នាង​ក្រមុំ​ចងក​សម្លាប់​ខ្លួន ព្រោះតែ​មាន​ជំងឺ​រ៉ាំរ៉ៃ

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​កោះ​ត្នោត ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច មាន​ករណី​អត្តឃាត​ដោយ​ចងក ទីបំផុត​ត្រូវ​បាត់បង់​ជីវិត​។ នាង​ក្រមុំ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ត្រាយ សុខ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​សម្រេចចិត្ត​ចុង​ក្រោយ​ធ្វើ​អត្តឃាត​ចងក នៅ​ក្នុង​បន្ទប់ដេក​លើ​ផ្ទះ​របស់​ខ្លួន​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា នារី​រង​គ្រោះ មាន​ជំងឺ​ប្រចាំ​កាយ​ឈឺក្រពះ ពោះវៀន ឪពុក​ម្តាយ​ខំ​មើលថែ​ដែរ តែ​មិន​បានជា​សះស្បើយ​ឡើយ ហើយ​ម្យ៉ាងទៀត​គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ​ផង​។ ប្រភព​បាន​បន្ត​ថា មិនដឹង​យ៉ាងម៉េច ជន​រង​គ្រោះ​ក៏​ឡើង​ទៅ​ដេក​មិនឃើញ​ចុះ​មក​ដី​សោះ អ្នក​ផ្ទះ​បាន​ឡើង​ទៅ​អើត​មើល​លើ​ផ្ទះ ទើប​ដឹង​ថា នាង​បាន​យក​ខ្សែ​ចងក​ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​ពី​នគរបាល​បាន​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕