មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​ពលរដ្ឋ​នៅ​លើ​បឹង​ទន្លេសាប​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​ជា​ឃុំ​ស្ថិត​នៅ​ផ្ទៃ​បឹង​ទន្លេសាប បារម្ភ​ថា​ពលរដ្ឋ​គ្រប់​អាយុ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន នឹង​មិន​អាច​ចុះ​ឈ្មោះ​បាន។ ក្តី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​ពួក​គេ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​មិន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ម្យ៉ាង​គ្មាន​រូបថត​សម្រាប់​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ដោយសារ​កន្លែង​រស់នៅ​របស់​ពលរដ្ឋ​ទាំងនោះ​ជា​តំបន់​ដាច់ស្រយាល និង​ពិបាក​ធ្វើ​ដំណើរ​ឡើង​មក​ថត​រូប​នៅ​ទីប្រជុំជន និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ឃុំ​ពាមបាង ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ជួយ​សម្រួល​ទាំងនោះ​មាន​ជា​ភ្នាក់ងារ​ថត​រូប ព្រម​ទាំង​ម៉ាស៊ីន​ថត​រូប និង​បង្កើន​សកម្មភាព​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្នា ហើយ​ត្រូវ​ធ្វើ​ជូន​ពលរដ្ឋ​ក្រីក្រ​ខ្លាំង​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

ជំទប់​ទី​២ ឃុំ​ពាមបាង មក​ពី​គណបក្ស​ប្រឆាំង លោក គុំ ខុម មាន​ប្រសាសន៍​ថា លោក​បារម្ភ​ខណៈ​ឃើញ​ពលរដ្ឋ​ភាគច្រើន​មិន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ម្យ៉ាង​ពួក​គាត់​មិន​មាន​លទ្ធភាព​ឡើង​ទៅ​ថត​រូប ដើម្បី​បាន​រូបថត​យក​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ពីព្រោះ​ឃុំ​មួយ​នេះ​ឆ្ងាយ​ពី​ទីប្រជុំជន​រាប់​សិប​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិកា​កាន់​តែ​ច្រើន​ថែម​ទៀត៖ «ប៉ះពាល់​ទី​មួយ​រឿង​អត់​អត្តសញ្ញាណប័ណ្ណ។ បញ្ហា​ទី​ពីរ នៅ​ពេល​យើង​ចេញ​លិខិត​បិទ​នោះ គាត់​អត់​មាន​រូបថត​បិទ រូបថត​ពីរ​សន្លឹក​អា​បី​គុណ​នឹង​បួន»

ឃុំ​ពាមបាង មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្ទោង ហើយ​នៅ​រដូវ​វស្សា គឺ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​មួយ​នេះ​បាន​ដោយ​ទូក​កាណូត។ ឃុំ​នេះ​មាន​ប្រជាជន​សរុប​ជិត ៣​ពាន់​នាក់ (.៨៧៣​នាក់) ហើយ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត ២​ពាន់​នាក់ (.៦៨៦​នាក់)

ពលរដ្ឋ​នៅ​ឃុំ​ពាមបាង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ជូន​ពលរដ្ឋ​បាន គឺ​ពួក​គាត់​នឹង​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា ពីព្រោះ​អ្នក​ភូមិ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​គេ​ឯង​ដែរ ប៉ុន្តែ​គ្មាន​លទ្ធភាព ឬ​ថវិកា​គ្រប់គ្រាន់​ដើម្បី​បំពេញ​បែបបទ​ឯកសារ​ដែល​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​ការ៖ «គឺ​សុំ​ទៅ​ខាង​ថ្នាក់​លើ​ជួយ​សម្រួល​មក​អាជ្ញាធរ ឲ្យ​អាជ្ញាធរ​ហ្នឹង​ជួយ​គ្នា​ដែល​ទីទាល់​ក្រ​ហ្នឹង​ផង ដែល​ធ្វើ​អី​កុំ​យក​លុយ​យក​កាក់​អី​ណា»

ទាក់ទង​បញ្ហា​នេះ លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ លោក ប្រែង សាវុធ បញ្ជាក់​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​នៅ​ពេល​បច្ចុប្បន្ន ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ម៉ាស៊ីន​ថត​រូប​ជូន​ពលរដ្ឋ​ដូច​កាល​ពី​អាណត្តិ​មុនៗ​ឡើយ។ លោក​ថា មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត មាន​តែ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បំពេញ​ឲ្យ​គ្រប់​លក្ខខណ្ឌ ដើម្បី​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា ពីព្រោះ​រយៈពេល​នៅ​មាន​ច្រើន​ទៀត៖ «អ៊ីចឹង​វិធី​តែ​មួយ​ទេ​ដែល​យើង​ទុក​ឱកាស​ជម្រាប​ជូន​ពួក​គាត់​ពី​ឥឡូវ​ហ្នឹង​ទៅ ដើម្បី​ឲ្យ​គាត់​ត្រៀម​លក្ខណៈ​មុន»

ក្រៅ​ពី​ឃុំ​ពាមបាង ក៏​មាន​ឃុំ​ដាច់ស្រយាល​ផ្សេង​ទៀត​រួម​មាន​នៅ​ស្រុក​កំពង់ស្វាយ ស្រុក​សណ្ដាន់ ជាដើម។ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ធំ រយៈពេល ៥​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​៥ កញ្ញា លោក សាវុធ បញ្ជាក់​ថា មាន​ពលរដ្ឋ​ជាង ៣​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៤០​ម៉ឺន​នាក់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តាមដាន​ដំណើរ​ការ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប រួម​មាន​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាមបាង ស្រុក​ស្ទោង។ លោក​បារម្ភ​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​មិន​មាន​អត្តសញ្ញាណប័ណ្ណ និង​មិន​មាន​លទ្ធភាព​បំពេញ​តាម​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន គឺ​វា​ផ្តល់​ឱកាស​ច្រើន​សម្រាប់​ជនជាតិ​វៀតណាម ពីព្រោះ​នៅ​ឃុំ​ទាំង​ពីរ​នេះ​មាន​ជនជាតិ​វៀតណាម រស់នៅ​ច្រើន៖ «ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នៅ​ទីនោះ​នឹង​បោះបង់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ វា​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមបាង និង​ឃុំ​ផាត់សណ្ដាយ ហ្នឹង​ទៅ​ចុះ​ឈ្មោះ​តិច​ជាង​ជន​បរទេស»

លោក​យល់​ថា រាជ​រដ្ឋាភិបាល​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ជូន​ពលរដ្ឋ ហើយ​មន្ត្រី​អគ្គនាយកដ្ឋាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ចុះ​ធ្វើ​ជូន​ពួក​គាត់​ជា​ប្រចាំ ដោយ​ត្រូវ​សម្រួល​តម្លៃ​ណា​មួយ ឬ​ធ្វើ​ជូន​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិត​ថ្លៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។