ប្រធានាធិបតី​​ហ្វ៊ីលីពីនសោកស្តាយការប្រមាថ​ទៅលោក​អូបាម៉ា​ «​កូន​សំផឹង​»

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៦ កញ្ញា ខិតខំ​សម្រាល​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេ​រិ​ក ក្រោយ​ការ​ប្រមាថ​ចំពោះ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នាំ​ឱ្យ​មានការ​លុប​ចោលការ​ជួប​គ្នា​មួយ​ដែល​គ្រោង​ធ្វើ​រវាង​ប្រមុខរដ្ឋ​ទាំង​២ ។ ដោយសារ​ការ​ប្រមាថ លោក​អូ​បា​ម៉ា លុប​ចោលការ​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន

គេ​ស្គាល់​ថា ​ជា​អ្នក​និយាយ​ត្រង់​ៗ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា លោក​នឹង​និយាយ​ប្រៀបប្រដូច​ប្រធានាធិបតី​អា​មេ​រិ​ក​ទៅ​នឹង​បក្សី​ទាំងឡាយ ប្រសិនបើ​ប្រធានាធិបតី​រូប​នេះ​ស្វះស្វែង​ប្រឆាំង​នឹង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ដែល​កំពុង​ធ្វើ​នៅ​ហ្វ៊ី​លី​ពី​ន ។ លោក​បាន​ប្រើ​ពាក្យ​ថា «​កូន​សំផឹង​» ប្រឆាំង​លោក​អូ​បា​ម៉ា ជា​ពាក្យ​លោក​ធ្លាប់​ប្រើ​រួច​ហើយ ចំពោះ​សម្តេច​ប៉ាប ហ្វ្រ​ង់​ស្វ័​រ និង​ឯកអគ្គរដ្ឋទូត​អា​មេរិ​ក​ប្រចាំ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ចំពោះ​ពាក្យពេចន៍​ប្រមាថ​ទាំងនេះ​ប្រមុខរដ្ឋ​ហ្វ៊ី​លី​ពី​ន​បាន​សម្តែង​ការ​សោកស្តាយ ព្រោះ​វា​នាំ​ឱ្យ​ស្រអាប់​ដល់​ការ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ និង​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​អាស៊ី ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​លោក​ត្រូវ​ចប់​អាណត្តិ ។ប្រភព​ការទូត​វាយតម្លៃ​ថា ឧប្បត្តិហេតុ​ពាក្យ​សម្តី​នេះ​រវាង​ប្រធានាធិបតី​ទាំង​២​រូប​បង្ហាញ​ពី​ការ​លំបាក​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ក្នុង​ការ​បង្កើត​រណសិរ្ស​រួបរួម​មួយ​ជាមួយ​បណ្តា​ដៃគូ​អាស៊ី​អាគ្នេយ៍ ដើម្បី​ប្រឆាំង​គំនិត​វាតទី​និយម​របស់​ចិន ។

ក្រោយ​លុប​ចោលការ​ជួប​គ្នា​ទ្វេភាគី​រវាង​ប្រមុខរដ្ឋ​ទាំង​២ លោក RODRIGO DUTERTE បាន​ចេញ​សេចក្តី​ប្រកាស​២ សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ចំពោះ​សារព័ត៌មាន ។ លោក​ពន្យល់​ថា បណ្តា​អត្ថបទ​សារព័ត៌មាន​ដែល​គូសបញ្ជាក់​ថា លោក​ប្រធានាធិបតី​អូ​បា​ម៉ា នឹង​លើក​បញ្ហា​ពី​ការ​ប្រហារជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ទើប​ញ៉ាំង​ឱ្យ​លោក​បញ្ចេញ​ពាក្យ​ពេចន៍​​ខ្លាំង​ទាំងនេះ ។

សេចក្តី​ប្រកាស​មួយ​លោក​និយាយ​ថា លោក​សោកស្តាយ​ដែល​ពាក្យពេចន៍​របស់​លោក​នៅ​មុខ​សារព័ត៌មាន​នាំ​ឱ្យ​មាន​ភាពចម្រូង​ចម្រាស់​បែប​នេះ ។ លោក​សម្តែង​រាល់​សមានចិត្ត​ចំពោះ​លោក​អូ​បា​ម៉ា និង​ចំពោះ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​២ ។ក្រសួង​ការបរ​ទេស​អា​មេ​រិ​ក​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦ កញ្ញា ថា ពាក្យពេចន៍​ទាំងឡាយ​មាន​សារសំខាន់​របស់​វា និង​ថា ការ​ជួប​គ្នា​រវាង​លោក​អូ​បា​ម៉ា និង​លោក DUTERTE ត្រូវ​លុប​ចោល ព្រោះតែ​វោហា​សាស្ត្រ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ញ៉ាំង​ឱ្យ​មានការ​សង្ស័យ​លើ​លទ្ធភាព​សម្រាប់​មេដឹកនាំ​ទាំង​២​ធ្វើការ​ចរចា​គ្នា​ដោយ​ស្ថាបនា ៕