​ចង់​បង្ការ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ គួរ​ធ្វើ​បែប​ណា​ទៅ​?

​ចង់​បង្ការ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ គួរ​ធ្វើ​បែប​ណា​ទៅ​?

​កាលពី​លើក​មុន ខ្ញុំ​បាន​បង្ហាញ​រួចមកហើយ អំពី​មនុស្ស​ប្រភេទ​ណា ដែល​ងាយ​នឹង​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ក៏ដូចជា​អាការៈ​របស់​ជំងឺ​នេះ​រួចហើយ​។ នៅពេលនោះ ក៏​មាន​មិត្ត​អ្នកអាន​របស់​យើង​ជាច្រើន ចង់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​នេះ ជាពិសេស អ្នក​ដែល​ដឹង​ថា​ខ្លួនឯង កំពុងតែ​ប្រឈម​នឹង​ជំងឺ​នេះ​តែម្តង​។

​បើសិន​ជា​អ្នក ពិត​ជា​មនុស្ស​ដែល​ស្ថិតក្នុង​ក្រុម ប្រឈម​ខ្ពស់​នឹង​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មែន អ្វី​ដែល​អ្នក​អាច​ធ្វើបាន គឺ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ដើម្បី​ទទួលបាន​សុខភាព​ល្អ​ជាង​មុន  នឹង​បន្ថយ​ការប្រឈមមុខ​បាន​ហើយ​។

របប​អាហារ​មាន​ជាតិ​ខ្លាញ់​តិច តែ​ជាតិ​សរសៃ​ខ្ពស់​
ជាតិ​ខ្លាញ់ ជាពិសេស​ខ្លាញ់ Saturated Fats ដែល​មាន​ក្នុង​សាច់​សត្វ ប័រ និង​ផលិតផល​ផ្សេងៗ​ទៀត ដែល​ធ្វើ​ពី​សត្វ សុទ្ធតែ​ជាប់​ទាក់ទង​នឹង​បញ្ហា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ចំពោះ​ខ្លាញ់ Monounsaturated Fats (​ប្រេង​អូ​លីវ​) ឬ​អូ​មេហ្គា​បី ដែល​មាន​ក្នុង​ត្រី អាច​ជំនួស​បាន​។ ជាមួយគ្នានេះដែរ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។​

ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​គឺ​មិន​អី​ឡើយ​
ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ប៉ុន្តែ វា​បែរជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​មហារីក​សុដន់ លើ​មនុស្ស​ស្រី​ទៅវិញ​។ ជាមួយគ្នានេះដែរ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ជំងឺថ្លើម មិនគួរ​ញ៉ាំ​គ្រឿង​ស្រវឹង​សោះឡើយ​។

ញ៉ាំ​កាហ្វេ​មួយ​ពែង​
ការសិក្សា​ខ្លះ​បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ អាច​ភ្ញោ​ច​ឲ្យ​ថង់ទឹកប្រមាត់​ច្របាច់ ហើយ​បន្ថយ​ភាព​ខាប់​របស់កូ​ឡេ​ស្តេ​រ៉ុលក្នុង​ទឹកប្រមាត់ កុំ​ឲ្យទៅ​ជា​គ្រួស​បាន​។

ថែរក្សា​ទម្ងន់​
អ្វី​ដែល​អ្នក​អាច​ធ្វើបាន គឺ​ថែរក្សា​ទម្ងន់ ឲ្យនៅ​មាន​សុខភាព​ល្អ​ជា​និច្ច​។ បើសិន​ជា​អ្នក​មិន​ប្រាកដ​ថា គួរ​សម្រក​ទម្ងន់​បែបណា ដើម្បី​ទទួលបាន​សុខភាព​ល្អ​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។