សូម​ចូលរួម​បដិភាគ​ផល​ប៉ះពាល់ ជាមួយ​គម្រោង​អភិវឌ្ឍន៍

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​បឹង​កក់ ត្រូវ​ចូលរួម​បដិភាគ​នូវ​ផល​ប៉ះពាល់​បន្តិចបន្តួច​នៅ​ពេល​ផ្តើមកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចូល​តំបន់​នេះ ដើម្បី​រៀបរយ​ឲ្យ​ស្រប​ទៅ​តាម​បទ​ស្ថាន​បច្ចេកទេស ឬ​ប្លង់​គោល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ។

ថ្លែង​ទៅ​កាន់​ពលរដ្ឋ​បឹង​កក់​រាប់រយ​គ្រួសារ​នៅ​ក្នុង​វេទិកាសាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា​២០១៦ នៅ​ក្នុង​បរិវេណ​វិហារ​ឥ​ស្លា​ម ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ លោក ប៉ា សុ​ជាតិ វង្ស អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ភាព​ស្មុគស្មាញ​អំពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​បឹង​កក់ មិន​មាន​ច្រក ផ្លូវ​ចេញចូល​បាន​ល្អ អាជ្ញាធរ​ត្រូវ​រក​ដំណោះស្រាយ​ដោយ​រៀបចំ​តំបន់​នេះ ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ រវាង​តំបន់​បឹង​កក់​ទៅ​នឹង​ជាមួយ​តំបន់​ដែល​មាន​ស្រាប់​។

លោក​អភិបាល​បន្ត​ថា តំបន់​នេះ​បើ​ទុក​ឲ្យ​នៅ​តែ​ចេញចូល​របៀប​ដាច់​ដោយ​ដុំ​ដូច​សព្វ​ថ្ងៃនេះ វា​មិន​បាន​ជួយ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ឡើយ ទើប​អាជ្ញាធរ​ចង់​ឲ្យ​មានការ​ត​ភ្ជាប់ ព្រោះ​បច្ចុប្បន្ន​កន្លែង​នេះ ទីតាំង​នេះ​ជា​កន្លែង​ទាល់​មួយ​។ ដូច្នេះ បើ​ចង់​ធ្វើ​ទៅ​បាន​ល្អ ទាល់តែ​មានការ​ចូលរួម​ពី​បងប្អូន និង​មានការ​លះបង់​សម្បទាន​ខ្លះ និង​រួម​ពិ​ភក្សា​ជាមួយ​គ្នា ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន​។ សាលា​រាជធានី ចង់​ឲ្យ​បង​ប្ងូ​ន​រស់នៅ ជុំវិញ​តំបន់​បឹង​កក់​នេះ​រៀបចំ​ជា​តំណាង​គណៈ​ក​ម្មា​ការ​របស់​ខ្លួន​មួយ​មាន​សង្កាត់ ខណ្ឌ​ដើម្បី​រួម​គ្នា​ពិភាក្សា​រៀបចំ​សហគមន៍​នេះ​ឲ្យ​បាន​ល្អ រៀបចំផ្ទះ​សំបែង តាម​ប្លង់​តាម​បន្ទាត់​ឲ្យ​ត្រឹមត្រូវ​ច្បាស់លាស់ អាជ្ញាធរ​រាជធានី​នឹង​ធានា​ជួយ​បងប្អូន​ឲ្យ​មានការ​រស់នៅ​បាន​ល្អ​។

លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ធានា​ជួយ​បងប្អូន​រៀបចំ​ប្រព័ន្ធ​លូ​ជូន​សហគមន៍​ទាំងស្រុង ធ្វើ​ផ្លូវ ត​ភ្ជាប់​បំពង់​ទឹក និង​ភ្ជាប់​អគ្គិសនី ដែល​បងប្អូន​បំបែក​ទៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ការ​ប្រើប្រាស់​ធានា​សុវត្ថិភាព​។ តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​១ និង​ភូមិ​៦​ក្នុង​តំបន់​បឹង​កក់​បាន​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់ ដែល​អាជ្ញាធរ​រៀបចំ​បើកផ្លូវ​ឲ្យ​មាន​ប្រព័ន្ធ​រវាង​បណ្តា​ផ្លូវ​ក្នុង​សហគមន៍​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ដទៃ​ទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។

​ពួក​គាត់​បន្ត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ជុំវិញ​នៅ​តំបន់​អភិ​វ​ឌ្ឃ​ន៍​បឹង​កក់​នេះ ប្រជាពលរដ្ឋ​ក៏​បាន សំណូមពរ​ឲ្យ​អាជ្ញាធរ ជួយ​ព​ន្លឿ​ន​រាល់​បញ្ហា​ទឹក ភ្លើង ផ្លូវ និង​ដាក់​លូ​ឲ្យ​បាន​ឆាប់​ផង​ដែរ ព្រោះ​នៅ​ពេល​មាន​ភ្លៀង ពួក​គាត់​តែងតែ​ប្រឈម​ទៅ​នឹង​ការ​លិចលង់​ជា​រៀង​រាល់​ឆ្នាំ​។ សូម​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​បឹង​កក់​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​សម្បទាន​ដី​ចំនួន​១២,៤៤​ហិ​កតា ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ដើម្បី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​ជូន​បង ប្អូន​ទៅ​តាម​គោល​ការ​របស់​រដ្ឋ​៕