ពោត​ធ្លាក់​ថ្លៃ​ខ្លាំង ក្រសួង​ចង់​រក​​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​ឲ្យ​កសិករ

ពោត​ ចាប់​ផ្ដើម​ធ្លាក់​ថ្លៃ​បន្ទាប់​ពី​ថៃ​បាន​រឹត​បន្តឹង​មិន​ឲ្យ​នាំ​ចូល​ដើម្បី​រក្សា​តម្លៃ​ពោត​ក្នុង​ស្រុក​របស់​គេ ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ជា​ច្រើន​កើត​ក្ដី​កង្វល់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ក្រសួង​ពាណិជ្ជកម្ម​ចង់​ស្វែង​រក​ក្រុមហ៊ុន​វិនិយោគ​លើ​ចំណី​សត្វ ដែល​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​នៅ​ក្នុង​ស្រុក​ឲ្យ​កសិករ។

 

ពោត​ធ្លាក់​ថ្លៃ​ខ្លាំង ក្រសួង​ចង់​រក​​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​ឲ្យ​កសិករ

 

 

លោក ម៉ៅ ថូ​រ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​ថា​ក្រៅ​ពី​ថៃ​ កម្ពុជា​នៅ​មាន​វៀតណាម​ដែល​រង់​ចាំ​ទិញ​ពោត​ពី​កសិករ តែ​ទី​ផ្សារ​ហាក់​នៅ​ឆ្ងាយ​ពេក។ ដូច្នេះ​ហើយ​ក្រសួង​ចង់​រក​ក្រុមហ៊ុន​ដែល​វិនិយោគ​ផលិត​ចំណី​សត្វ ដើម្បី​ទប់​ស្កាត់​នៅ​ពេល​ប្រទេស​ថៃ​បិទ​មិន​ឲ្យ​នាំចូល​ធ្វើ​ឲ្យ​ដំណាំ​ធ្លាក់​ថ្លៃ។ លើស​ពី​នេះ ក្រសួង​ក៏​នឹង​​គ្រោង​បង្កើត​សមាគម​តាម​បណ្ដា​ខេត្ត​ដើម្បី​ឲ្យ​កសិករ​អាច​ពិភាក្សា​នៅ​ពេល​មាន​បញ្ហា​ចោទ​ណា​មួយ​ ក្រសួង​អាច​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។ ក៏​ប៉ុន្តែ ការ​ពិបាក​ក្នុង​ការ​រក​ក្រុម​ហ៊ុន​វិនិយោគ​នេះ ក៏​ជា​បញ្ហា​ខ្លាំង​សម្រាប់​ក្រសួង​ផង​ដែរ ដោយ​សារ​ទីផ្សារ​អ្នក​វិនិយោគ​នៅ​កម្ពុជា​​លើ​ផ្នែក​នេះ​មិន​ទាន់​​ទូលំទូលាយ​នៅ​ឡើយ។

 

លោក ម៉ៅ ថូ​រ៉ា បន្ថែម​ថា ក្រសួង​ចង់​បង្កើន​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ ម្ល៉ោះ​ហើយ​សូម​ឲ្យ​កសិករ​ទាក់ទង​មក​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ក្នុង​ការ​បង្កើត​សមាគម។​

 

​​​​កាល​ពី​ថ្មី​ៗ​នេះ ល្ពៅ រួម​ទាំង​ត្រឡាច​​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​ពេលនេះ​ដំណាំ​ពោត កំពុង​រង​នូវ​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​គ្នា។ ចាប់​ពី​ថ្ងៃ​១​កញ្ញា​មក ថៃ​ចាប់​បន្តឹង​តាម​ព្រំដែន មិន​ឲ្យ​កសិផល​ខ្មែរ​នាំ​ចូល​ទៅ​ថៃ​ឡើយ ដោយ​មូល​ហេតុ​ដើម្បី​លើក​កម្ពស់​តម្លៃ​ទីផ្សារ​ពោត​ក្នុង​ស្រុក​ថៃ​។ កសិករ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​បាត់​ប្រាក់​ចំណេញ​ដោយ​សារ​​​​ពោត​មួយ​គីឡូ​ តម្លៃ​ត្រឹម​១ បាត​ប៉ុណ្ណោះ៕
អត្ថបទ៖ លឹម សុ​នា