ពលរដ្ឋ៖ ក្រុមហ៊ុន ម៉ែន សារុន ជួល​ដី​ឲ្យ​វៀតណាម​បង្កបង្កើន​ផល​នៅ​ខេត្ត​ត្បូងឃ្មុំ

សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចេះតែ​បារម្ភ​ចំពោះ​សកម្មភាព​ជួល​ដី​ឱ្យ​ទៅ​ជនជាតិ​វៀតណាម ដែល​នៅ​តែ​បន្ត​កើត​មាន​ឡើង។ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បញ្ជាក់​ថា ពលរដ្ឋ​មិន​ចង់​ជួល​ដី​ឱ្យ​ទៅ​បរទេស​ទេ ពីព្រោះ​ពួកគាត់​ក៏​ស្រលាញ់​ទឹក​ដី ម្យ៉ាង​ក៏​បាន​ដឹង​ពី​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​អំពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​ពួកគាត់​មិន​មាន​ជម្រើស​ល្អ​ជាង​នេះ។ សង្គម​ស៊ីវិល​នៅ​ខេត្ត​ត្បូងឃ្មុំ យល់​ថា សេចក្ដី​ណែនាំ ឬ​បម្រាម​របស់​រដ្ឋាភិបាល​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ ប្រសិនបើ​រដ្ឋ​មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ជា​មុន​នោះ។

ចម្ការ​អំពៅ​នៅ​លើ​ដី​ពលរដ្ឋ​ខ្មែរ​ក្បែរ​ព្រំដែន​វៀតណាម និង​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ម៉ែន សារុន ព្រម​ទាំង​ដី​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ពណ៌​ខៀវស្រងាត់។ ចម្ការ​អំពៅ​ទាំង​នោះ មើល​ដំបូង​គិត​ថា ជា​របស់​ពលរដ្ឋ​ខ្មែរ ឬ​របស់​ក្រុមហ៊ុន​ខ្មែរ​ជា​អ្នក​ធ្វើ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​អំពី​ការ​គិត​នេះ ពីព្រោះ​ចម្ការ​អំពៅ​រាប់​រយ​ហិកតារ​ទាំង​អស់​នោះ គឺ​ជា​របស់​ជនជាតិ​វៀតណាម ដោយ​ពួកគេ​បាន​ជួល​ដី​ពលរដ្ឋ​ខ្មែរ ឬ​ដី​ក្រុមហ៊ុន​ដើម្បី​ដាំ​ដំណាំ​អំពៅ។

មាន​ចម្ការ​អំពៅ​ខ្លះ​ជិត​នឹង​ទទួល​ផល ហើយ​មាន​ខ្លះ​ទៀត ទើប​នឹង​ដាំ​ចន្លោះ​ពី​កន្លះ​ខែ ទៅ ១​ខែ ហើយ​មាន​ខ្លះ​ទៀត​អាច​ដាំ​ពី ៣ ឬ ៤​ខែ​ក៏​មាន។

ពលរដ្ឋ​រស់​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​មេមត់ មិន​ពេញ​ចិត្ត​ឡើយ នៅ​ពេល​ពួកគាត់​ឃើញ​ជនបរទេស​មក​ដាំ​ដំណាំ​កសិកម្ម​លើ​ដី​របស់​ខ្មែរ ហើយ​ពលរដ្ឋ​ម្ចាស់​ស្រុក​ក្លាយ​ជា​កម្មករ​ឱ្យ​ពួកគេ ឬ​ត្រូវ​ចំណាក​ស្រុក​ជាដើម។

ពលរដ្ឋ​រស់នៅ​ឃុំ​ជាំ​ក្រវៀន​មួយ​រូប លោក តែម រី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ម៉ែន សារុន បាន​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម ជា​ច្រើន​រយ​ហិកតារ​ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ផ្សេងទៀត កំពុង​ប្រឈម​កង្វះ​ដី​សម្រាប់​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត។ លោក​បន្ត​ថា ការ​ជួល​ដី​តំបន់​ក្បែរ​ព្រំដែន​ឱ្យ​បរទេស​បែប​នេះ គឺ​ងាយ​បង្កើត​ឱ្យ​មាន​បញ្ហា​នៅ​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន៖ «ក្រុមហ៊ុន​ហ្នឹង ព្រោះ​គាត់​ជា​អ្នក​វិនិយោគ ព្រោះ​ខ្ញុំ​បាទ​ជា​កសិករ​ឃើញ​អ៊ីចឹង​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​ដាច់​អាណត្តិ​​ទៅ​មុខ​ទៀត ហ្នឹង​ខ្លាច​ក្លាយ​ជា​កម្មសិទ្ធិ​របស់​វៀតណាម»

ដី​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ម៉ែន សារុន គឺ​មាន​ដី​មួយ​ចំនួន​បាន​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ប៉ុន្តែ​ចំណែក​ដី​ខ្លះ​ទុក​ទំនេរ​ចោល​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក ហើយ​មាន​ដី​មួយ​ចំណែក​ធំ​ទៀត​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ជួល​បន្ត​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដាំ​ដំឡូង និង​អំពៅ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​ពួកគេ​ភាគ​ច្រើន​យក​ដី​ទាំង​នោះ​ដាំ​អំពៅ។

ចម្ការ​អំពៅ​វៀតណាម ក្រុមហ៊ុន ម៉ែន សារុន ៨៥៥
ចម្ការ​អំពៅ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ដី​ដែល​បាន​ជួល​​ពី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

យ៉ាង​នេះ​ក្តី តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មិន​បាន​បញ្ជាក់​អំពី​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដោយ​លោក​ប្រាប់​ថា ជាប់​រវល់។

ដី​នៅ​បរិវេណ​ចម្ការ​អំពៅ​របស់​ជនជាតិ​វៀតណាម ដែល​ជួល​ពី​ក្រុមហ៊ុន​គឺ​មិន​បាន​ដឹង​ថា មាន​ទំហំ​ប៉ុន្មាន​ហិកតារ​ប្រាកដ​ឡើយ ប៉ុន្តែ​តាម​ការ​ប៉ាន​ប្រមាណ​របស់​អ្នក​ភូមិ​ថា អាច​ចន្លោះ​ពី ៣០០ ទៅ ៥០០​ហិកតារ។ ដី​ដែល​ជនជាតិ​វៀតណាម ជួល​ធ្វើ​ចម្ការ​នោះ គឺ​ធ្វើ​ទៅ​តាម​ដី​ទំនេរ​របស់​ក្រុមហ៊ុន ហើយ​ពួកគេ​ជួល​ដី​ពី​ក្រុមហ៊ុន ម៉ែន សារុន តម្លៃ​ក្នុង​មួយ​ហិកតារ​ចាប់​ពី ១​លាន​រៀល ទៅ ២​លាន​រៀល​ក្នុង​មួយ​ឆ្នាំ អាស្រ័យ​តាម​ប្រភេទ​ដី។

ក្រៅ​ពី​ក្រុមហ៊ុន ម៉ែន សារុន ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ឃុំ​ទន្លូង ព្រម​ទាំង​មាន​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ឃុំ​មួយ​ចំនួន​ទៀត ដូចជា​ឃុំ​ចាន់មូល ឃុំ​រូង ឃុំ​ជាំក្រវៀន ឃុំ​ជាំ ជាដើម សុទ្ធតែ​បាន​ជួល​ដី​របស់​ខ្លួន​ឱ្យ​ជនជាតិ​វៀតណាម ដាំ​ដំណាំ​អំពៅ​ដែរ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ជាំ មួយ​រូប លោក ហ៊ន ឌុល និយាយ​ថា បញ្ហា​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម នៅ​តែ​កើត​មាន​ឡើង បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ឱ្យ​ពួកគាត់​ផ្អាក​សកម្មភាព​ជួល​ដី​ទាំង​នោះ​ក៏ដោយ។ លោក​បន្ត​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​តែ​បន្ត​ជួល​ដី​ឱ្យ​វៀតណាម គឺ​ដោយសារ​ភាព​ទាល់ក្រ ព្រមទាំង​ជំពាក់​បំណុល​គេ ម្យ៉ាង​ផលិតផល​កសិកម្ម​របស់​កសិករ​ខ្មែរ​គឺ​មាន​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ៖ «បើ​និយាយ​ពី​វៀតណាម ចូល​ដី​ខ្មែរ​តាំង​ពី​រក​ស៊ី តាំង​ពី​ជួល​ដី​អី​ហ្នឹង​ខ្ញុំ​បារម្ភៗ​ខ្លាំង​បំផុត​ហើយ។ បារម្ភ​ខ្លាច​អនាគត​ទៅ យើង​ពិបាក​រកមុខ​របរ​អាជីវកម្ម»

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​មេមត់ និង​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដោយ​ពួកគេ​ថា ជាប់​រវល់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់​​នៅ​ជាប់​ព្រំដែន​ឱ្យ​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង ទោះបី​ក្នុង​រូបភាព​ណា​ក៏ដោយ។ ក៏ប៉ុន្តែ​ក្នុង​សារាចរ​បញ្ជាក់​ថា ប្រសិនបើ​ដី​ជួល​ទាំង​នោះ មិន​ទាន់​បញ្ចប់​កិច្ច​សន្យា​ដែល​មាន​ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ គឺ​ពួកគេ​អាច​បន្ត​រហូត​ផុត​កំណត់​បាន។ ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​ផ្ញើ​លិខិត​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោយ​ស្នើ​ឱ្យ​បញ្ឈប់​សកម្ម​ប្រជាពលរដ្ឋ​ខ្លួន​ក្នុង​ការ​ជួល​ដី​ខ្មែរ​បន្ត​ទៀត។

បន្ថែម​ពី​នេះ កាល​ពី​១៦ ខែ​សីហា ឆ្នាំ​២០១៦ ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន បាន​ក្រើន​រំឮក​អំពី​បម្រាម​ចំពោះ​ការ​ជួល​ដី​ទៅ​ឱ្យ​បរទេស រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ថា “ហាម​ដាច់​ខាត​ចំពោះ​ការ​ជួល​ដី​ឱ្យ​ប្រជាជន​វៀតណាម”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ឃុំ​ជាំ មក​ពី​គណបក្ស​ប្រឆាំង លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​របស់​លោក គឺ​មាន​ករណី​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម ទាំង​ការ​ជួល​ដី​ចាស់​មិន​ទាន់​ផុត​អាណត្តិ និង​ការ​ជួល​ដី​នៅ​ពេល​ថ្មីៗ​នេះ។ លោក​មិន​បាន​ដឹង​ថា មាន​ប៉ុន្មាន​គ្រួសារ ឬ​មាន​ប៉ុន្មាន​ហិកតារ​ទេ ព្រោះ​រូបភាព​ជួល​ដី​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ មិន​មាន​អាជ្ញាធរ​ដឹង​ឮ​ឡើយ។

លោក​បញ្ជាក់​ពី​មូលហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួល​ដី​ឱ្យ​ជនជាតិ​វៀតណាម គឺ​ដោយសារ​បញ្ហា​ប្រឈម​របស់​ពួកគាត់​មួយ​ចំនួន ដូចជា ផលិតផល​កសិកម្ម​មា​ន​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ រី​ឯ​ការ​ចំណាយ​ដើម​ទុន​គឺ​ច្រើន។ ចំណែក​ដើមទុន​យក​មក​ប្រើប្រាស់ គឺ​ពលរដ្ឋ​ត្រូវ​ខ្ចី​បុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ប្រាក់​ខ្ពស់។ គ្មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដំណាំ​ត្រឹមត្រូវ ម្យ៉ាង​រាជរដ្ឋាភិបាល​ខ្មែរ​មិន​បាន​គិតគូរ​ជូន​ប្រជាពលរដ្ឋ​ទេ ខុស​គ្នា​ស្រឡះ​ទៅ​នឹង​រដ្ឋាភិបាល​វៀតណាម ដែល​គេ​បាន​គិតគូរ​ជួយ​ពលរដ្ឋ​គេ​ទាំង​ដើម​ទុន ទីផ្សារ និង​បច្ចេកទេស៖ «បាទ! ការ​ពិត​បើសិនជា​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ជួយ​ទំនុកបម្រុង​ដល់​ប្រជាពលរដ្ឋ​យើង គាត់​អត់​មាន​នរណា​ចង់​បាត់បង់​ទឹកដី​ទេ។ ព្រោះ​ពលរដ្ឋ​គាត់​យល់​ដែរ គាត់​មាន​កូន​គាត់​មាន​ចៅ ថ្ងៃ​អនាគត​ទៅ​គាត់​មិន​ចង់​បាត់បង់​ទេ​ទឹក​ដី​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា សារាចរ ឬ​បម្រាម​របស់​លោក​នាយករដ្ឋមន្ត្រី​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ ប្រសិន​រាជរដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ជា​មុន​នោះ។

លោក​លើក​ឡើង​ទៀត​ថា វាលស្រែ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នៅ​ស្រុក​មេមត់ បើ​ស្ថិត​នៅ​ក្នុង​រដូវវស្សា គឺ​មើល​ទៅ​ខៀវ​ស្រងាត់​ដូច​គ្នា ប៉ុន្តែ​បើ​រដូវ​ប្រាំង​វិញ ដីស្រែ​ចម្ការ​របស់​វៀតណាម នៅ​តែ​ខៀវស្រងាត់​ជាប់ រី​ឯ​ស្រែ​ខ្មែរ​ស្ងួត​បែក​ក្រហែង សោះកក្រោះ​តែម្ដង។ លោក​ថា បញ្ហា​នេះ ដោយសារ​រដ្ឋាភិបាល​វៀតណាម យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវការ​ជា​ចាំបាច់​របស់​ពលរដ្ឋ​គេ មិន​ដូច​រាជរដ្ឋាភិបាល​ខ្មែរ​ទេ៖ «បើ​គ្រាន់តែ​និយាយ​មក​ហើយ មិន​បាន​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ កុំ​ថា គាត់​ខ្ញុំ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ក៏​ត្រូវ​ធ្វើ​អ៊ីចឹង​ដែរ ព្រោះ​យើង​អត់​មាន​លទ្ធភាព។ អ៊ីចឹង​ការ​ណែនាំ សារាចរ​ណែនាំ​គឺ​ទាល់តែ​យើង​មក​ទាំង​ព្រម»

​លោក នាង សុវ៉ាត បញ្ជាក់​ថា ចំពោះ​ដី​ក្រុមហ៊ុន​ជួល​ឱ្យ​ទៅ​ជនជាតិ​វៀតណាម វិញ គឺ​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង ពីព្រោះ​នៅ​ក្នុង​ច្បាប់​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​យក​ដី​របស់​ខ្លួន​ដែល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​ទៅ​ជួល​បន្ត​ឱ្យ​ទៅ​ក្រុមហ៊ុន ឬ​ជនបរទេស​ទេ។ លោក​ថា រាជ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​កិច្ចសន្យា​ក្រុមហ៊ុន​ដី​សម្បទាន​នៅ​ស្រុក​មេមត់ ឡើង​វិញ ហើយ​ដក​ហូត​ដី​សម្បទាន​ទាំង​នោះ​ប្រគល់​ឱ្យ​រដ្ឋ ឬ​វិនិយោគ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​តែម្ដង ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​មិន​បាន​គោរព​តាម​ច្បាប់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។