ហួសហេតុ ! ធ្វើ​ឲ្យ​សន្លប់​រួច​ថតរូប​អាក្រាត​គំរាម​ទារប្រាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​បុរស​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ដា រិ​ទ្ធ បែក​ស្លុយ ថា​បាន​បង្ហោះ​រូបភាព​អាក្រាត​របស់​នាង​ដើម្បី​គំរាម​ទារប្រាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​រូប​នោះ​អាយុ​២៤​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ម្តុំ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

នារី​វ័យក្មេង​រូប​នោះ​បាន​រៀបរាប់​ប្រាប់​មន្ត្រី​អាវុធហត្ថ​ថា កាលពីមុន​បុរស​ម្ចាស់​គណនី​ឈ្មោះ ដា រិ​ទ្ធ បែក​ស្លុយ បាន​បបួល​នាង​ទៅ​ជប់លៀង​នៅ​បន្ទប់​ជួល​របស់​គេ​នៅ​ម្តុំ​វត្ត​សាមគ្គី​រង្សី ប៉ុន្តែ​ពេល​ទៅ​ដល់​បន្ទប់​ជួល​នោះ​គ្មាន​ឃើញ​នរណា​ម្នាក់​ឡើយ​ក្រៅពី​ជន​កំហូច​នោះ ។ ភ្លាម​ៗ​នោះ​ជន​កំហូច​នោះ​បាន​ចាប់​អូស​ដៃ​នាង​ចូល​ក្នុង​បន្ទប់​រួច​ផ្ដួល​នាង​លើ​គ្រែ​ពូក​ធ្វើ​ឲ្យ​នាង​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​ប្រតាយប្រតប់​គ្នា​រហូត​ចុង​ក្រោយ​នាង​សន្លប់​លែង​ដឹង​អ្វី​ទាំងអស់ ។ នៅ​ពេល​ដែល​នាង​ដឹងខ្លួន​វិញ ស្រាប់តែ​រាង​កាយ​របស់​នាង​អាក្រាត​ននលគក មិនដឹង​ថា​ជន​នោះ​បាន​ធ្វើ​អ្វីខ្លះ​មក​លើ​រូប​នាង​ឡើយ ។

នារី​វ័យក្មេង​រូប​នោះ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦​កញ្ញា ស្រាប់តែ​ជន​កំហូច​នោះ​បាន​ទូរស័ព្ទ​មក​នាង​និង​គំរាម​នាង​ទារប្រាក់​២០​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​អាក្រាត​របស់​នាង ពេល​នោះ​ទើប​នាង​ដឹង​ថា ម្ចាស់​គណនី ដា រិ​ទ្ធ បែក​ស្លុយ បាន​ថតរូប​អាក្រាត​របស់​នាង​ពេល​ដែល​សន្លប់​នោះ ។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​នាង​នាំ​ប្តី​របស់​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច លោក​មេបញ្ជាការ​បាន​ចាត់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ម្ចាស់​គណនី ឈ្មើ ដា រិ​ទ្ធ បែក​ស្លុយ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​ជនសង្ស័យ​ហាក់​ដឹងខ្លួន​មិន ដោយ​បាន​លុប​រូបភាព​អាក្រាត​របស់​នារី​រង​គ្រោះ​អស់ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពេល​នេះ​សមត្ថកិច្ច​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​ខាង​តែ​បាន ៕