កីឡា​សក្តានុពល​ចំនួន​៥​ប្រភេទ កំពុង​បង្កើន​ការហ្វឹក​​ហាត់ ត្រៀម​​ទៅ​ប្រកួត​កីឡាអាស៊ី​ឆ្នេរ​ខ្សាច់

កីឡាដ៏​មាន​សក្តានុភាព​របស់​​កម្ពុជាចំនួន៥ រួម​មាន​ចំបាប់ ប៉េតង់ បាល់​ទេះលើ​​ឆ្នេរ​ខ្សាច់ ល្បុក្កតោ និងវ៉ូវីណាម កំពុង​តែ​បង្កើន​ការ​ហ្វឹក​ហាត់យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ត្រៀម​ទៅ​ប្រកួត​ប្រជែង​យក​មេដាយ​ជូន​ជាតិ ក្នុងការ​ប្រកួត​កីឡាអាស៊ី​ឆ្នេរខ្សាច់ លើក​ទី​៥ ឆ្នាំ​២០១៦(5th Asian Beach Games 2016) នៅ​ប្រទេស​វៀតណាម ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា​នោះ។

mm1

បើ​តាម​លិខិត​ឧទ្ទេស​នាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​កីឡា មន្រ្តី​កីឡា​ គ្រូ​បង្វឹក និង​អត្ត​ពលិក​​សរុប​ចំនួន​៦១​នាក់ ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រកួតកីឡាអាស៊ីឆ្នេរ​ខ្សាច់​នេះ ដោយ​ក្នុង​នោះ ​កីឡា​​បាល់​ទះលើ​ឆ្នេរ​ខ្សាច់ មាន​​កីឡាករ​​២​នាក់ និង​គ្រូ​បង្វឹក​​១នាក់ ​កីឡាវ៉ូវីណាម មាន​កីឡាករ​៧នាក់ កីឡាការិនី​៣​នាក់ និង​គ្រូ​បង្វឹក​២​នាក់ កីឡាប៉េតង់ មានកីឡាករ​៩​នាក់ កីឡាការិនី​៩​នាក់ និង​គ្រូ​បង្វឹក​២​នាក់ កីឡាចំបាប់ មានកីឡាករ៣​នាក់ កីឡាការិនី​២​នាក់ និង​គ្រូ​បង្វឹក​​២​នាក់ ឯ​កីឡា​ល្បុក្កតោ មាន​កីឡាករ​៤​នាក់ ​កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់ ហើយ​ក្រៅ​ពី​នោះ​ជា​ថ្នាក់​ដឹង​នាំ​កីឡា និង​មន្រ្តី​កីឡាទៅ​តាម​ជំនាញ​ផ្សេងៗ​ទៀត។

mm2

យ៉ាង​ណា​ក៏ដោយ លោក លន់ សាមឌី នាយ​បេសកកម្ម​ការ​ប្រកួត​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អត្ត​ពលិក នៅ​លើ​ប្រភេទ​កីឡា​ទាំង​៥​របស់​កម្ពុជា​នេះ ត្រូវ​ចេញ​ទៅ​ប្រកួត​ខុស​គ្នា ដោយ​ក្នុង​នោះ​ក្រុម​ប៉េតង់ និង​បាល់​ទះ​ឆ្នេរខ្សាច់ ត្រូវ​ចេញ​ទៅ​មុន​គេ​គឺ​នៅ​ថ្ងៃទី​២៣ ឯក្រុម​ល្បុក្កតោ ចេញ​ទៅ​នៅ​ថ្ងៃទី​២៧ ហើយ​ក្រុម​ចំបាប់ និង​វ៉ូវីណាម ត្រូវចេញ​ទៅ​ក្រោយ​គេ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា។

គួរ​រំឭក​ថា ​កីឡាការិនី​ចំបាប់ និ សំណាង គឺ​ជា​អត្ត​ពលិក​របស់​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ជា​លើក​ដំបូង​ ក្នុង​ការ​ប្រកួត​កីឡាអាស៊ី​ឆ្នេរខ្សាច់ លើក​ទី​៤ នៅ​ប្រទេសថៃ កាល​ពី​ឆ្នាំ​២០១៤ ឯ​​​ក្រុម​បាល់​ទះលើ​ឆ្នេរខ្សាច់ ក៏​ធ្លាប់​​មាន​បទ​ពិសោធ​ចូល​រួម​ការ​​ប្រកួត​នេះ​ផង​ដែរ ប៉ុន្តែ​​ក្រុម​ប៉េតង់ វ៉ូវីណាម និង ល្បុក្កតោ មិន​ធ្លាប់​បាន​ចូល​រួម​​ការ​ប្រកួតនេះទេ។

mm3

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ កម្ពុជា ហាក់​មានសង្ឃឹម​ខ្ពស់ ក្នុង​ការ​ឈ្នះ​បាន​មេដាយ​ ព្រោះ​​ប្រភេទ​កីឡា​ទាំង​៥ ដែល​ត្រូវ​បាន​​សម្រេច​បញ្ជូន​ទៅ​ចូល​រួម​លើក​នេះ គឺ​សុទ្ធ​តែ​ប្រភេទ​កីឡា​មាន​សក្តានុពល ដូចជា ប៉េតង់ ល្បុក្កតោ និង​​​វ៉ូវីណាម ព្រោះ​ប្រភេទ​កីឡា​ទាំង​នេះ សុទ្ធ​តែ​ធ្លាប់​ដណ្តើម​បានមេដាយ​កម្រិត​អាស៊ី និង​ពិភព​លោក ខណៈ​ពេល​នេះ​ក្រុម​វ៉ូវីណាម​កម្ពុជា កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​វៀតណាម​តែ​ម្តង ហើយ​​ក្រុម​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ ក៏​ចេញ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ដែរ៕

The post កីឡា​សក្តានុពល​ចំនួន​៥​ប្រភេទ កំពុង​បង្កើន​ការហ្វឹក​​ហាត់ ត្រៀម​​ទៅ​ប្រកួត​កីឡាអាស៊ី​ឆ្នេរ​ខ្សាច់ appeared first on CamboSport.