ជំងឺ ហ្សីកា ឆ្លង​មក​ដល់​ម៉ាឡេស៊ី តាម​រយៈ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់

ប្រទេសម៉ាឡេស៊ី បានប្រកាសករណីឆ្លងជំងឺ ហ្សីកា (Zika) លើកដំបូងរបស់ខ្លួន តាមរយៈស្ត្រី​មានផ្ទៃ​ពោះ​ម្នាក់។ គេ​មិន​ដឹង​ថា តើស្ត្រីម្នាក់នេះ ឆ្លងយកជំងឺហ្សីកា ដោយរបៀបណាទេ តែចំណុចសង្ស័យតែមួយគត់ គឺដោយ​សារ​ស្ត្រី​អាយុ​២៧ឆ្នាំ​រូប​នេះ បានធ្វើដំណើរទៅកាន់ស៊ាំងហ្គាពួរ ប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែល​កំពុង​ឆ្លង​រីក​រាលដាល នូវជំងឺនេះ ប្រមាណជា១៥០ករណីហើយ។
ជំងឺ ហ្សីកា ឆ្លង​មក​ដល់​ម៉ាឡេស៊ី តាម​រយៈ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់

ការបាញ់ផ្សែងសម្លាប់មូស នៅក្នុងប្រទេសសាំងហ្គាពួរ ដើម្បីការពារការរីករាលដាលជំងឺហ្សីកា។ (រូបថត Reuters)

ជាមួយនឹងការរកឃើញ នូវករណីឆ្លងលើកដំបូងនេះ ចូលមកកាន់ប្រទេសខ្លួន អាជ្ញាធរសុខាភិបាល​ម៉ាឡេស៊ី កំពុងបារម្ភពីលទ្ធភាព នៃការចម្លងរីករាលដាល ដែលមានចំនួនដ៏ច្រើន សម្រាប់ជំងឺ ហ្សីកា (Zika) ដ៏​ប្រល័យ​នេះ។

លោក «Subramaniam Sathasivam» រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងគិតថាចំនួនអ្នកឈឺជំងឺនេះ នឹងកើនឡើងខ្លាំង ជាពិសេសនៅក្នុងទីក្រុង "Johor Bahru" ដែលជា​ទីក្រុង​មួយ ស្ថិតនៅក្បែរប្រទេសស៊ាំងហ្គាពួរជាងគេ។ យើងបានរកឃើញ នូវករណីឆ្លងជំងឺថ្មីៗ ជាញយ​ដង​មក​ហើយ។ ហើយដើម្បី​បញ្ជៀសបញ្ហានេះ គេត្រូវការពារ និងត្រួតពិនិត្្យតំបន់ ដែលសម្បូរដោយមូស និងមូស​ពង។»។

ចម្លងតាមការរួមភេទ...

ប៉ុន្តែជំងឺ ហ្សីកា មិនមែនត្រូវបានចម្លងមក តាមតែភ្នាក់ងារចម្លង​ ដែលជាប្រភេទសត្វមូស «Aedes (ឬមូសខ្លា)» នោះ​ឡើយ ប៉ុន្តែជំងឺនេះ​ក៏ត្រូវបាន​គេរក​ឃើញថា វាបានឆ្លងតាមការរួមភេទនោះដែរ។ អ្នកជំងឺ៤នាក់ ក្នុង​ចំណោម​៥នាក់ មិនបានបង្ហាញ ពីរោគសញ្ញា​អ្វីពិតប្រាកដនោះ។ មួយចំនួនទៀត បាន​បង្ហាញ​​តាម​​រយៈ​​ការ​ឡើង នូវ​កន្ទួល​ពង​បែក​​តូច-ធំ​ពណ៌​ក្រហម និងការឈឺចុកចាប់​សន្លាក់ដៃជើង ឬសាច់ដុំជាពិសេស។ ក្នុង​ចំនួន​ហនិភ័យដ៏ខ្ពស់ ស្ត្រីមានផ្ទៃពោះ​​ដែលបានឆ្លងជំងឺ ហ្សីកា អាចនឹងបន្តចម្លងជំងឺនេះ ជាបន្តទៅកាន់កូន​ក្នុងផ្ទៃ​របស់​ខ្លួន។

ចាប់ពីពេលនេះតទៅ អង្គការសុខភាពពិភពលោក (ហៅកាត់​តាមភាសាអង់គ្លេស "WHO" និងតាម​ភាសា​បារាំង "OMS") បានកំណត់ឲ្យបណ្ដាជន ដែលវិលត្រឡប់មកពីតំបន់ ដែលរងការរីករាលដាល ដោយជំងឺ ហ្សីកា ធ្វើការការពារការរួមភេទរបស់ខ្លួន (ដូចជាតមមិនរួមភេទ ឬពាក្យស្រោម) ក្នុងរយៈពេលតិចបំផុត​៦ខែ។ រយៈពេលនេះ ច្រើនជាងកាលកំណត់ នៃការការពារនេះ កាលពីពេលកន្លងមក ដែលមានរយៈពេល​ត្រឹមតែ​៨សប្ដាហ៍៕

» វីដេអូបទយកការណ៍មួយ ស្ដីពីការព្រមានរបស់អង្គការសុខភាពពិភពលោក ទាក់ទងនឹងការរីករាលដាល នៃជំងឺហ្សីកា៖