តុលាការ​ខេត្ត​សៀមរាប​សម្រេច​ប្រគល់​ដី​ស្រែ​ប្រាំង​ជាង​៣០០​ហិកតារ​ទៅ​ឱ្យ​អ្នក​ស្រុក​ជីក្រែង

តុលាការ​ខេត្ត​សៀមរាប សម្រេច​លុបចោល​ដីកា​រក្សា​ការពារ​ដី​ស្រែ​ប្រាំង​នៅ​តំបន់​បឹង​ទន្លេសាប ចំនួន ៣០៥​ហិកតារ នៅ​ឃុំ​ស្ពានត្នោត ស្រុក​ជីក្រែង ចម្ងាយ​ជាង ៧៥​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប ហើយ​ប្រគល់​ឱ្យ​ពលរដ្ឋ ៨២​គ្រួសារ នៅ​ភូមិ​ល្វា អាច​ចូល​ទៅ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​វិញ​បាន​ចាប់​ពី​ពេល​នេះ​ត​ទៅ។

សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​សួង ទំហំ​ជាង ៣០០​ហិកតារ បាន​កើត​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​បឹង​ទន្លេសាប ព្រមទាំង​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​ដូច​គ្នា​បាន​កើត​មាន​រយៈពេល​ជាង ៥​ឆ្នាំ​មក​ហើយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រជាពលរដ្ឋ ៨២​គ្រួសារ​នៅ​ភូមិ​ល្វា រួម​ទាំង​អាជ្ញាធរ​ស្រុក​ជីក្រែង និង​ឃុំ​ស្ពានត្នោត ផង បាន​ជួបជុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា ហើយ​ប្រកាស​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​សៀមរាប ដែល​លុបចោល​ដីកា​រក្សា​ការពារ ព្រម​ទាំង​ប្រគល់​ដី​ស្រែ​ប្រាំង​ទំហំ​ជាង ៣០០​ហិកតារ ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រួសារ បាន​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​វិញ។

ការ​ប្រកាស​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ភូមិ​ល្វា ចំនួន ៨២​គ្រួសារ នៅ​ឯ​សាលា​ឃុំ​ស្ពានត្នោត ក៏ប៉ុន្តែ​ភាគី​ទំនាស់​ម្ខាង​ទៀត មិន​មាន​វត្តមាន​ទៅ​ចូលរួម​ទេ។

​មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រជាពលរដ្ឋ​ភូមិ​ល្វា ចំនួន ៨២​គ្រួសារ គឺ​លោក ចុង អៀវហេង។ លោក​មាន​ប្រសាសន៍​បន្ទាប់ពី​ប្រកាស​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា ថា តុលាការ​ខេត្ត​សៀមរាប ធ្លាប់​មក​ប្រកាស​សេចក្ដី​សម្រេច​នេះ​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​នៅ​ពេល​នេះ តុលាការ​មិន​បាន​មក​អនុវត្ត​រឿង​ដដែល​នេះ​ម្ដង​ទៀត​ទេ គឺ​ប្រគល់​សិទ្ធិ​មក​ឱ្យ​រូប​លោក​ដែល​តំណាង​ឱ្យ​ពលរដ្ឋ។

លោក​មេធាវី ចុង អៀវហេង បញ្ជាក់​ថា តុលាការ​បាន​ចេញ​ដីកា​សម្រេច​ប្រគល់​ដី​ស្រែ​ប្រាំង​ជាង ៣០០​ហិកតារ មក​ឱ្យ​ប្រជាពលរដ្ឋ​ភូមិ​ល្វា ចំនួន ៨២​គ្រួសារ ទៅ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​វិញ​ចាប់​ពី​ពេល​នេះ​ត​ទៅ៖ «ក្នុង​រឿង​នេះ​ខ្ញុំ​សូម​ជម្រាប នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ចុះ​បង្កបង្កើនផល​តាម​ដីកា​របស់​តុលាការ បើ​អ្នក​ណា​ហ៊ាន​ធ្វើ​ឱ្យ​អសកម្ម គឺ​មាន​រឿង​ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ»

​ទំនាស់​ដី​ស្រែ​ប្រាំង​ទំហំ​ជាង ៣០០​ហិកតារ នៅ​ទំនប់​សួង បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០១១ ក្នុង​ពេល​ដែល​អាជ្ញាធរ​បឹង​ទន្លេសាប ចុះ​ទៅ​វាស់វែង​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក ហើយ​ដាក់​ទី​នោះ​ជា​តំបន់​៣ សម្រាប់​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប។

ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រួសារ នៅ​ភូមិ​ល្វា ឃុំ​ស្ពានត្នោត ក៏​ខកខាន​ចូល​ទៅ​ធ្វើស្រែ​ប្រាំង​នៅ​ទី​នោះ  ក៏ប៉ុន្តែ​បែរ​ជា​មាន​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង បាន​ចូល​ទៅ​កាន់​កាប់​ដីស្រែ​ទាំង​នោះ​វិញ។ ក្រោយ​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​អាជ្ញាធរ​ឆ្វៀល​ដី​ស្រែ​ប្រាំង​ទាំង​នោះ​ជូន​ប្រជាពលរដ្ឋ​វិញ។

តំណាង​ពលរដ្ឋ ៨២​គ្រួសារ នៅ​ភូមិ​ល្វា លោក មៀន ចេង សំដែង​ការ​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​ដែល​តុលាការ​សម្រេច​ប្រគល់​ដីស្រែ​ទាំង​នោះ​មក​ឱ្យ​អ្នក​ភូមិ​វិញ។ លោក មៀន ចេង បញ្ជាក់​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នក​ភូមិ​របស់​គាត់​ដែល​គ្មាន​ដី​ស្រែ​គឺ​ភាគ​ច្រើន​ខ្វះខាត​ស្បៀង​អាហារ​ដោយ​ខ្លះ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក និង​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រក​ការងារ​ធ្វើ៖ «ដូច​បាន​កើត​ម្ដង​ទៀត។ ប្រជាពលរដ្ឋ​ខ្ញុំ​សាទរ​ជា​ខ្លាំង ដូច្នេះ​ខ្ញុំ​សូម​អរគុណ​ដល់​សម្ដេច​តេជោ អគ្គ​មហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី»

ក្រុម​ប្រជាពលរដ្ឋ ៨២​គ្រួសារ ដែល​រស់​នៅ​ភូមិ​ល្វា ឱ្យ​ដឹង​ថា ដី​ស្រែ​ប្រាំង​ទំហំ​ជាង ៣០០​ហិកតារ គឺ​ពួកគេ​អាច​បែង​ចែក​គ្នា ដោយ​យ៉ាង​ហោចណាស់​ក៏​បាន ២​ហិកតារ ក្នុង ១​គ្រួសារ។ ពួកគាត់​រំពឹង​ថា ដី​ស្រែ​ទាំង​នោះ នឹង​អាច​លើក​កម្ពស់​ជីវភាព​គ្រួសារ​ដែល​ខ្សត់ខ្សោយ​រយៈពេល ៥​ឆ្នាំ​មក​ហើយ ឱ្យ​ប្រសើរ និង​មាន​សង្ឃឹម​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។