នាយក​រដ្ឋមន្ត្រី​ថៃ​ចេញ​បទបញ្ជា​ឱ្យ​បង្កើន​គុណភាព​កៅស៊ូ

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha បាន​ចេញ​បទបញ្ជា​កាលពី​ថ្ងៃ​សៅរ៍​ទៅ​កាន់​ភ្នាក់ងារ​ពាក់ព័ន្ធ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​កៅស៊ូ​ដុំ និង​បញ្ចុះបញ្ចូល​កសិករ​មិន​ឲ្យ​ប្រើប្រាស់​អាស៊ីត sulphuric ក្នុង​ជ័រកៅស៊ូ ។

លោក Titus Suksaard អភិបាល​នៃ​អាជ្ញាធរ​កៅស៊ូ​ក្នុង​ប្រទេស​ថៃ ថ្លែង​ថា ៖ «​នាយក​រដ្ឋមន្ត្រី Prayut ដែល​ជានា​យក​នៃ​គណៈកម្មាធិការ​គោលនយោបាយ​ជ័រកៅស៊ូ​ជាតិ បាន​ចេញ​បញ្ជា​ទៅ​កាន់​ភ្នាក់ងារ​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ដាក់​អាស៊ីត sulphuric ចូល​ក្នុង​កៅស៊ូ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​កៅស៊ូកង់​គំរាម​ឈប់​ទិញ​កៅស៊ូ​ពី​កសិករ​ថៃ ព្រោះ​មានគុណ​ភាព​អន់ » ។

កសិករ​នៅ​ប៉ែក​ខាងជើង និង​ឦសាន ជា​ទូទៅ បាន​ដាក់​អាស៊ីត​ប្រភេទ​នេះ​ចូល​ទៅ​ក្នុង​ជ័រកៅស៊ូ​ដើម្បី​ឲ្យ​វា​ឆាប់​កក​លឿន មុន​នឹង​លក់​ទៅ​ឱ្យ​រោងចក្រ ។ ប៉ុន្តែ​អាស៊ីត​នេះ​បាន​កាត់​បន្ថយ​ភាព​បត់បែន​នៃ​ជ័រកៅស៊ូ និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ផលិត​របស់​រោងចក្រ​ផលិត​កៅស៊ូកង់ ដែល​បង្ខំ​ធ្វើ​ឲ្យ​រោងចក្រ​ត្រូវ​ផ្លាស់​ប្តូរ​បរិមាណ​ធាតុ​ផ្សំ​ក្នុង​ល្បាយ រួម​ទាំង​ការ​កើនឡើង​នៃ​ការ​ចំណាយ​ផ្នែក​ផលិតកម្ម ។

លោក Titus បន្ត​ថា អាជ្ញាធរ​បាន​ព្យាយាម​ជំរុញ​ឲ្យ​កសិករ​ប្រើប្រាស់​អាស៊ីត​ធម្មជាតិ​ជំនួស​វិញ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​បង្កើន​គុណភាព​កៅស៊ូ ។ កសិករ​ប្រមាណ​៦០% នៅ​តែ​ប្រើប្រាស់​អាស៊ីត sulphuric ខណៈ​ដែល​កសិករ​៤០%​ទៀត​បាន​ប្តូរ​មក​ប្រើប្រាស់​អាស៊ីត​ធម្មជាតិ ។

លោក​បន្ថែម​ថា អាជ្ញាធរ​សន្យា​ថា នឹង​ផ្តល់​តម្លៃ​ខ្ពស់​ជាង​មុន​សម្រាប់​កៅស៊ូ​របស់​កសិករ​ដែល​ប្រើប្រាស់​អាស៊ីត​ធម្មជាតិ ៕