រដ្ឋាភិបាល​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​​បឹងកេងកង​កាល​ពី​យប់​មិញ

រដ្ឋាភិបាល​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់ នៅ​​​តាម​បណ្ដោយ​ផ្លូវ ​លេខ​១៦៣ ក្នុង​សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន កាល​ពី​យប់​ថ្ងៃ​ទី​៦ កញ្ញា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៧ កញ្ញា ថា ក្រសួង​សោកស្ដាយ​​យ៉ាង​ក្រៃលែង​ចំពោះ​ឧបទ្ទវហេតុ ដែល​បង្ក​របួស និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ ហើយ​ក្រសួង​ហៅ​អំពើ​នេះ​ថា ជា​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។

ក្រសួង​បន្ត​ថា ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​នេះ មាន​ចេតនា​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ យល់​ច្រឡំ​ចំពោះ​ស្ថានការណ៍​សន្តិសុខ​កម្ពុជា​ទាំង​មូល ដែល​ក្រសួង​ថា ខ្លួន​កំពុង​រក្សា​បាន​ភាព​ប្រក្រតី និង​ស្ថិរភាព​ល្អ​ប្រសើរ។

ក្រសួង​ថាកំពុង​ស្រាវជ្រាវ​រក​ជនល្មើស ដើម្បី​មក​ផ្ដន្ទាទោស ហើយ​ក៏​អំពាវ​នាវ​ដល់​សាធារណៈ​ជន ឲ្យ​ផ្ដល់​កិច្ច​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ករណី​នេះ​ផង។

ករណី​បំផ្ទុះ​គ្រាប់​បែក​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​រង​របួស ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌា​ម្នាក់ និង​ខូចខាត​រថយន្ត​៤​គ្រឿង និង​សម្ភារៈ​របស់​ពលរដ្ឋ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។