លោក សម រង្ស៊ី សម្តែង​ក្តីបារម្ភ​ករណី​ជនអន្តោប្រវេសន៍​វៀតណាម​បន្ត​កើនឡើង​កាន់តែច្រើន​

បើទោះជា​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ពី​ពេលកន្លងមក​ថា ជនជាតិ​វៀតណាម​មាន​រស់នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ក្នុង​ចំនួន​តិចតួច ហើយ​កំពុងតែធ្វើការ​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើទឹក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ជា​បន្តបន្ទាប់​ក្តី ក៏​សាធារណមតិ​ជាតិ​នៅតែ​សម្តែង​ក្តីបារម្ភ​ចំពោះ​ករណី​ហូរ​ចូល​ជនអន្តោប្រវេសន៍​វៀតណាម​ដដែល ហើយ​រិះគន់ថា​ការទប់ស្កាត់​នៅតាម​ព្រំដែន​គ្មាន​ប្រសិទ្ធភាព​។

​ជាក់ស្តែង​នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ក្តីបារម្ភ​ជាថ្មី​ម្តងទៀត​ចំពោះ​ករណី​ជនអន្តោប្រវេសន៍​វៀតណាម​បន្ត​កើនឡើង​កាន់តែច្រើន​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ហើយ​បញ្ហា​ទាំងនេះ​កំពុង​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​ផងដែរ​។ នៅថ្ងៃនេះ លោក សម រង្ស៊ី បាន​ផ្តោតទៅលើ​ករណី​ជនអន្តោប្រវេសន៍​វៀតណាម​កាន់តែ​ច្រើនឡើងៗ កំពុង​បន្ត​រស់នៅ និង​ប្រក​បរបរ​នេសាទ នៅលើ​ទឹកដី​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនបាន​ស្អប់ ឬ​រើសអើង​ជាតិ​សាសន៍​ចំពោះ​ជនជាតិ​វៀតណាម​នោះទេ តែ​ចាំបាច់​ណាស់​ដែល​ខ្មែរ​ត្រូវមាន​ការប្រុងប្រយ័ត្ន ឬ​ការពារ​ជាមុន​ចំពោះ​ការឈ្លានពាន​របស់​ប្រទេស​យួន ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​មកលើ​ប្រទេស​កម្ពុជា​។ ការបញ្ជាក់​របស់ លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​កើតឡើង​ស្រប​ពេលដែល​ប្រទេស​វៀតណាម​បន្ត​ឈ្លានពាន​កម្ពុជា​នៅឡើយ​។​

​គួររំលឹកថា កន្លងមក លោក សម រង្ស៊ី បាន​ថ្លែង​សារ​នយោបាយ​ដោយ​ពន្យល់ថា ជនជាតិខ្មែរ​ដែលជា​អ្នក​ស្រឡាញ់​ជាតិ​ពិតប្រាកដ ចង់​ឲ្យ​ខ្មែរ​ទាំងអស់​ជានា​គ្នា​និង​រួបរួមគ្នា ដើម្បី​ការពារ​ទឹកដី​ខ្មែរ​ឲ្យ​បាន​គង់វង្ស​។ ទន្ទឹមនឹងនេះ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា​ប្រទេស​យួន​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា​កាលពី​អតីតកាល ហើយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹកដី​ជាច្រើន​ខេត្ត​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ជនជាតិខ្មែរ​យើង​មិនមាន​គំនិត​ប្រកាន់ពូជសាសន៍ ចំពោះ​ជនជាតិ​យួន ឬ​វៀតណាម ព្រមទាំង​ជាតិ​សាសន៍​ផ្សេងៗ​ឡើយ​។ តែ​យើង​ប្រឆាំង​ដាច់ខាត ចំពោះ​នយោបាយ​ឈ្លានពាន ឬ​នយោបាយ​វាតទី ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ឬ​រដ្ឋាភិបាល​ណាមួយ របស់​ប្រទេសជិតខាង​ណាមួយ នៅពេល​ណាមួយ ដែល​យើង​រងគ្រោះ​ដោយសារ​នយោបាយ​បែបនេះ​៕

13718745_1150445661678832_7981289707307158005_n Kinh-Peoples-in-Tonle-Sap-of-Cambodia 102