សោម វិ​ឆ័​យ ជួប​ថៃ ចំណែក ទេស ជីវ៉ា ជួប​ឡាវ នៅ​រេញ CTN ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN ថ្ងៃ​សៅរ៍ ទី​១០ កញ្ញា ខាង​មុខ​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស ។ ជំនួប​រវាង​កីឡាករ​ទាំង​៤​រូប រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​រញ្ជួយ​មិនធម្មតា​ដោយសារ​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ឈ្នះ​រៀងខ្លួន​ដើម្បី​បង្កើន​ក្រេឌីត។ កីឡាករ​កម្ពុជា សោម វិ​ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Tournpe Chor Cheut Chai ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ខណៈ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ChhanakChhai Sanphiyim ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។

កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ កីឡាករ​សោម វិ​ឆ័​យ លើក​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​មិន​ធម្មតា​នោះ​ឡើយ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦៣​ដង ចាញ់​១៥​ដង និង​ស្មើ​២​ដង ក្នុង​ពេល​កីឡាករ​កម្ពុជា​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៤៩​ដង ឈ្នះ​២២​ដង ចាញ់​២១​ដង និង​ស្មើ​៦​ដង ។ ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួតច្រើន​ជាង​កីឡាករ​កម្ពុជា​ជិត​ពាក់កណ្ដាល ក៏​គេ​នៅ​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ​ដោយ​សារ​តែ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ។ ម្យ៉ាងវិញទៀត សោម វិ​ឆ័​យ មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទៀត ។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

ចំណែក​ជំនួប​រវាង​កីឡាករ​កម្ពុជា ទេស ជីវ៉ា ជាមួយ​កីឡាករ​ឡាវ​វិញ​នោះ​គេ​អាច​វាយតម្លៃ បាន​ដោយសារ​តែ​កីឡាករ​ឡាវ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ដង​រួច​មក​ហើយ គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ទេស ជីវ៉ា ប៉ុណ្ណោះ ។ កីឡាករ​ឡាវ​រូប​នេះ​តាមតែ​គេ​ដឹង​គឺ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​ទេ ។ បើ​មើល​លើ​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៤៤​ដង ចាញ់​២០​ដង និង​ស្មើ​២​ដង​របស់​កីឡាករ​ឡាវ ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៣០​ដង ឈ្នះ​១៦​ដង ចាញ់​១៤​ដង​គេ​អាច​វាយតម្លៃ​បាន​ថា ទេស ជីវ៉ា បើ​ចង់​យកឈ្នះ​កីឡាករ​ឡាវ​រូប​នេះ ប្រហែល​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ ម្យ៉ាង ទេស ជីវ៉ា គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន អន្តរជាតិ​របស់​គេ​គឺ​នៅ​ស្ទើរ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​មានចិត្ត​សឿង​គ្រាន់បើ កម្លាំង​ក៏​ខ្លាំង បើ​ទោះជា​ចាញ់​ក៏​ល្អមើល​ដែរ ។

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ ចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ ឈាន ឡុ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ឈិ​ន ធា​រ៉ា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ៕