សមាគម​រោងចក្រ​កាត់ដេរ​ប្រកាស​ជំហរ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ថ្មី​មិន​លើស​​១៤៤​ដុល្លារ

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​ប្រកាស​ជំហរ​របស់​និយោជក​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០១៧ មិន​លើស​ពី ១៤៤​ដុល្លារ។

នៅ​ក្នុង​លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដែល​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ នៅ​ថ្ងៃ​ទី​៦ កញ្ញា បាន​សរសេរ​ថា អត្រា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​និយោជក​មាន​លទ្ធភាព​អាច​ផ្ដល់​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៧ គឺ​មិន​លើស​ពី​អត្រា​អតិផរណា​ដែល​មាន​ចំនួន​ប្រហែល​តែ ៣% តែ​ប៉ុណ្ណោះ។ ដូច្នេះ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​គួរ​តែ​ត្រូវ​កំណត់​មិន​លើស​ពី ១៤៤.២០​ដុល្លារ​ឡើយ។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែកជើង កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក​ទៅៗ ដូច្នេះ​ការ​កំណត់​កែប្រែ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​ធ្វើ​ឡើង​ក្នុង​ភាព​ត្រឹមត្រូវ និង​ប្រុង​ប្រយ័ត្ន។ ស្រប​គ្នា​នេះ សមាគម​មាន​ក្ដី​បារម្ភ​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​បញ្ជា​ទិញ​ពី​អ្នក​បញ្ជា​ទិញ ឬ​ម្ចាស់​ម៉ាក ការ​ធ្លាក់​ចុះ​នូវ​ផលិតភាព​ការងារ អត្រា​កំណើន​នៃ​ទឹក​ប្រាក់​នាំ​ចេញ​មាន​ការ​ធ្លាក់​ចុះ និង​អត្រា​កំណើន​នៃ​រោងចក្រ​ថ្មី​មាន​ការ​ធ្លាក់​ចុះ ខណៈ​ដែល​ចំនួន​រោងចក្រ​បិទ​មាន​ការ​កើន​ឡើង។

ការ​លើក​ឡើង​នេះ ក្នុង​គ្រា​ដែល​ការ​ចរចា​រវាង​សហជីព និយោជក និង​រដ្ឋាភិបាល មិន​ទាន់​ឯកភាព​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ចំនួន​ណា​មួយ​នៅ​ឡើយ ប៉ុន្តែ​ភាគី​សហជីព​នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ចំនួន ១៧៩.៦០​ដុល្លារ ឬ​ក្នុង​កម្រិត​សមរម្យ​ប្រហាក់ប្រហែល​នឹង ១៧៧​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។