តាំងខ្លួន​ជា​ប្អូន​ជំទាវ បោក​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ហើយ​នាំ​នារី​ក្រមុំ​ម្នាក់​ទៅ​បាត់

តាំងខ្លួន​ជា​ប្អូន​ជំទាវ បោក​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ហើយ​នាំ​នារី​ក្រមុំ​ម្នាក់​ទៅ​បាត់



ខេត្តមណ្ឌលគិរី ៖ ព្រះសង្ឃ​និង​គណៈ កម្ម​ការ​អាចារ្យវត្ត ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​គិរី​វនា​រាម ស្ថិត​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កំពុង​មាន​កង្វល់​យ៉ាង​ខ្លាំង ខណៈ​ម្ចាស់​អំណោយ ដែល​មក​អះអាង​ថា​ជួយ ឧបត្ថម្ភ​កសាង​របង​វត្ត និង​ចាក់​បំពេញ​ដី​ក្នុង​ទីធ្លាវត្ត ដែល​បាន​បញ្ជា​ទិញ​សម្ភារ និង​គ្រឿងសំណង់​អស់​ជា​ច្រើន​លាន​រៀល​យក​មក​គរ​ទុក​ត្រៀម​ធ្វើ​របង​វត្ត​មិន​ទាន់​ឲ្យ​លុយ​គេ បែរជា​រត់គេច​ខ្លួន​បាត់​ស្រមោល ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ត្រូវ​ជំពាក់​លុយ​គេ​វ័ណ្ឌក​ឆាន់​បាយ​លែង​ចូល​ទៅ​ហើយ ។

រឿងហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២២ ខែសីហា ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​បង្ក​ឲ្យ​មហាជន​មានការ​ហួសចិត្ត​គ្រប់​គ្នា​ៗ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ។ គ្រប់​គ្នា​ជ្រួលច្របល់ ខណៈ​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ម្ចាស់​អំណោយ និង​អួត​ថា​ជា​តំណាង​ឲ្យ​លោក​ជំទាវ​ម្នាក់ ដែល​នៅ​មើល​ការ​ទទួលខុសត្រូវ និង​ចាំ​បញ្ជា​ទិញ​គ្រឿងសំណង់ បាន​រត់គេច​បាត់​ពី​វត្ត​គិរី​វនា​រាម កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ថែម​ទាំង​លួច​យក​ម៉ូតូ​របស់​លោកតា​អាចារ្យ​មួយ​គ្រឿង និង​នាំ​នារី​ជា​កម្មករ​ដាំបាយ​ឲ្យ​ក្រុម​ជាងសំណង់​ទៅ​បាត់​ម្នាក់​ផង​ដែរ ។

លោកតា បឿន សំ​អុល គណៈកម្មការ​វត្តមាន​ប្រសា​ស​ន៏​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា កន្លង​ទៅ ព្រះ​មេគណ​ខេត្ត​បាន​នាំ​បុរស​ម្នាក់​ឈ្មោះ លី ឡេ​ក ទៅ​ដល់​វត្ត​គិរី​វនា​រាម ជួប​ព្រះសង្ឃ​គង់នៅ​វត្ត​នេះ និង​គណៈកម្មការ​វត្ត ដើម្បី​សុំ​ជួយ​កសាង​របង និង​ចាក់​ដី​បំពេញ​ទីធ្លា​វត្ត​ឲ្យ​ធំ​ទូលាយ ។ លោកតា​បន្ត​ថា ក្រោយ​ពី​បាន​ពិនិត្យ​និង​ព្រមព្រៀង​គ្នា​ពី​គំរូ​ប្លង់​រួច គឺ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​៣០​ម៉ឺន​ដុល្លារ ។ ពេល​នោះ​សកម្មភាព​សាងសង់​របង​វត្ត និង​ការ​ចាក់​បំពេញ​ដី​ក៏​បាន​ចាប់ផ្តើម​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​២២ ខែសីហា ដោយ​ឈ្មោះ លី ឡេ​ក បាន​ទាក់ទង​ទិញ​គ្រឿងសំណង់ ខ្សាច់ ថ្ម ស៊ីម៉ង់ត៍ ដែក ឥដ្ឋ ពី​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង​ក្នុង​ឃុំ​ពូ​ជ្រៃ ដោយ​ម្ចាស់​គ្រឿងសំណង់​នោះ​ដឹក​យក​ទៅ​ទម្លាក់​នៅ​ពេញ​ក្នុង​បរិវេណ​វត្ត ដើម្បី​ឲ្យ​ក្រុម​ជាង​ចាប់ធ្វើការ​សាងសង់​បណ្តើរ​ៗ ដោយ​ជំពាក់​លុយ​ថ្លៃ​គ្រឿងសំណង់​សិន សូ​ម្បី​មួយ​រៀល​មិន​ទាន់​បាន​សង​ផង ។

ក្រៅពី​ទិញ​គ្រឿងសំណង់​ជំពាក់​គេ​ប្រមាណ​ជាង​៥០​លាន​រៀល ឈ្មោះ លី ឡេ​ក ក៏​បាន​ឲ្យ​គណៈកម្មការ​វត្ត​គិរី​វនា​រាម ជួយ​ទាក់ទង​ទៅ​ម្ចាស់​គ្រឿងចក្រ​ឈូស​ឆាយដី ឲ្យ​មក​កាយ​ដី​ចាក់​បំពេញ​ក្នុង​ទីធ្លា​វត្ត ដោយ​សន្យា​នៅ​ពេល​ចាក់​បាន​ចំនួន​៥០០​រថយន្ត​ចាំ​ទូទាត់​គ្នា​ម្តង ហើយ​តាម​គម្រោង​ត្រូវ​ចាក់​១.៥០០​រថយន្ត ។

លោក គា អឿ​ង ម្ចាស់​គ្រឿងចក្រ​បាន​ឲ្យ​ដឹង​ថា ដោយសារ​មានការ​ទុកចិត្ត​លើ​លោកតា​គណៈកម្មការ​វត្ត និង​សំអាង​លើ​លិខិត​កិច្ចសន្យា ដែល​ធ្វើ​រួម​គ្នា​រវាង​រូប​គាត់​(​គា អឿ​ង​)​ជាមួយ​ឈ្មោះ លី ឡេ​ក និង​មានការ​ដឹង​ឮ​ធានា​ពី​គណៈកម្មការ​វត្ត​គិរី​វនា​រាម​ផង គាត់​ក៏​បាន​ដឹក​គ្រឿងចក្រ​សម្រាប់​កាយ​ដី ដឹក​ជញ្ជូន​ដី និង​ឈូស​ពង្រាបដី​យក​ទៅ​ដាក់​នៅ​វត្ត​ដើម្បី​ធ្វើ​សកម្មភាព​តាម​កិច្ចសន្យា ។

ម្ចាស់​គ្រឿងចក្រ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចសន្យា​ដែល​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ថា យោង​តាម​ម្ចាស់​ថវិកា​ឈ្មោះ​ជំទាវ លី ពា និង​តំណាង​ឈ្មោះ លី ឡេ​ក ព្រមទាំង​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ បាន​សម្រេច​ឲ្យ​ឈ្មោះ គា អឿ​ង ចាក់​ដី​នៅ​ក្នុង​តម្លៃ​មួយ​រថយន្ត​៥​ម៉ឺន​រៀល ។ ការ​ចាក់​ដី​ក្នុង​បរិវេណ​ទីធ្លា​វត្ត​ឲ្យ​ស្អាត​បាន​ចំនួន​៥០០​រថយន្ត ទើប​គិត​ប្រាក់​ម្តង ដោយ​ចាប់ផ្តើម​ចាក់​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ រហូត​ដល់​គ្រប់​១.៥០០​រថយន្ត ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​គេ​បានឃើញ​ឈ្មោះ លី ឡេ​ក ទាក់ទង​ទៅ​ព្រះ​មេគណ​ខេត្ត ដោយ​បាន​សួរនាំ​លោក​ពី​បញ្ហា​វត្ត​ដែល​ជួប​ការ​ខ្វះខាត ដើម្បី​នាំ​យក​អំណោយ​របស់​លោក​ជំទាវ ទៅ​សាងសង់​ប្រគេន​លោក​តាម​តម្រូវការ ។ ចំណែក​ព្រះ​មេគណ​ខេត្ត ដោយ​មាន​សប្បុរសជន​ចង់​ជួយ​កសាង​វត្ត​អារាម​បែប​នេះ ក៏​បាន​ណែនាំ​ឈ្មោះ លី ឡេ​ក ឲ្យ​ទៅ​ជួយ​កសាង​សមិទ្ធផល​នានា​ដល់​វត្ត​គិរី​វនា​រាម ដែល​កន្លង​មក​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ភ្លើង​ឆេះ​សាលាឆាន់​អស់​គ្មាន​សល់ គប្បី​ត្រូវ​តែ​ជួយ​វត្ត​នោះ​តែ​មិន​នឹក​ស្មានថា បែរជា​នាំទុក្ខ​ដល់​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​នេះ​ឲ្យ​ជំពាក់​លុយ​គេ​ទៅ​វិញ ។

ជា​ការ​ហួសចិត្ត បុរស​ឈ្មោះ លី ឡេ​ក ដែល​មិន​មាន​អ្នក​ណា​ស្គាល់​ប្រភព​ថា មក​ពី​ទីណា​ទេ បាន​ធ្វើ​ឱ្យ​គេ​ជឿ​ស្លុង ។ មិន​ត្រឹមតែ​បោក​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ​ធ្វើ​សំណង់​ជាង​២០០​រូប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បោក​បញ្ឆោត​យក​ម៉ូតូ​មួយ​គ្រឿង​របស់​តា​អាចារ្យ រួម​នឹង​ក្មេង​ស្រី​ក្រមុំ​ម្នាក់​ទៅ​បាត់​ទៀត​ផង ។

បើ​តាម​ម្តាយធំ​របស់​ក្មេង​ស្រី​ឲ្យ​ដឹង​ថា នាង​ឈ្មោះ រតនា អាយុ​ជិត​២០​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​មក​ធ្វើការ​ជា​អ្នក​ដាំបាយ​ឲ្យ​ឈ្មោះ លី ឡេ​ក និង​ជាង​ធ្វើ​សំណង់ ទើបបាន​ប្រមាណ​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ឈ្មោះ លី ឡេ​ក នាំ​យក​ទៅ​បាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែកញ្ញា មិនដឹង​សុខទុក្ខ​យ៉ាងណា​ទេ បាត់​ដំណឹង​ឈឹង ។

មហាជន​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ធ្វើ​នំ​អត់​ម្សៅ​របស់​បុគ្គល​ឈ្មោះ លី ឡេ​ក ដែល​បាន​បោកប្រាស់​ព្រះសង្ឃ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដ្បិត​គេ​ពិតជា​មាន​ជំនាញ​ខ្លាំង​ណាស់ ព្រោះ​មិនមែន​បោក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទេ គឺ​បោក​ពេញ​មួយ​ឃុំ​តែ​ម្តង ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​របស់​ឈ្មោះ លី ឡេ​ក ថា​ជា​ឈ្មោះ​ពិត ឬ​ក្លែងក្លាយ​នៅឡើយ ខណៈ​ឈ្មោះ​របស់​លោក​ជំទាវ លី ពា ក៏​មិនដឹង​ថា ជា​ឈ្មោះ​ក្លែងក្លាយ ឬ​ពិតប្រាកដ​ដែរ ។ ហេតុ​អ្វី​មិន​ឆ្ងល់? ឈ្មោះ លី ឡេ​ក សន្យា​ជួយ​កសាង​វត្ត មាន​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ខ្លួនឯង​សូ​ម្បី​កង់​អត់​មាន​ជិះ​ផង ដើរ​ចង់​«​យារ​ពង​»​ទៅ​ហើយ នៅ​តែ​គេ​ជឿ​ទៀត ពិតជា​អស្ចារ្យ​មែន ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក មេត្តា​ជួយ​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​គិរី​វនា​រាម​ផង ព្រោះថា ករណី​នេះ​កំពុង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជាប់បំណុល​ម្ចាស់ផ្ទះ​លក់​គ្រឿងសំណង់​ជាង​៥០​លាន​រៀល និង​ថ្លៃ​ចាក់​ដី​៨​លាន​រៀល ។ នេះ​មិន​ទាន់​រាប់​ថ្លៃ​ពលកម្ម​របស់​ជាង​ធ្វើ​សំណង់​ជាង​១០០​នាក់ ដែល​បាន​ខិតខំ​ធ្វើការ​អស់​ជាង​១០​ថ្ងៃ​មក​ហើយ មិន​ទាន់​បាន​ប្រាក់​កម្រៃ សូ​ម្បី​មួយ​កាក់​មួយ​សេន (​ក្នុង​ម្នាក់​ធ្វើការ​មួយ​ថ្ងៃ​បាន​ថ្លៃ​ឈ្មួ​ល​៣៥.០០០​រៀល ) ។

ជាង​នេះ​ទៀត អ្នកស្រុក​បាន​ស្នើ​ដល់​ក្រសួង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ខេត្ត ក្រុង ជួយ​ស្វែងរក​ឈ្មោះ លី ឡេ​ក ឲ្យ​ឃើញ​ផង ដើម្បី​ឲ្យ​ច្បាប់​ចាត់ការ​លើ​ជនខិលខូច​នេះ កុំ​ឲ្យ​ដើរ​ធ្វើ​សកម្មភាព​បោកប្រាស់​គេ​តទៅ​ទៀត ។ ជា​ពិសេស ពួក​គាត់​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​រក​ក្មេង​ស្រី​ដែល​ត្រូវ​ឈ្មោះ​ខាងលើ​បោក​យក​ទៅ​ជាមួយ​ផង ព្រោះ​ពេល​នេះ​គ្រួសារ​នាង​បាន​តាម​រក​ច្រើន​កន្លែង​ហើយ​មិន​ទាន់​ឃើញ​ទេ ហើយ​ជីវភាព​គ្រួសារ​របស់​នាង​ក៏​មានការ​ខ្វះខាត​ខ្លាំង​ណាស់​ដែរ ។

ព័ត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បាន​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ថា សមត្ថកិច្ច​មិន​ទាន់​ទទួល​បាន​ពាក្យបណ្តឹង​ពី​ព្រះសង្ឃ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅឡើយ​ទេ ។

ដល់​ពេល​ឈ្មោះ លី ឡេ​ក បោក​ស្រស់​បែប​នេះ ទើប​គ្រប់​គ្នា​ភ្ញាក់ខ្លួន សូ​ម្បី​រូបថត​ឈ្មោះ លី ឡេ​ក ក៏​គ្មាន​អ្នក​ណា​មាន​ដែរ គឺ​ស្គាល់​តែ​មុខ ស្គាល់​តែ​ឈ្មោះ ប៉ុន្តែ​គ្មាន​រូបថត​អ្នក​បោក​នេះ​ទាល់តែ​សោះ ។ បើ​អត់​រូបថត​បែប​នេះ ឱ្យ​ជួយ​រក​ម៉េច​ឃើញ​ទៅ ? សូ​ម្បី​ឈ្មោះ លី ឡេ​ក ក៏​មិន​ប្រាកដ​ថា​ជា​ឈ្មោះ​ពិត​ដែរ ។ បើ​តែ​យ៉ាងហ្នឹង ល្មម​ត្រូវ​ចាញ់បោក​គេ​មែនហើយ ៕