សកម្មភាព​រោងចក្រ​ក្នុង​ប្រទេស​សិង្ហ​បុរី​ធ្លាក់​ចុះ​14​ខែ​ជាប់​គ្នា

ប្រទេស​សិង្ហ​បុរី ៖ វិស័យ​ផលិតកម្ម​បាន​ធ្លាក់​ចុះ​១៤​ខែ​ជាប់​ៗ​គ្នា​នៅ​ក្នុង​ខែសីហា ជាមួយនឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​បន្ត​ចុះ​ខ្សោយ​។ ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​ក្នុង​ខែសីហា គឺ​យឺត​ជាង​ខែកក្កដា ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​បាន​ព្រមាន​ថា មិន​គួរ​មានគំនិត​វិជ្ជមាន​ពេក​ទេ ព្រោះ​សកម្មភាព​រោងចក្រ​ក្នុង​ប្រទេស​កំពុង​ធ្លាក់​ចុះ​នៅឡើយ ។

ស​ន្ទ​ស្សន៍​គ្រប់គ្រង​លើ​ការ​ទិញ (PMI) ដែល​ជា​ការ​ចង្អុលបង្ហាញ​នៃ​សកម្មភាព​ផលិត មាន​តម្លៃ​ស្មើនឹង​៤៩,៨​នា​ខែ​មុន ដែល​បាន​កើនឡើង​បន្តិច (​ខែកក្កដា ស្មើនឹង​៤៩,៣)។ PMI របស់​សិង្ហ​បុរី​នៅ​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​តាំងពី​ខែមិថុនា ឆ្នាំ​មុន​មក​ម្ល៉េះ ។

ការ​កើនឡើង​បន្តិច​ក្នុង​ខែសីហា គឺជា​លទ្ធផល​នៃ​ការ​កើនឡើង​ផលិតផល​ថ្មី ការ​នាំ​ចេញ​ថ្មី និង​កំណើន​នៃ​ផលិតកម្ម​រោងចក្រ​ផង​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក្តី ការងារ​ក្នុង​ផ្នែក​ផលិតកម្ម​ដែល​បាន​ធ្លាក់​ចុះ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​តែ​បន្ត​ធ្លាក់​ចុះ​ដដែល ។

ទិន្នន័យ​ត្រូវ​បាន​រៀបរៀង​ដោយ​វិទ្យាស្ថាន​នៃ​ការ​ទិញ និង​គ្រប់គ្រង​ធនធាន​សិង្ហ​បុរី ដែល​យក​ពី​ការ​ស្ទង់​មតិ​ប្រចាំខែ ផ្នែក​ប្រតិបត្តិការ​ទិញ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ប្រមាណ
១៥០ ។

តាម​ការ​ស្ទង់​មតិ​បង្ហាញ​ថា PMI វិស័យ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ដល់​៥០,២ ដែល​ជា​ការ​កើនឡើង​លើក​ទី​១ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​១៣​ខែ​កន្លងមក ។ នេះ​ជា​លទ្ធផល​នៃ​ការ​ទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ការ​កើនឡើង​នៃ​ផលិតកម្ម​រោងចក្រ ។

Selena Ling អ្នក​សេដ្ឋកិច្ច​ប្រចាំ OCBC និយាយ​ថា ៖ « ជា​ទូទៅ ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក​តែង​នាំ​មក​នូវ​វិស័យ​ផលិតកម្ម ។ ដូច្នេះ នៅ​ពេល PMI របស់​វិស័យ​អេ​ឡិច​ត្រូ​និក​ក្នុង​តំបន់​កើនឡើង និង​បន្ត​មាន​ស្ថិរភាព​ក្នុង​ខែ​ខាង​មុខ​ៗ​នោះ ច្បាស់​ជា​មានមុខ​សញ្ញា​ល្អ​ឡើង​វិញ​ជា​មិន​ខាន » ។

វិស័យ​ផលិតកម្ម​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​ក្នុង​តំបន់ ។ PMI របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​សកម្មភាព​រោងចក្រ ដែល​ស្មើនឹង​៥០,៤ ។ ក៏​ប៉ុន្តែ​វា​ត្រូវ​បាន​ទូទាត់​អស់​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​ផលិតកម្ម​ផ្សេង​ទៀត ។

សម្រាប់​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ឥណ្ឌា​វិញ ក៏​បាន​កើនឡើង​ផង​ដែរ ខណៈ​ឥណ្ឌូ​ណេ​ស៊ី តៃវ៉ាន់ និង​វៀតណាម បាន​កើនឡើង​ក្នុង​ល្បឿន​យឺត ។ ផ្ទុយ​ទៅ​វិញ ប្រទេស​ម៉ា​ឡេ​ស៊ី និង​កូរ៉េ​ខាងត្បូង​បាន​ថយ​ចុះ ៕