បទ “ក្រម​ប្រតិបត្តិ​អង្គរ”​ បណ្ដុះ​គំនិត​ថែ​រក្សា​ការ​ពារ​​តំបន់​អង្គរ​

បទ​ស្នាដៃ​និពន្ធ​ថ្មី​ ពី យាយ ខ្លា និង​ រំដួល​​លិច​ទឹក​​ ចំណង​ជើង​ថា​ “ក្រម​ប្រតិបត្តិ​អង្គរ”​ ដែល​សហការ​ជាមួយ​ឯកឧត្ដម សុខ សង្វារ អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា​ ទទួល​បន្ទុក​ក្រុម​ការងារ​អនុវត្ត​ផែនការណ៍​ទេសចរណ៍ ធ្វើឡើង​ដើម្បី​​ជា​សារ​ប្រាប់​ទៅ​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់​អង្គរ​ឲ្យ​គោរព ​និង​ឲ្យ​តម្លៃ​ទៅ​លើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ចង់​បង្ហាញ​ពី​ភាព​ស្រស់​​​ត្រកាល​នៅ​តំបន់​អង្គរ ។

 

បទ “ក្រម​ប្រតិបត្តិ​អង្គរ”​  បណ្ដុះ​គំនិត​ថែ​រក្សា​ការ​ពារ​​តំបន់​អង្គរ​

 

​យាយ​ ខ្លា និង​ រំដួល​លិចទឹក​ ​​អ្នក​និពន្ធ បទ​នេះ​​បាន​ថ្លែង​មក​កាន់​ Sabay ​ដូច​​គ្នា​ថា​៖ “ការរៀបចំ​​ធ្វើ​បទ​ខាង​លើ ចេញជា​ MV​ ដោយសារ​ថ្មីៗ​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សម្ពោធ​ដាក់​ឲ្យ​អនុវត្តន៍​នូវ​ក្រម​ប្រតិបត្តិ​អង្គរ​ ដែល​ជា​សារ​ប្រាប់​ទៅ​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​នានា ​អោយ​​ចូលរួម​ថែរក្សា​ការពារ​ឲ្យ​បាន​យូរ​អង្វែង​តទៅ។ បទ​នេះ​នឹង​ចាប់​ផ្តើម​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ​”។

 

បទ “ក្រម​ប្រតិបត្តិ​អង្គរ”​  បណ្ដុះ​គំនិត​ថែ​រក្សា​ការ​ពារ​​តំបន់​អង្គរ​ឯក​ឧត្តម​ សុខ សង្វារ រូប​កណ្តាល

 

ជួប​ជាមួយ​ ឯក​ឧត្តម​ សុខ សង្វារ មាន​ប្រសាសន៍​ថា ការ​រួម​ចំណែក​សម្រាប់​ការ​ធ្វើ​បទ​ចម្រៀង “ក្រម​ប្រតិបត្តិ​អង្គរ” ​នេះ​ពិត​ជា​សំខាន់​ណាស់​។ ​​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា ​ជាមួយ​រំដួល​លិចទឹក និង​ យាយ ខ្លា រួចមក ឯក​ឧត្តម ​ពិនិត្យ​ឃើញ​ថា​​ ​ខ្លឹមសារ ​និង​បទ​ភ្លេង​ មាន​ការ​ឯក​ភាព​គ្នា​ ត្បិត​អី​មិន​​បាន​​ខុស​ពី​អ្វី​ដែល​បាន​ចែង​ក្នុង​ក្រម​ប្រតិបត្តិ​អង្គរ។

 

បទ “ក្រម​ប្រតិបត្តិ​អង្គរ”​  បណ្ដុះ​គំនិត​ថែ​រក្សា​ការ​ពារ​​តំបន់​អង្គរ​

 នេះ​ជា​សេចក្តី​ហាម​ប្រាម​ដែល​បាន​ចែង​ក្នុង​បញ្ញតិ្ត​ ក្រម​ប្រតិបត្តិ​អង្គរ

 

ឯក​ឧត្តម​ សុខ សង្វារ ថ្លែង៖ “បទ​នេះ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ចេញ​ជា​ MV ទើប​តែ​ថ្មីៗ​នេះ ​​ពួក​យើង​បាន​សហការ​គ្នា​ ផលិត​ចេញ​មក​ និង​ដើម្បី​ថែរក្សា​វប្បធម៌​ ក៏​ដូច​ជា​​កេរដំណែល​ប្រាសាទ​បុរាណ​ ​ឲ្យ​រក្សា​​បាន​នៅមុខ​មាត់​ល្អ​ប្រសើរ​។ ដែល​បទ​នេះ​ទៀត​សោត​ បាន​អប់​រំ​បងប្អូន​ជាតិ​ និង​អន្តរ​ជាតិ​នានា​ ពេល​ដែល​បាន​មក​ទស្សនា​ប្រាសាទ​ គួរ​គប្បី​ស្លៀក​សំលៀក​បំពាក់​សមរម្យ មិន​ខ្លី មិន​វាល​ខ្នង​ជា​ដើម”។​

 

​អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បន្ទុក​ក្រុម​ការងារ​អនុវត្ត​ផែនការណ៍​ទេសចរណ៍ខាង​លើ បន្ថែម​ទៀត​ថា​​ រាល់​ការ​ថត​ MV ស្ដី​ពី​ “ក្រម​ប្រតិបត្តិ​អង្គរ”​ នេះ​ គឺ​មាន​ការ​សហការ​គ្នា​ជា​ចាំ​បាច់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ MV មួយ​នេះ​ទទួល​បាន​លទ្ធ​ផល ជា​ពិសេស​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ សម្រាប់​ផ្សព្វ​ផ្សាយ​ទៅកាន់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិដែល​បាន​មក​ទស្សនា​តំបន់​ប្រាសាទ​ទាំង​មូល​៕

 

អត្ថបទ៖ ថា ម៉ាលីដា