សែងបណ្តើរយំបណ្តើរគ្រប់គ្នា មិនគួរណាសោះ…!

រាជ​ធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​ស្រី​ចំនួន​៥​នាក់​​ត្រូវជាបងប្អូន​ជីដូនមួយ​​គ្នា ​ដោយ​បបួល​​ដើរ​លេង​តាម​វាលស្រែ ​បន្ទាប់​មក​២​នាក់​បាន​ត្រឡប់​មក​ផ្ទះ​​មុន ​សល់​៣​នាក់​​​នាំ​គ្នា​ចុះ​ងូតទឹក​លេង​​ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​​កន្លែង​ជ្រៅ ​បណ្តាល​ឱ្យ​​លង់​ស្លាប់​​តែម្តង ។ រីឯ​​២​នាក់​ទៀត​​​​នាំ​គ្នា​រត់​ឡើង​គោ​ទៅ​ប្រាប់​​ឪពុក​ម្ដាយ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​ទាំង​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ រត់​ចុះទៅ​​ស្រង់​​​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​ដាក់​ក្នុង​អង្រឹង​សែង​យក​ទៅ​ផ្ទះ​​ ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី០​៧ ​កញ្ញា ​២០១៦ ស្ថិតនៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ មុខ​វត្ត​គោក​ខ្សាច់​ ក្នុង​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​​ប្រុស​ដែលស្លាប់​​ឈ្មោះ​​ឈ​ន សំណាង អាយុ​១៣​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ​ឈ​ន ទូច អាយុ​៤២​ឆ្នាំ ជាអ្នកបើកបរ​រថយន្ត និងម្តាយ​ឈ្មោះ​ណុ​ប ស្រី​នាង អាយុ​៤៣​ឆ្នាំ​ ជាកម្មករ​​រោងចក្រ រស់នៅ​​ក្នុងភូមិ​កើតហេតុ​ ។

តាម​ប្រភព​ដដែល​​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ ​រួម​ជា​មួ​យប្អូនស្រី​បង្កើត​​ម្នាក់ និង​ក្មេង​ៗ​​ដែល​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ៣​នាក់​ទៀត ​សរុប​៥​នាក់ ​​នាំ​គ្នា​ទៅ​ដើរ​លេង​នៅវាលស្រែ ​ត្រង់​ចំណុច​កើតហេតុ​នោះ ។ ​​ក្រោយមក​ ក្មេង​២​នាក់​​​ត្រឡប់​ទៅ​ផ្ទះ​មុន​បាត់ នៅ​សល់​ក្មេងប្រុស​រង​គ្រោះ រួម​ជាមួយ​ប្អូនស្រី​បង្កើត​របស់​គេ​​ម្នាក់ និង​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ម្នាក់​ទៀត បាន​នាំ​គ្នា​ចុះ​ងូត​ទឹក​ស្រះ​នោះ​ ។

ខណៈនោះ ​ក្មេង​ប្រុស​រង​គ្រោះបាន​រអិល​ជើង​ចូល​ទៅ​កន្លែង​ជ្រៅ ទើប​លង់​និង​លិច​បាត់​ទៅ​ក្នុង​ទឹក ។ ដោយឡែក​ ប្អូនស្រី​​ និង​ក្មេង​ប្រុស​​ម្នាក់​ទៀត ឃើញ​បែប​នេះ ​ក៏​​នាំ​គ្នា​រត់​ឡើងគោកទៅ​ប្រាប់​ឪពុក​ម្ដាយ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែម្តង ​។​