ធ្វើ​អាជីវកម្ម​នេះ ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន​មាន​ការ​យល់​ដឹង និង​គ្រប់គ្រង​សំណល់​ប្រេង​ម៉ាស៊ីន ឬ​ទឹក​អាស៊ីដ​បាន​ត្រឹម​ត្រូវ៖ «ឥឡូវ​ហ្នឹង​ប្រេង​ម៉ាស៊ីន គឺ​គេ​អត់​ខារ​ចោល​ទេ អាច​កំពប់​អី​បន្តិចបន្តួច ព្រោះ​ប្រេង​ម៉ាស៊ីន​គេ​យក​វា​ទៅ​លក់ តែ​បើ​ថា ទឹក​អាស៊ីដ​ទឹក​អី​ហ្នឹង​ក៏​មិន​មាន​កំពប់​អី​ខ្លាំង​ខ្លា​ណាស់​ដែរ។ យើង​ចុះ​ទៅ​ហ្នឹង យើង​អប់រំ​បណ្ដើរៗ​ហើយ ដាច់​ខាត​យើង​ត្រូវ​បិទ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រកប​អាជីវកម្ម (លើ​ផ្ទៃ​ទឹក) ទៀត​ទេ។ ចំពោះ​អ្នក​ដែល​បាន​ឲ្យ​លើក​មុន​ក៏​ត្រូវ​លុបចោល​ហើយ»

សកម្មភាព​រស់​នៅ និង​ធ្វើ​អាជីវកម្ម​ដែល​អាច​ភាយ​សារធាតុ​គីមី​ចូល​ក្នុង​ទឹក​ប្រចាំ​ថ្ងៃ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​សុខភាព​មនុស្ស និង​ធនធាន​មច្ឆាជាតិ ខណៈ​អ្នក​ភូមិ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម រាប់​រយ​គ្រួសារ​បាន​រស់​នៅ និង​បញ្ចេញ​សំណល់​ពុល​ចូល​ក្នុង​ទឹក​ក្នុង​ម្នាក់​ប្រមាណ​កន្លះ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​អាជ្ញាធរ​ថា បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​បន្លាស់​ទី​ឡើង​រស់​នៅ​លើ​គោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។