សហគមន៍ អាស៊ាន​ត្រូវមាន​ការឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទើប​ខ្លាំង​បាន​ និពន្ធដោយ : ថ្មីៗ       September-07-2016, 8:59 pm         385

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សហគមន៍ អាស៊ាន​ត្រូវមាន​ការឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទើប​ខ្លាំង​បាន​ «​ការកែប្រែ​ទស្សនវិស័យ​ទៅជា​ភាព​ពិតប្រាកដ​ដើម្បី​ការផ្លាស់ប្តូរ​នៃ​សហគមន៍​អាស៊ាន​»​ក្លាយជា​បាវចនា​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១៦ នៅ​ឡាវ​។ ដើម្បី​សម្រេចបាន​សមិទ្ធផល​អ​នុ​លោម​តាម​បាវចនា​នេះ ឡាវ​ជា​ប្រធាន​និង​សមាជិក​ឯទៀត សម្រេច​អនុម័ត​ឯកសារ​ស្នួល​មួយចំនួន​ផង ដើម្បី​ព​ន្លឿ​ន​សមាហរណកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​។
ថ្វីបើ​អាស៊ាន​លូតលាស់​ទៅមុខ​រហ័ស​ក្តី ការ​សាមគ្គី​និង​ឯកភាពគ្នា​ផ្ទៃក្នុង​មិនសូវមាន​ឡើយ​។ ដូច្នេះហើយ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ក៏បាន​ឆ្លៀត​អំពាវ​ឲ្យ​អាស៊ាន​រួមគ្នា​ជា​ធ្លុង​មួយ​និង​បញ្ចេញ​សំឡេង​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​។ អាស៊ាន​នឹង​ខ្លាំង ហើយ​រឹងមាំ និង​អាច​ដោះស្រាយ​បញ្ហា​យ៉ាង​មាន​ប្រសិទ្ធភាព ដរាបណា សមាជិក​អាស៊ាន​ចាប់ដៃគ្នា សាមគ្គី​គ្នា​ហើយ​ដើរ​ទៅមុខ​ទាំងអស់គ្នា​។​

​ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ឡាវ Thongloun Sisoulith បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ប្រឹងប្រែង​និង រួម​សាមគ្គី​គ្នា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥  រួមទាំង​ផែនការមេ​នៃ​សហគមន៍​ទាំងបី​របស់​អាស៊ាន​ផង​ដើម្បី​ព​ន្លឿ​ន​ការកសាង​សហគមន៍​អាស៊ាន​ទាំងមូល​។​

 ជា​ស្មារតី​រួម​របស់​អាស៊ាន និង​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឡាវ​បានសម្រេច​អនុម័ត​យក «​ការកែប្រែ​ទស្សនវិស័យ​ទៅជា​ភាព​ពិតប្រាកដ​ដើម្បី​ការផ្លាស់ប្តូរ​នៃ​សហគមន៍​អាស៊ាន​»​ជា​បាវចនា​របស់​អាស៊ាន​ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​ឆ្លៀតឱកាស​ពេល​ថ្លែង​បើក​កិច្ចប្រជុំ​នេះ លោក Thongloun Sisoulith បានលើកឡើង​ពី​សមិទ្ធផល​ដែល​អាស៊ាន​សម្រេចបាន​កន្លង​មក​ក្នុង​រយៈពេល ៥​ទសវត្ស​មក និង​ការសម្រេចបាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ផុស​រូបរាង​ឡើង​ថ្ងៃ  ៣១ ធ្នូ ២០១៥​ផង​។ ឡាវ​ជា​ប្រធាន​អាស៊ាន​លើកដំបូង បើ​រាប់​ចាប់ពី​ពេលដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​បង្កើត​ឡើងមក​នោះ​។​

​ត្រឡប់មកវិញ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ ២០១៦ នេះ ឡាវ​បានកំណត់​ចំណុច​អាទិភាព​ចំនួន ៨ ដែល​គ្របដណ្តប់​លើ​សហគមន៍​ទាំងបី​របស់​អាស៊ាន​។

​លោក នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​បាន​ន្ថែ​ម​ថា ចំណុច​អាទិភាព​ទាំ ៨ នឹងត្រូវ​ផ្លាស់ប្តូរ​ទៅ​គម្រោង និង​ឯកសារ​គោល​ជាច្រើន​ក្នុងនោះ​មាន​ផែនការមេ​ស្តីពី​ការផ្សាភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ (Master Plan on ASEAN Connectivity 2025)  និង​គំនិត​ផ្តួចផ្តើម​នៃ​ផែនការ​ការងារ​ជំហាន​ទី​៣ ជំរុញ​ការ​សមាហរណកម្ម​អាស៊ាន (Initiative for ASEAN Integration Work Plan III )​។

​យ៉ាងណា​ក៏ដោយចុះ ថ្វីបើ​អាស៊ាន​ក្លាយជា​តំបន់​ដែល​រីកលូតលាស់​រហ័ស​ខាង​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​ក៏ដោយ  អាស៊ាន​ហាក់​មិនទាន់មាន​ឯកភាពគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​តំបន់​ឡើយ​។ ការរក្សា​ឯកភាព​និង​សាមគ្គីភាព​គ្នា​ផ្ទៃក្នុង​រវាង​សមាជិក​អង្គការ​តំបន់​នេះ​នៅ​មិន​រឹងមាំ​ឡើយ ហើយ​វា​នឹងមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា នៅពេល​អាស៊ាន​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​ប្រយោជន៍​ប្រយោជន៍​សមាជិក​នីមួយ​។ ដូច​ឃើញស្រាប់ ការខ្វែងគំនិត​គ្នា​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​អាស៊ាន នៅពេល​សមាជិក​ដូចជា ឡាវ និង​កម្ពុជា​រង​សម្ពាធ​ពី​មហា​យក្ស​ចិន​ខ្លាំង​។​

១. «​ការផ្សាភ្ជាប់​អាស៊ាន​»​ជា​សរសៃឈាម​អាស៊ាន​
​ក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ មេដឹកនាំ​អាស៊ាន​ទាំង ១០ បាន​ឯកភាពគ្នា​អនុម័ត​ផែនការមេ​ដែល​ជំរុញ​ឲ្យ​ឲ្យ​មានការ​ផ្សាភ្ជាប់​ទូទាំង​អាស៊ាន​ទាំងមូល​ឆ្នាំ ២០២៥ ដែល​ជំនួស​ឲ្យ​ផែនការមេ​ជំរុញ​ការផ្សាភ្ជាប់​ឆ្នាំ ២០១០​។ ផែនការ​នេះ​មាន​ឈ្មោះថា «​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥» ហើយ​វា​មាន​គោលដៅ​សំខាន់​ពង្រីក​ការតភ្ជាប់​រវាង​ប្រជាជន​នៃ​ប្រទេស​នៅក្នុង​តំបន់​។ ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​នេះ មាន​ចំណុច​យុទ្ធសាស្ត្រ​ចំនួន​៥ កើតចេញពី​ការពិភាក្សា​គ្រប់​ស្ថាប័ន​របស់​អាស៊ាន និង​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​វា​ផ្តោត​សំខាន់​លើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដោយ​ចីរភាព​,​ការច្នៃប្រឌិត​ផ្នែក​ឌីជីថល​, ការដឹកជញ្ជូន​, ការគ្រប់គ្រង​បទបញ្ញត្តិ និង​ការ​បម្លាស់​ទី​របស់​ប្រជាជន​។​

២.​អាស៊ាន​អនុម័ត​«​ផែនការ​ការងារ​បន្ថែ​ម​ដើម្បី​ព​ន្លឿ​ន​សមាហរណកម្ម​តំបន់​
​ក្រៅពី​ផែនការ​ជំរុញ​ឲ្យ​មានការ​ផ្សាភ្ជាប់​ក្នុង​តំបន់​អាស៊ាន រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ មេដឹកនាំ​អាស៊ាន​ទាំង ១០ ក៏បាន​អនុម័ត​យក​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត​ដែល​ជួយ​សម្រួលការ​ដល់​សមា​ហ​រណកម្ម​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ផែនការ​ការងារ​ដែល​មាន​រយៈពេល ៥ ឆ្នាំនេះ ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អាស៊ាន ២០២៥ ដែល​អាស៊ាន​បានអនុម័ត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី​។  ចក្ខុវិស័យ​អាស៊ាន ២០២៥ ផ្តោតលើ​ការរីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​, ការកាត់បន្ថយ​គម្លៀត​នៃ​ការ​អភិរ​ឌ្ឍ​, ពង្រឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​គាំទ្រ​ការអនុវត្ត​ផែនការមេ​នៃ​សហគមន៍​ទាំងបី​របស់​អាស៊ាន​ផងដែរ​។

៣. «​អាស៊ាន​ត្រូវការ​សំឡេង​តែមួយ​»​ដើម្បី​មានអំណាច​ចរចា​កាន់តែខ្លាំង​
​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន​ជា​ចំណុច​ស្នូល​និង​ជា​កម្លាំងចលករ​ជំរុញ​ឲ្យ​អាស៊ាន​ឆ្ពោះទៅរក​ភាពជោគជ័យ​។ ប៉ុន្តែ​មកទល់​ត្រឹមនា​ទីនេះ អាស៊ាន​មិនសូវមាន​ឯកភាព​ផ្ទៃក្នុង​ប៉ុន្មាន​ឡើយ​។ វា​អាចមាន​អាស្រ័យ​លើ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ប៉ុណ្ណោះ ហើយ​ប្រទេស​សមាជិក​ទោះ​ជិះ​លើ​ទូក​តែមួយ​មែន តែមាន​ទាន់​ដាក់ចិត្ត​ដាក់​កាយ​ជ្រើស​រើសយក​ប្រយោជន៍​រួម​ជាធំ​ឡើយ​។​

​ទាក់ទិន​បញ្ហា​នេះ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍ លោក លី សៀន​ឡុង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ឆ្លៀតឱកាស​អំពាវនាវ​ទៅកាន់​បណ្តា​មេដឹកនាំ​អាស៊ាន ឲ្យ​រួមគ្នា បញ្ចេញ​សំឡេង​តែមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​អាស៊ាន​។ លោក​ទទួលស្គាល់ថា អាស៊ាន​មាន​ចម្រុះ​ភាព​នយោបាយ ប្រពៃណី សាសនា សេដ្ឋកិច្ច និង​ទីតាំង​ភូមិសាស្ត្រ​មែន តែ​ដើម្បី​ភាពខ្លាំង​របស់​អាស៊ាន​និង​ការលូតលាស់​ទាំងអស់គ្នា​អាស៊ាន​ត្រូវ​ទុក​វា​ដោយឡែក​។

​លោក លី​សៀន​ឡុង​បាន​ពន្យល់ថា កាលណា​បើ​សមាជិក​អាស៊ាន​មាន​ឯកភាពគ្នា​និង​មាន​សំឡេង​រួមគ្នា​មួយ អាស៊ាន​នឹងមាន​អំណាច​ខ្លាំង​ក្នុង​ការចរចា និង​មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ដោយមាន​ប្រជាជន​សរុប​ច្រើនជាង ៦០០​លាន​នាក់ អាស៊ាន​មិនមែន​ដូច​តំបន់​ដទៃទៀត​ឡើយ ព្រោះ​អាស៊ាន​សេដ្ឋកិច្ច​ធំ​ហើយ​មាន​ប្រជាជន​ច្រើន​ផង​។ ដូច្នេះ សមាជិក​អាស៊ាន​នីមួយៗ​មិនគួរ​បណ្តោយ​ឲ្យ​ភាព​ប្លែក​គ្នាៗ​រវាង​សមាជិក​នេះ​បំបែកបំបាក់​អាស៊ាន​ទាំងមូល​ដែរ​៕