លោក ស៊ុន សុធា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ​អជីវ​ករ​ដឹកទំនិញ​តាមផ្លូវ​ជាតិ​លេខ​៤ និង​លេខ​៥​ថ្ងូរ​ឲ្យ​រហ៊ឹះ​

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញផ្លូវជាតិលេខ៤ និងលេខ៥ បានរអ៊ូរទាំថា បច្ចុប្បន្ន លោក ស៊ុន សុធា មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលទទួលបានការចាត់តាំងឲ្យចុះស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺ កំពុងប្រើប្រាស់អំណាចគោះជំរិតយកលុយ ពីពួកគាត់ ប៉ុន្តែលុយនោះគេមិនដឹងថាលោក ស៊ុន សុធាប្រមូលយកទៅបញ្ចូលថវិការជាតិឬប្រមូលច្រកហោប៉ៅខ្លួនឯងនោះទេ ។ ជាក់ស្តែងលោក ស៊ុន សុធា បានចាត់តាំងកម្លាំងក្រោមឱវាទជាច្រើននាក់ឲ្យធ្វើសកម្មភាពប្រមូលលុយពីឈ្មួញដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត ទោះបីទំនិញស្របច្បាប់ឬទំនិញខុសច្បាប់យ៉ាងណាក៏ដោយ គេមិនដែលឃើញលោក ស៊ុន សុធា បញ្ចេញស្នាដៃបង្ក្រាបទំនិញខុសច្បាប់ទំនិញគេចពន្ធ ឬការរត់ពន្ធបទល្មើសផ្សេងៗដូចជាឈើបានមួយករណីឡើយ។

មានការលើកឡើងថាលោក ស៊ុន សុធា កំពុងបំពានលើការងាររបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនេះ យ៉ាងពេញបន្ទុកព្រោះអាងមានលិខិតបេសកកម្មនៅក្នុងដៃ។ ប្រភពបានឲ្យដឹងទៀតថា នៅលើផ្លូវជាតិលេខ៤ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យនៅស្រុកភ្នំស្រួច ដើម្បីជំរិតយកលុយពីឈ្មួញដឹកទំនិញទាំងស្របច្បាប់ ទាំងខុសច្បាប់ ហើយជាពិសេសរថយន្តដឹកឈើខុសច្បាប់គឺជាប្រភពចំណូលដ៏ធំរបស់លោក ស៊ុន សុធា ដែលមានអ្នករិះគន់ថាលោក ស៊ុន សុធា មានទឹកមាត់លេបដោយសារបទល្មើស តែក៏មិនដែលហ៊ានបង្ក្រាបឡើយព្រោះរក្សាទុកជាឆ្នាំងបាយ។ ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញត្រូវបង់លុយតាមការកំណត់ទារបស់កូនចៅលោក ស៊ុន សុធា បើមិនដូច្នេះទេត្រូវប្រឈមនឹងការរំខានចៀសមិនផុតឡើយ ហេតុនេះហើយទើបឈ្មួញត្រូវបង្ខំចិត្តទាំងក្តៅក្រហាយ។

ចំណែកនៅលើផ្លូវជាតិលេខ៥ គឺក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់លោក ស៊ុន សុធា បានដាក់បុស្ដិ៍ត្រួតពិនិត្យជិតផ្សារឧដុង្គ ហើយតម្រូវឲ្យម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទបង់លុយតាមការកំណត់។ ក្នុងនោះរថយន្តដឹកទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងរថយន្តដឹកឈើប្រណីតគឺជាប្រភពចំណូលដូចភ្លៀងរលឹម ហើយសូម្បីតែរថយន្តដឹកកសិផលដឹកអុស ធ្យូង របស់ ក៏កូនចៅលោក ស៊ុន សុធា តម្រូវឲ្យបង់លុយដោយគ្មានការលើកលែងដែរ។ ជាមួយគ្នានេះអ្នករកស៊ីដឹកទំនិញទាំងឈ្មួញតូចតាចបានលើកឡើងថា លោក ស៊ុន សុធា តែងតែអួតប្រាប់គេឯងថា គាត់ប្រមូលប្រាក់នេះយកទៅជូនថ្នាក់លើតែគេមិនដឹងថាថ្នាក់លើនោះជានរណានោះទេ។ ជាក់ស្តែងលោក ស៊ុន សុធា ចាត់តាំងកម្លាំងដាក់ប៉ុស្តិ៍សំកុកចាំប្រមូលលុយភាគច្រើនពីបទល្មើស ហើយមិនដែលមានស្នាដៃបង្ក្រាបបានមួយករណីនោះទេ។

ប្រជាពលរដ្ឋអ្នករកស៊ីដឹកទំនិញតាមផ្លូវជាតិលេខ៤ និងលេឋ៥បានសំណូមពរយ៉ាងទទូចដល់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ស៊ុន សុធា និងបក្ខពួកជាបន្ទាន់ ព្រោះមន្ត្រីនគរបាលរូបនេះ កំពុងប្រើប្រាស់លិខិតបេសកកម្មដើម្បីប្រមូលលុយតាមរបៀបពុករលួយផ្ទាល់ខ្លួនបង្កការលំបាកដល់ពួកគាត់ជាប្រចាំ។ ហើយទង្វើនេះធ្វើឲ្យប៉ះពាក់ដល់មុខមាត់ស្ថាប័ននគរបាលយ៉ាងធ្ងន់ធ្ងរទៀតផង៕