ពៅ បញ្ញា​ពេជ្រ ឈប់​អៀនខ្មាស់​…

រាជធានីភ្នំពេញ ៖ អតីត​​តារាចម្រៀង ​នាង ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​អារម្មណ៍​លែង​មាន​ភាព​អៀនខ្មាស់​ពី​ភ្នែក​មហាជន​​នានា បន្ទាប់​ពី​នាង​បាន​ក្លាយជា​ជន​ពិការ អង្គុយតែ​លើរ​ទះ​រុញ ​ដែល​បាន​អូស​បន្លាយពេល​ជាង​១០​ឆ្នាំ​មកនេះ ​។ ការ​អះអាង​របស់​អតីត​តារាចម្រៀង​សំនៀង​រ៉ៃ​កណ្តឹង​រូប​នេះ ​ធ្វើ​ឡើងបន្ទាប់​ពី​រូប​នាង​បាន​ចេញ​មុខ​ចេញ​មាត់​ជា​សា​ធារ​ណៈ និង​ទីប្រជុំជន​កម្សាន្តនានា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រោយ​ពេល​ដែល​នាង​បាន​សម្ងំ​លាក់ខ្លួន​ តែ​នៅ​ក្នុង​បន្ទប់​គេង បន្ទាប់​ពីវិល​ត្រឡប់​មក​ពី​ការ​ព្យាបាល​នៅ​ក្រៅប្រទេស​វិញ​។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក ពៅ បញ្ញា​ពេជ្រ ក៏​ធ្លាប់​បាន​ចេញ​មុខជា​សា​ធារ​ណៈបកស្រាយ​បទ​ចម្រៀង​ម្តង​ជា​ពីរ​ដង​ដែរ ប៉ុន្តែ​មិន​បាន​ចេញ​មុខជា​ញឹកញាប់​ឡើយ ដោយសារ​តែ​នាង​នៅ​តែ​មានការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាមួយនឹង​អារ​ម្ម​ណ៏​អៀនខ្មាស់​មហា​ជន​ផង​ដែរ​ នៅ​ពេល​ដែល​នាង​ធ្លាប់តែ​ជា​តារាចម្រៀង​មាន​រូប​សម្រស់​ឈរ​បង្ហើរ​សំនៀង​តាម​ឆាក​តន្ត្រី តែ​បែ​ជា​ធ្លាក់ខ្លួន​ជា​ជន​ពិការ​អង្គុយតែ​លើរ​ទះ​រុញ​ទៅ​វិញ ​។

យ៉ាងណា​ក៏​ដោយ ពៅ បញ្ញា​ពេជ្រ នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​បន្ត​ការ​ព្យាបាល​ជំងឺ​របស់​នាង ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​នាង និង​អាច​ក្រោក​ដើរ​ជា​ថ្មី​ឡើង​វិញ​ ។ ជា​ថ្មី​ម្តងទៀត​នាង​បាន​បង្ហាញ​ជំហរ​ថ្មី​មួយទៀត ដោយ​បាន​ជម្នះ​នូវ​ភាព​អៀនខ្មាស់​របស់​នាង ដើម្បី​ចេញ​ទៅ​បង្ហាញខ្លួន​ជា​សា​ធារណៈ បើ​ទោះជា​នាង​នៅ​បន្ត​អង្គុយ​នៅ​លើរ​ទះ​ជន​ពិការ​មក​ដល់​សព្វ​ថ្ងៃនេះ​ក៏​ដោយ​។

ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា កាលពីមុន​នាង​ខ្ញុំ​ទៅ​ណា​មក​ណា​តែងតែ​ខ្មាស​គេ​ណាស់​ដោយសារ​ខ្ញុំ​ត្រូវ​អង្គុយ​លើ​រទេះ​ពិការ​មួយ​នេះ​នាង​ខ្ញុំ​មិន​ចង់​ចេញពីផ្ទះ​ទេ​ ដោយ​នាង​ខ្ញុំ​គិត​ថា​ខ្លួនឯង​ដូច​ជា​សត្វ​ចម្លែក​ខុស​ពី​គេ ។​ ដោយ​ក្រឡេក​មើលទៅ​កែវភ្នែក​អ្នក​ជុំវិញ​ខ្លួន​គេ​សំឡឹង​មក​ខ្ញុំ​មាន​គ្រប់​អត្ត​ន័យ​ក្នុង​ការ​គិត​របស់​ពួក​គេ តែ​ពេល​នេះ​ នាង​ខ្ញុំ​បាន​ទទួលស្គាល់​ការ​ពិត​ហើយ​ហើយ​ក៏​ឈប់​ខ្មាស​គេ​ទៀត​ដែរ​ថា ​ខ្ញុំ​ជា​ជន​ពិការ​ត្រូវ​តែ​រៀន​រស់​ទទួលស្គាល់​ខ្លួនឯង នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ចង់អោយ​ខ្លួនឯង​ទៅ​ជា​បែប​នេះ​ទេ​ មិន​ថា​ខ្ញុំ​និង​អ្នក​ដែល​គាត់​ពិការ​ផ្សេង​ៗ​ទៀត ​។

នាង​ខ្ញុំ​សុំ​ឱ្យ​បងប្អូន​មួយ​ចំនួន​ខ្លះ​គ្រប់​ឋាន​:​ មិនមែន​មាន​ន័យ​ថា​ទាំង​អស់នោះ​ទេ​ ព្រោះ​បង​បងប្អូន​ខ្លះ​គាត់​យល់ ដូចនេះ​សូម​បងប្អូន​ខ្លះ​មេត្តា​បើក​ចិត្ត​ទូលាយ​ កុំ​មានចិត្ត​ស្អប់ខ្ពើម​សើចយំ​ទៅ​លើ​អ្នក​ពិការ​អី​ បើ​អាច​ផ្តល់​ការងារ​ណា ​ដែល​គាត់ ឬ​ខ្ញុំ​ផ្ទាល់​ធ្វើ​បាន​ សូម​មេត្តា​បើ​ឱកាស​អោយ​ពួក​យើង​ផង។

រឿង​ទាំងអស់ ​ដែល​បាន​កើតឡើង​គឺ​សុទ្ធតែ​ជា​រឿង​អកុសល​សំរាប់​មនុស្ស​ក្នុង​លោក​ ដែល​យើង​មិន​អាច​ដឹង​ថា​វា​នឹង​​កើតឡើង​នៅ​ពេល​ណា វេលា​ណា នៅ​ពេល​ដែល​កម្ម​យើង​មក​ដល់​ ។ តើ​នៅ​មាន​បងប្អូន​ណាខ្លះ ​ដែល​ឃើញ​នាង​ខ្ញុំ​បែប​នេះ​ នៅ​មានចិត្ត​រើស​អើង​ខ្លះ​​ សូម​ប្រាប់​ការ​ពិត​មក​!!!​ នេះ​ជា​អារ​ម្ម​ណ៍​ពិត​សរសេរ​ចេញពី​បេះដូង ​។

ពៅ បញ្ញា​ពេជ្រ គឺជា​អតីត​តារាចម្រៀង​ដ៏​ល្បីឈ្មោះ និងមាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​អំឡុង​ឆ្នាំ​២០០០​ តាមរយៈ​បទ​ «ស្នេហ៍​គ្មាន​លក្ខខណ្ឌ» និង​បទ​មួយ​ចំនួន​ទៀត ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ ។ បន្ទាប់​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​ នាង​បាន​ទទួល​រង​ការ​បាញ់ ប្រហារ​ប៉ង​ផ្តាច់ជីវិត កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០០៧ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ។ រហូត​មក​ទល់​ពេល​នេះ​ ការ​បាញ់ប្រហារ​លើ​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ ហាក់​នៅ​តែ​ស្ថិត​ក្នុង​អាថ៌​កំបាំងនៅឡើយ និង​មិន​ទាន់​ត្រូវ​បាន​ស្វែងរក​យុត្តិធម៌​រហូត​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ​។

ទោះជា​យ៉ាងណា ពៅ ប​ញ្ញ​ពេជ្រ ធ្លាប់​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​នាង​មិន​ចង់​ស្វែងរក​យុត្តិធម៌​អ្វី​ទៀត​ឡើយ ពោល​គឺ​នាង​សុំ​តែ​មាន​សេចក្តីសុខ ក្នុង​នាម ​ជា​ជន​ពិការ​ម្នាក់​ប៉ុណ្ណោះ​ ៕