ចាប់តាំងពី​មាន​វត្តមាន​លោក សំ កុសល ប្រធាន និង​លោក ទិ​ត ដា អនុប្រធាន​សាខាគយ​ខេត្តកោះកុង គេ​សង្កេតឃើញ​បទល្មើស​រត់ពន្ធ​ទំនិញ​កើនឡើង​គ្រប់​ច្រកល្ហក

ខេត្តកោះកុង៖ លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានរួមដៃគ្នាជាមួយ លោក ទិត ដា ប្រធាន សាខាគយ (អតីតអនុប្រធានអង្គភាពសវនកម្មគយ) ហាក់ពុំមានឆន្ទៈលុបបំបាត់ការរត់ពន្ធម៉ូតូសេរីទំនើបៗដែលឈ្មួញគ្រាក់ៗសុទ្ធតែលោកគយស្គាល់ច្បាស់ដូចបាតដៃនាំចូលពី ប្រទេសថៃតាមចាំយាមក្រោមការគ្រប់គ្រងរបស់ លោក ថេង ម៉ុងហួន ហើយបានរងការរិះគន់ ថាបានបើកដៃឲ្យឈ្មួញ នាំចូលទំនិញខុសច្បាប់ ទំនិញបង់ពន្ធមិនគ្រប់ និងម៉ូតូស៊េរីទំនើបៗ ដោយអត់បង់ពន្ធ គ្រាន់តែចាំរាប់ចំនួនប្រមូលលុយច្រកចែកគ្នាច្រកហោប៉ៅ បណ្តាលឲ្យរដ្ឋបាត់បង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់។

សកម្មភាពនេះត្រូវបានប្រភពបញ្ជាក់ថា ក្រុមឈ្មួញធំៗ ដែលរកស៊ី នាំចូលម៉ូតូស៊េរីទំនើបៗ គេចពន្ធយ៉ាងគគ្រឹគគគ្រេង មកពីស្រុកសៀម ចូលតាមច្រកសមុទ្រ និងច្រកទ្វារ អន្តរជាតិចាំយាមកើតមានរាប់ឆ្នាំមកហើយ។ ដោយឡែកលោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង លោក ទិត ដា អនុប្រធានសាខាគយ ត្រូវគេបញ្ជាក់ថា ទទួលបានចម្អាបពីរឿងនេះសើមមាត់សើមកសម្ងំចាំទទួលសំណែនពី កូនចៅថ្នាក់ក្រោមយ៉ាងត្រជាក់ចិត្តពេញថ្លើមលែងហ៊ានហើបមាត់ដាក់បញ្ជាឲ្យបង្ក្រាបទៅហើយ។

ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានឲ្យដឹងថា មានម៉ូតូគេចពន្ធត្រូវបានឈ្មួញនាំចូលតាមទូកយ៉ាងពេញបន្ទុក ហើយទំនិញចាប់ហួយជាច្រើនប្រភេទរួមមាន ភេសជ្ជៈគ្រប់ប្រភេទ លីអូបៀរ ឆាងបៀរ គ្រឿងអគ្គិសនី ប្រេងសាំង ដឹកតាមទូក ក៏ត្រូវបានឈ្មួញដែលមានទំនាក់ទំនងល្អជា មួយលោកជំនាញគយ នាំចូលតាមច្រកប៉ាក់ខ្លងទាំងយប់ទាំងថ្ងៃដោយរលូនក្រោមខ្សែភ្នែកព្រមព្រៀងពីលោកប្រធាន សំ កុសល និង លោកអនុ ទិត ដា ប្រសិនបើហ៊ានតែរំរំលងគ្រាន់តែទូកបុកផែភ្លាមចាប់ភ្លាម។

ជាការពិតណាស់ឈ្មួញនាំចូលម៉ូតូគេចពន្ធ ក៏ដូចជាទំនិញបង់ពន្ធមិនគ្រប់តាមច្រក ចាំយាម ច្រកប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺពួកគេមិនហ៊ាននាំចូលទំនិញគេចពន្ធឡើយ ព្រោះត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតនោះទេ។ ការដែលពួកគេហ៊ានប្រព្រឹត្តដូចសព្វថ្ងៃនេះ គឺដោយសារសមត្ថកិច្ចពាក់ព័ន្ធមួយ ជាពិសេសជំនាញគយក្រោមការដឹកនាំរបស់លោកប្រធាន សំ កុសល និង លោកអនុ ទិត ដា បានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

មន្ត្រីរាជការនៅខេត្តកោះកុងមួយចំនួនដែលដឹងបញ្ហាកំហុសឆ្គងរបស់ ស្ថាប័នគយប្រចាំខេត្តកោះកុង បានរិះគន់ក្នុងន័យស្ថាបនាបានផ្តល់ព័ត៌មាននេះឲ្យជួយជួនដំណឹងដល់ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដឹង ដើម្បីមានវិធានការពង្រឹងស្ថាប័នគយប្រចាំខេត្តនេះ ឲ្យអនុវត្តប្រមូលពន្ធឲ្យមានប្រសិទ្ធ ភាពដើម្បីផលចំណូលថវិកា និងការរីកចម្រើនដល់រាជរដ្ឋាភិបាល ព្រោះបច្ចប្បន្នទំនិញរត់ពន្ធនៅមានទំហំធំធេងណាស់ដែលថ្នាក់ដឹកនាំគយនោះមិនទាន់កៀងប្រមូល ៕

KA-07-09-2016-000
KA-07-09-2016-03
KA-07-09-2016-04
KA-07-09-2016-05