សមត្ថកិច្ច​ក្រុង​បាន​លុង​ចាប់​រថយន្ត​ដឹកឈើ​ពី​យប់ ព្រឹក​ឡើង​បាត់​ឈើ​អស់

ខេត្តរតនគិរី​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ កញ្ញា ២០១៦ សមត្ថកិច្ច​ចម្រុះ​របស់​សាលាក្រុង​បាន​លុង បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ប្រភេទ​ធ្នង់​០១​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧៨ ស្ថិត​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ចាប់​រថយន្ត​សាំ​យ៉ុ​ង ព៌​ណ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N 2491 ខាងលើ​នោះ​រួច​មក សមត្ថកិច្ច​ក៍​បញ្ជូន​រថយន្ត​នោះ​ទាំង​យប់ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ប្រគល់​រថយន្ត​ដែល​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ពេញ ទៅ​ឲ្យ​ខាង​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំ​ផាត់ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា «​បាត់​ឈើ​ក្នុង​រថយន្ត​អស់​ជា​ច្រើន​» ។

ការ​បាត់​ឈើ​ក្នុង​រថយន្ត​នេះ ត្រូវ​បាន​គេ​លួច​ខ្សឹប​ថា សមត្ថកិច្ច​ចម្រុះ​ក្រុង​បាន​លុង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ឈើ​ឈ្មោះ​ចែ ណែ​ត យក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​០១​គ្រឿង​ផ្សេង​ទៀត សាង​ឈើ​ចេញ​តាំងពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ កញ្ញា​នេះ​ម្ល៉េះ ដោយ​គ្រាន់តែ​ទុក​ឈើ​បន្តិចបន្តួច​ជា​វត្ថុ​តាង ដើម្បី​ឲ្យ​មេព្រៃ​វាស់វែង​ប៉ុណ្ណោះ ។

បើ​តាម​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​ដូច​លើ​ដែរ​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​០១​គ្រឿង​អាច​ផ្ទុក​ឈើ​ដល់​ទៅ​ជាង​៣​ម៉ែត្រគូប​ឯណោះ តែ​ឈើ​ដែល​សល់​ក្នុង​រថយន្ត​ដែល​សមត្ថកិច្ច​ចម្រុះ​ក្រុង​បាន​លុង​ចាប់​នេះ​សល់​តែ​ជិត​១​ម៉ែត្រគូប បាត់​ប្រមាណ​៣​ម៉ែត្រគូប ។

ទាក់ទិន​ទៅ​នឹង​ករណី​បាត់​ឈើ​ដែល​បង្ក្រាប​នេះ​ដែរ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​០១​រូប​បាន​ឆ្លើយ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​បាន​លុង​ជា​អ្នក​ទទួលខុសត្រូវ ។ ចំណែក​មន្ត្រី​សាលាក្រុង​បាន​លុង លោក វិ​ន ដែល​ជា​អ្នកដឹកនាំ​កម្លាំង​ចុះ​ចាប់​ផ្ទាល់​មិន​បាន​ឆ្លើយ​លម្អិត​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នកកាសែត​ឡើយ ដោយ​គ្រាន់តែ​និយាយ​ខ្លី​ថា​«​ជា​រឿង​របស់​សមត្ថកិច្ច​ទេ​» ។

ប្រភព​មួយ​ចំនួន​ពី​មន្ត្រីរាជការ​និង​កងកម្លាំង​ក្រុង​បាន​លុង​ដែល​មាន​ឋានៈ​តូចតាច​បាន​និយាយ​ថា ការ​បាត់​ឈើ​ខាងលើ​ដោយសារ​តែ​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​ជាមួយ​ម្ចាស់​ឈើ​ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​លុយ​ចូល​ហោប៉ៅ ៕