បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

ខេត្តកំពង់ចាម ៖ ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​ធ្វើការ​កែ​ច្នៃ ដោយ​បាន​យក​គ្រាប់ កាំភ្លើង​អាកា​៣​គ្រាប់ ចង​រុំហើយ​ដុត​ឲ្យ​ផ្ទុះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ​ដែល​រស់ នៅ​ក្បែរ​នោះ​។  ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ២០១៦​។

នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ខៀវ ផា​ន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ដូនតី ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ  សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យសមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់  អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ មិនដឹង​ចេញពី​ប្រភព​ណា​មក​នោះ​ទេ  ដោយ​បាន​យក​គ្រាប់កាំភ្លើង​ដែល​កែ​ច្នៃ​ចង​ផ្អោបគ្នា​នឹង​របស់​ងាយ​ឆេះ ហើយ​បាន​បង្ក​ឲ្យ​ផ្ទុះ​ឡើង​ទៅ​ត្រូវ​ទ្វារ​ដែក នៅ​បន្ទប់​ខាងក្រោម​ផ្ទះ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា  ក្រោយ​ពី​មាន​ហេតុ​ការ​ផ្ទុះ​គ្រាប់​ខាងលើ​នេះ  ម្ចាស់ផ្ទះ បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍   ក៏​ដូច​ជា​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បាន​សហ​ការណ៍​គ្នា ប្រញាប់​ចុះ​ទៅ​កាន់​កន្លែង​កើត ហេតុ​ជា​បន្ទាន់​។

លុះ​នៅ​ព្រឹក​ឡើង លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ខេត្ត ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដោយ​បាន​សួរនាំ​ម្ចាស់ផ្ទះ​គ្រាន់តែ​ដឹង​ថា​កន្លង​មក​ធ្លាប់​មាន​បញ្ហា ទំនាស់​ជាមួយនឹង​អ្នក​ភូមិ​៣​ទៅ​៤​នាក់ តែ​តាម​ការ​ពិនិត្យ​ស៊ីជម្រៅ​នោះ​គឺ​មិន​មានរឿង​អ្វី​ធំដុំ​ទេ  ហើយ​ម្ចាស់ផ្ទះ​ប្រុស​ខាងលើ​តែងតែ​ទៅ​វត្ត​សុំ​សីល ប្រតិបត្តិ​ធម៌​តាម​ឱវាទ ព្រះពុទ្ធ​ផង​។

ក្នុង​ករណី​ដាក់​គ្រាប់កាំភ្លើង​អាកា   ដែល​បាន​ចង​ផ្អោប​គ្នា​ឲ្យ​ផ្ទុះ​នៅ​ខាងក្រៅ​ផ្ទះ ៤​គ្រាប់​ដាក់​រំសេវ​នោះ​មិន​បាន​ត្រូវ​របួស​សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​នោះ​ទេ  ដោយ​គ្រាន់តែ ត្រូវ​ដែក​ទ្វាររបង​ធ្លុះធ្លាយ​តិចតួច​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បញ្ជាក់​ថា ករណី​ដែល​ផ្អើល​ថា​ផ្ទុះ​គ្រាប់បែក​នៅ​ភូមិ​ឃុំ​ខាងលើ​នោះ​មិនមែន​ជា​ការ​ពិត​ទេ គឺ​ក្រុមបច្ចេកទេស​បាន​ចុះ​ទៅ​ពិនិត្យ ឃើញ​ថា​ជនសង្ស័យ​បាន​យក​គ្រាប់​អាកា​៣​គ្រាប់ ចង​ផ្អោប​គ្នា​រួច​ដុត បង្ក​ឲ្យ​ផ្ទុះ​ខ្លាំង​មិន​មាន​ត្រូវ​របួស​ស្នាម​ដល់​សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​ទេ ហើយ​ករណី​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​បាន​ជន
សង្ស័យ​ម្នាក់​បញ្ជូន​មក​កាន់   ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ហើយ​ដែរ ៕