ព្យុះសង្ឃរា NEWTON វាយប្រហារ​លើ​ម៉ិចស៊ិក

ព្យុះសង្ឃរា​ឈ្មោះ NEWTON កាលពី​ថ្ងៃ​ទី​៦ កញ្ញា វាយប្រហារ​លើ​ទីក្រុង​មាត់សមុទ្រ LOS CABOS ភាគ​ពាយ័ព្យ​ម៉ិចស៊ិក ។ សម្រាប់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​២​នាក់ និង​បាត់​ខ្លួន​៣​នាក់​ដោយសារ​ព្យុះ​នេះ ។

រដ្ឋាភិបាល​នៃ​រដ្ឋ BASSE កាលី​ហ្វ៊័​រ​នី​ញ៉ា​ខាងត្បូង​បាន​ចេញ​ការ​ប្រកាស​អាសន្ន ។ ចំណែក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ខ្យល់ព្យុះ NHC របស់​អា​េ​ម​រិ​ក​រាយការណ៍​ពី​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​១៤៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ក៏​ប៉ុន្តែ​នា​ពេល​ថ្ងៃ​បាន​ចុះ​ថយកម្លាំង​បន្តិច​វិញ ។ ព្យុះ​នេះ​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ តែ​វិ​សម្ពាធ​នឹង​នៅ​បន្ត ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ទាំងឡាយ​ថា ព្យុះ NEWTON ពុំ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើយ ។ ពួក​អ្នកទេសចរ​ស្ថិត​នៅ​តាម​ទីជម្រក​មាន​សុវត្ថិភាព ពេល​មាន​ព្យុះ​បោកបក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​។ ខ្យល់់​ខ្លាំង​បណ្តាល​ឱ្យ​បែក​កញ្ចក់​សណ្ឋាគារ​ជា​ច្រើន ក៏​ប៉ុន្តែ​អ្នកទេសចរ​១៤.០០០​នាក់​មក​កាន់​ក្រុង LOS CABOS ស្ថិត​នៅ​កន្លែង​មាន​សន្តិសុខ​នៅ​តាម​បន្ទប់​ដែល​ពួក​គេ​ប្រមូលផ្តុំ​គ្នា ។

កាលពី​ស​ប្តា​ហ៍​មុន មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​នៅ​រដ្ឋ CHIAPAS ភាគ​ខាងត្បូង​ម៉ិចស៊ិក ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​មក​ពី​ព្យុះ​NEWTON​។ ព្យុះ​ភ្លៀង​ក៏​បណ្តាល​ឱ្យ​ផ្ទះ និង​សាលារៀន​ជាង​៧០​ខ្នង​រង​ការ​ខូចខាត​នៅ​រដ្ឋ GUERRERO​។ ភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​នេះ​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា មក ក៏​ញ៉ាំង​ឱ្យ​មានការ​បាក់​ដី​៣៣​កន្លែង​ផង​ដែរ ។ ផ្លូវថ្នល់​មួយ​នា​កណ្តាល​ក្រុង ACAPULCO បាន​បាក់​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់ ដែល​កំពុង​ជិះ​រថយន្ត​កាត់​រង​របួស ។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ទីក្រុង​ទេសចរណ៍ LOS CABOS ធ្លាប់​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​នៃ​ព្យុះ​ឈ្មោះ ODILE បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ៕