CLEC ផ្ដល់​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​ខេត្ត​បាត់ដំបង

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ៤០​នាក់ តំណាង​ឲ្យ ១៩២​គ្រួសារ នៅ​ថ្ងៃ​ទី​៦ កញ្ញា ចូលរួម​ស្វែង​យល់​អំពី​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ភូមិបាល ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) នៅ​សាលា​បឋម​សិក្សា​ភូមិ​បឹង​៣ នៅ​ឃុំ​បឹងប្រាំ។ ការ​បណ្ដុះបណ្ដាល​នេះ ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​បាន​យល់​ដឹង​ផ្នែក​ច្បាប់​សម្រាប់​ដោះស្រាយ​ជម្លោះ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នក​ចូលរួម​វគ្គ​សិក្សា​ផ្នែក​ច្បាប់​នៅ​ឃុំ​បឹងប្រាំ លើក​ឡើង​ថា ក្រោយ​ពី​បាន​សិក្សា​យល់​ដឹង​ហើយ ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​ចំណេះ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​ក្នុង​មូលដ្ឋាន​នៅ​ពេល​ខាង​មុខ។

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ កញ្ញា។

តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល លោក ឆាន់ មុនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា មូលហេតុ​ដែល​ពួក​គាត់​សំណូមពរ​ដល់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) មក​បង្រៀន​ផ្នែក​ច្បាប់​ភូមិបាល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បឹងប្រាំ ដោយសារ​កន្លង​មក ពួក​គាត់​តែងតែ​ប្រឈម​មុខ​នឹង​ការ​ប្ដឹងផ្ដល់​រឿង​ទំនាស់​ដីធ្លី​ទៅ​តុលាការ​ជា​ប្រចាំ ជាមួយ​ភាគី​ទំនាស់​ដែល​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​នៅ​ពី​ក្រោយ។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​បាន​សិក្សា​ហើយ នឹង​នាំ​យក​ចំណេះ​ដឹង​ទៅ​ដោះស្រាយ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ដើម្បី​បញ្ចៀស​ជម្លោះ​ប្ដឹង​ពួក​គាត់​ឡើង​តុលាការ​នៅ​ថ្ងៃ​ខាង​មុខ៖ «ពីព្រោះ​ដីធ្លី​នេះ​មាន​យើង​បាន​កាន់​ជិត ២០​ឆ្នាំ​មក​ហើយ ចាប់​ផ្ដើម​មាន​ទំនាស់​ឆ្នាំ​២០០៥ មក តុលាការ​តែង​កោះ​ហៅ​ពួក​ខ្ញុំ​ទៅ​សាកសួរ​ជា​បន្តបន្ទាប់»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី សាទរ​ទៅ​នឹង​ការ​សិក្សា​ស្វែង​យល់​ពី​ច្បាប់​ភូមិបាល​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​សិក្សា​នេះ​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ ប្រសិន​បើ​ពលរដ្ឋ​ទាំង ១៩២​គ្រួសារ​នោះ មិន​យោគយល់​គ្នា​ដើម្បី​រក​ផ្លូវ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះ៖ «រឿង​នេះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំង​សង​ខាង។ ចំណែក​ការ​សិក្សា​ច្បាប់​យ៉ាង​នោះ ចំពោះ​ប្រជាពលរដ្ឋ​ម្ខាង​ទៀត​ក៏​ត្រៀម​ទៅ​តាម​លក្ខណៈ​ច្បាប់​ដូច​គ្នា ពីព្រោះ​ពួក​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់»

មន្ត្រី​កម្មវិធី​ផ្នែក​អភិបាលកិច្ច​ល្អ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក គិត ទូច មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​អប់រំ​ផ្នែក​ច្បាប់​ភូមិបាល​ដល់​ប្រជាពលរដ្ឋ​ផង និង​ការ​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ដើម​នៃ​ការ​កាន់​កាប់​ដីធ្លី​របស់​ពួក​គាត់​នៅ​ក្នុង​សហគមន៍​ផង។ លោក​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា រឿង​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​ប្រជាពលរដ្ឋ​ចំនួន ១៩២​គ្រួសារ ដូចជា​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ប៉ះពាល់​លើ​ដី​ដែល​ពួក​គាត់​បាន​កាន់​កាប់​កន្លង​មក ជាដើម។ លោក​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​នោះ កើត​មាន​អំឡុង​ពេល​ដែល​ក្រុម​និស្សិត​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​កាល​ពី​ឆ្នាំ​២០១១៖ «ភាព​មិន​ប្រក្រតី​ជា​លំហ​ធំ​ដែល​គម្រោង​អភិបាលកិច្ច​ល្អ​ពួក​យើង​ខ្ញុំ​កំពុង​សិក្សា មើល​ពី​ការ​អនុវត្ត​ច្បាប់​ក្នុង​មូលដ្ឋាន​នោះ​មាន​ភាព​មិន​ប្រក្រតី និង​ភាព​អសកម្ម​អ្វី​ខ្លះ? ពីព្រោះ​ការងារ​នេះ​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​អភិបាលកិច្ច​ល្អ​របស់​យើង​ដែល​ត្រូវ​អន្តរាគមន៍»

បញ្ហា​រឿង​ទំនាស់​ដី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល រវាង​ប្រជាពលរដ្ឋ ១៩២​គ្រួសារ​ដែល​បាន​កាន់​កាប់​ដីធ្លី​ចំនួន​ជាង ១​ពាន់​ហិកតារ (.០៨៥​ហិកតារ) ដើម​ឡើយ​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ម្ខាង​ទៀត​ចំនួន​ជាង ៨០០​គ្រួសារ ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពី​ក្រោយ​ពួក​គាត់។ ប៉ុន្តែ​ក្រោយ​មក ពលរដ្ឋ​ចំនួន ៨០០​គ្រួសារ​នោះ ភាគច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​រឿង​ជម្លោះ​នេះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។