២ ថ្ងៃ​ទៀត តុលាការ​កាត់ទោស តែ​ឯកឧត្តម កឹម សុខា នៅតែ​មិន​ចូល​សវនាការ​ និពន្ធដោយ : ម៉ៅ សុផា       September-07-2016, 4:10 pm         302

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132២ ថ្ងៃ​ទៀត តុលាការ​កាត់ទោស តែ​ឯកឧត្តម កឹម សុខា នៅតែ​មិន​ចូល​សវនាការ​​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​រង​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ ប៉ុន្តែ​មេធាវី បាន​អះអាង​ជាមុន​រួចហើយ​ថា ឯកឧត្តម កឹម សុខា នឹងមិន​បង្ហាញខ្លួន​នៅ​តុលាការ​នោះទេ​។

​សហ​មេធាវី បានដាក់​លិខិត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ពន្យារពេល​នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ដែលជា​កូនក្តី​របស់​ពួកគេ​។ ប្រសិនបើ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​យល់ព្រម​តាម​សំណើ​របស់​មេធាវី ហើយ​នៅតែ​បន្ត​បើកសវនាការ​មែន​នោះ ក៏​ឯកឧត្តម កឹម សុខា មិន​ចូលរួម​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។

​បើតាម​លោក សំ សុ​គង់ ដដែល ក្រុម​មេធាវី ក៏បាន​ដាក់​បណ្តឹងសាទុក្ខ ទៅកាន់​តុលាការ​កំពូល​ផងដែរ ដើម្បី​ជំទាស់​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​។ ដោយ​សំអាង​លើ​បណ្តឹងសាទុក្ខ​នេះ លោក សំ សុ​គង់ បាន​អះអាងថា សាលាដំបូង​រាជធានី​ភ្នំពេញ គួរតែ​ពន្យារពេល​នៃ​ការជំនុំជម្រះ ដោយ​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ​កំពូល​ជាមុនសិន​។

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​មេធាវី បានស្នើ​ឲ្យ​សាលាឧទ្ធរណ៍ ច្រានចោល​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​បញ្ជូន​រឿងរ​ក្តី​របស់​ឯកឧត្តម កឹម សុខា ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ​សាលាឧទ្ធរណ៍ មិន​ឯកភាព​នឹង​សំណើ​ខាងលើ ទើប​ក្រុម​មេធាវី​បន្ត​ប្តឹងទៅ​តុលាការ​កំពូល​។ 
​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​នោះទេ​។

​សូមបញ្ជាក់ថា តុលាការ ធ្លាប់​ចេញ​ដីកា​ចំនួន​ពីរដង ដើម្បី​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ប៉ុន្តែ ឯកឧត្តម កឹម សុខា បាន​បដិសេធ​នឹង​ការកោះហៅ​របស់​តុលាការ​ទាំងពីរ​លើក​។ មូលហេតុ​នេះហើយ ទើប​ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ រហូតមកដល់​ពេលនេះ ឯកឧត្តម កឹម សុខា បាន​សំងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​គណបក្ស អស់​រយៈពេល​ជិត​៣​ខែ​ហើយ​៕