គម្លាត​អាយុ​ពី​គ្នា​ប៉ុន្មាន​ឆ្នាំ ទើប​ស្នេហា​មិន​ងាយ​រង្គោះ​រង្គើ?

មនុស្ស​ភាគ​ច្រើន​តែង​និយាយ​ថា អាយុ​គ្រាន់​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ នៅ​ក្នុង​រឿង​ស្នេហា ឲ្យ​តែ​ពួក​គេ​ស្រលាញ់​គ្នា​ពិត​ប្រាកដ ប៉ុន្តែ​គម្លាត​អាយុ​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​ស្នេហា​មាន​ការ​រង្គោះ​រង្គើ ឬ​ស្ថិត​នៅ​យូរ​អង្វែង​បាន។

 

គម្លាត​អាយុ​ពី​គ្នា​ប៉ុន្មាន​ឆ្នាំ ទើប​ស្នេហា​មិន​ងាយ​រង្គោះ​រង្គើ?

 

បើ​យោង​តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ សកលវិទ្យាល័យ Emory University នៅ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា គម្លាត​អាយុ​របស់​គូ​ស្នេហ៍ អាច​បង្កើន​ឱកាស​នៃ​ទំនាក់​ទំនង​របស់​ពួក​គេ​ឲ្យ​រង្គោះ​រង្គើ ឬ​ស្ថិត​នៅ​យូរ​អង្វែង​បាន។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស ចំនួន ៣ ០០០​នាក់ និង​បាន​រក​ឃើញ​ថា គម្លាត​អាយុ​ពី​គ្នា​កាន់​តែ​ច្រើន ហានិភ័យ​នៃ​ការ​បែក​បាក់​ក៏​កាន់​តែ​ខ្លាំង​ដែរ។

 

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ទៀត​ថា គូ​ស្នេហ៍​ដែល​មាន​គម្លាត​អាយុ ៥​ឆ្នាំ​ពី​គ្នា មាន​ហានិភ័យ​នៃ​ការ​បែក​បាក់ ច្រើន​ជាង​គូ​ស្នេហ៍​ដែល​មាន​អាយុ​ស្របាល​គ្នា រហូត​ដល់​ទៅ ១៨​ភាគរយ ខណៈ​គម្លាត​អាយុ ១០​ឆ្នាំ មាន​រហូត​ដល់​ទៅ ៣៩​ភាគរយ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ គូ​ស្នេហ៍​ដែល​មាន​គម្លាត​អាយុ ២០​ឆ្នាំ​ពី​គ្នា ស្ថិតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែក​បាក់ រហូត​ដល់​ទៅ ៩៥​ភាគរយ​ឯណោះ។

 

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា គម្លាត​អាយុ​ត្រឹម ១​ឆ្នាំ​ពី​គ្នា គឺ​ជា​ចំណុច​ផ្អែម​ល្ហែម​បំផុត មាន​ន័យ​ថា ឱកាស​នៃ​ការ​បែក​បាក់​របស់​គូ​ស្នេហ៍​នោះ មាន​ត្រឹម​តែ ៣​ភាគរយ​តែ​ប៉ុណ្ណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា វា​គ្រាន់​តែ​ជា​គំរូ នៃ​ការ​សិក្សា​តែ​ប៉ុណ្ណោះ ខណៈ​គូ​ស្នេហ៍​និមួយៗ មាន​ភាព​ខុសៗ​គ្នា ដូច​ជា បុគ្គលិក​លក្ខណៈ និង​ឥរិយាបថ ជា​ដើម ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​សិក្សា​នេះ៕

 

គម្លាត​អាយុ​ពី​គ្នា​ប៉ុន្មាន​ឆ្នាំ ទើប​ស្នេហា​មិន​ងាយ​រង្គោះ​រង្គើ?

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ cosmopolitan