ពុទ្ធោ ! រក​ឃើញ​ផ្ទះ​១​ល្វែង​ផ្ទុក​វៀតណាម​ច្រើន​ដល់​ម្លឹ​ង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​រក​ឃើញ​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​១៣៧​នាក់ ក្នុង​សម្លៀក​បំពាក់​ជា​ជាងសំណង់ ដែល​ឆ្លង​ដែន​ចូល​មក​ធ្វើ​ជា​កម្មករ​សំណង់ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស្របច្បាប់ ដែលក្នុង​នោះមួយ​ចំនួន​គ្មាន​លិខិតឆ្លងដែន គ្មានសៀវភៅ​ការងារ និង​មួយ​ចំនួន​ទៀតមាន​លិខិតឆ្លងដែន ប៉ុន្តែ​គ្មាន​សៀវភៅ​ការងារ បន្ទាប់​មក​ត្រូវ​កម្លាំង​នគរបាល​ចាត់​ការណ៍​តាម​ផ្លូវច្បាប់ ។

ប្រតិបត្តិការ​នោះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៦ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ល្វែង​ខាងក្រោយ​ផ្សារសា​រឿ​ន​យ៉ា​នី ស្ថិត​ក្នុងភូមិ​តា​ឡី ក្រោម​ការ​សម្របសម្រួល ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ការ​ចុះ​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខាងលើ គឺ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ និង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែល​បានដឹង និង​ឃើញ​ជន​ជាតិ​វៀតណាម​ទាំងនោះស្នាក់​នៅ​យ៉ាង​ពពាក់ពពូននៅ​ចំណុច​ខាងលើ​ ។ ​ដោយ​មានការ​សង្ស័យ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោ​ប្រវេ​ស​ន៏ ក្រសួងមហាផ្ទៃ​ឲ្យ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​រក​លិខិត​ស្នាម​ផ្សេង​ៗ ហើយ​ឃើញ​ថា ពួក​គេ​ឆ្លង​ដែន​ និង​ស្នាក់​នៅ​ដោយ​មិន​ស្របច្បាប់​ឡើយ ។

ពួក​គេ​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ល្វែង​ខាងលើ​ជុំ​គ្នា ហើយ​នៅ​ពេល​ថ្ងៃ​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​នៅ​តាម​ទីកន្លែង​នានា​បាត់​ៗ លុះដល់​ពេល​យប់ ទើប​វិល​ត្រឡប់​ចូល​ផ្ទះ​នោះ​វិញ ។ ដូច្នេះ បើ​រក​ពេល​ថ្ងៃ ឬ​ពេល​យប់ មិន​អាច​ឃើញ​ពួក​គេ​ស្នាក់​នៅ​ទីនោះ​ទេ ទាល់តែ​រក​ពេល​ព្រលឹម​ទើប​ជួប ហើយ​បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ច្បាស់​ហើយ ក៏​បាន​ឆ្មក់​ចូល​ទៅ​ប​ង្ក្រាប​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ទាំង​១៣៧​នាក់​នោះ មាន​ស្រី​ម្នាក់ កុមា​រា​ម្នាក់ ហើយ​មាន​៩​នាក់ គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​ឡើយ ។ ចំណែក​១២៨​នាក់​ទៀត មាន​លិខិតឆ្លងដែន ប៉ុន្តែ​គ្មាន​សៀវភៅ​ការងារ ។ ដូច្នេះ ពួក​គេ​សុទ្ធតែ​អត់​ស្របច្បាប់​ទាំងអស់ ។

ក្រោយ​ពេលធ្វើការ​ត្រួតពិនិត្យ​រួចរាល់ ត្រូវ​កម្លាំង​បាន​សម្រេច​ឃាត់ខ្លួន​តែ​៩​នាក់​ប៉ុណ្ណោះ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ព្រោះ​អត់​ទាំង​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ រីឯ​១២៨​នាក់​ទៀត មាន​លិខិតឆ្លងដែន តែ​គ្មាន​សៀវភៅ​ការងារ​នោះ ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​អគ្គនាយកដ្ឋាន​ចាត់ការ​តាម​ផ្លូវច្បាប់ ។