អាសូរ​ណាស់ ! ជិះ​តាក់ស៊ី​តាំងពី​ខេត្ត​មក​ដល់​ភ្នំពេញ ស្រាប់តែ​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​រួម​ជាមួយ​ប្រពន្ធ​និង​កូន​២​នាក់​បាន​ជិះ​តាក់ស៊ី​មក​ដល់​ភ្នំពេញ រួច​ក៏​សម្រាក​ហូប​បាយ​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​៤​នាក់​កូន​បាន​ជិះ​តាក់ស៊ី​ពី​ខេត្ត​មក​ភ្នំពេញ​លុះដល់​ចំណុច​កើតហេតុ​តាក់ស៊ី​ក៏​ឈប់​ដាក់​មនុស្ស​ចុះ ពេល​នោះ​ពួក​គាត់​ក៏​សម្រាក​ហូប​បាយ​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​សិន ខណៈ​កំពុង​ហូប​បាយ​ជុំ​គ្នា​ជាមួយ​ប្តី​និង​កូន​២​នាក់ ស្រាប់តែ​ប្តី​របស់​គាត់​ប្រហែលជា​ខ្យល់គ​ក៏​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាម​ៗ​ចោល​ប្រពន្ធ​កូន​ឲ្យ​រស់នៅ​កណ្តោចកណ្ដែង ។

ទោះបីជា​យ៉ាងណា​ប្រភព​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ និង​ខេត្ត​ដែល​ពួក​គាត់​រស់នៅ​ឡើយ ព្រោះ​ពួក​គាត់​កំពុង​សោកសៅ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្តី​របស់​គាត់​ស្លាប់​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ដើម្បី​ចុះ​មក​ត្រួតពិនិត្យ​សព​ផង​ដែរ ៕