ចេញពី​ធ្វើការ​​ជិត​ដល់​ផ្ទះ ស្រាប់តែ​ត្រូវ​ចោរឆក់​កាបូប​រហូត​ដួល​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ត្រឡប់​ពី​ធ្វើការ​ទៅ​ផ្ទះ​វិញ ខណៈ​​កំពុង​ជិះ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​ ស្រាប់តែ​ត្រូវ​ចោរឆក់​កាបូបស្ពាយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ទាំង​២​នាក់​ឪពុក​កូន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​អន្តរជាតិ វែ​ល តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អេ​ង គ​ន្ធា អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​ចេញពី​ធ្វើការ​ដោយ​ឪពុក​ជា​អ្នក​ជិះ​ម៉ូតូ​ទៅ​ឌុ​បម​ក​វិញ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ជិត​ដល់​ផ្ទះ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ម៉ាក MSX ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នាង​ដែល​ស្ពាយ​ចំហៀង​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​នាង​និង​ឪពុក​របស់​នាង​ដួល​ម៉ូតូ​រលាត់​ដៃជើង​ទាំង​២​នាក់ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​នោះ​មាន​អត្តសញ្ញាណ​បណ្ណ លិខិតឆ្លងដែន កាត​ការងារ លុយ​ជាង​១០០​ដុល្លា ទូរស័ព្ទ​ចុច​ពិល​១​គ្រឿង ទូរស័ព្ទ​ម៉ាក​សាំង​សុង​កាឡាក់ស៊ី​ណូ​ត​៣​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់​កន្លែង​កើតហេតុ សួរនាំ​ដំណើររឿង និង​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប ៕