អ្នក​ធ្វើការភាគច្រើន ថា​ចូល​ចិត្ត​ផឹក​កាហ្វេ​បំបាត់​ការ​អផ្សុក​​មិនមែនញៀន

បច្ចុប្បន្ន​​ កាហ្វេ​​ជា​ភេសជ្ជៈ​​​ពេញ​និយម​​​មួយ​​ដែល​គេ​សង្កេត​ឃើញ​ ​មនុស្ស​​ទាំង​ក្មេង​ ​ទាំង​ចាស់​ចូលចិត្តយ៉ាងខ្លាំង ​ជា​ពិសេស​អ្នក​ធ្វើ​ការ​តែ​ម្ដងទិញ​ផឹក​​​​​ស្ទើរ​រាល់​ថ្ងៃ​។ ប៉ុន្តែ​​​ភាគ​ច្រើន​ថា​មិន​មែន​ជា​ការ​ញៀន​ទេ គឺ​គ្រាន់​តែ​ផឹក​ដើម្បី​បំបាត់​ការ​អផ្សុក និង​កាត់​ស្ត្រែស​ប៉ុណ្ណោះ។

 

អ្នក​ធ្វើការភាគច្រើន ថា​ចូល​ចិត្ត​ផឹក​កាហ្វេ​បំបាត់​ការ​អផ្សុក​​មិនមែនញៀន

 

​​​​​​​លោក សាន់ លីន បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​ នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ បាន​ឲ្យ​ដឹង​ថា លោក​ជា​អ្នក​ចូល​​ចិត្ត​កាហ្វេ​ម្នាក់ មិន​ថា​នៅ​កន្លែង​ធ្វើ​ការ​ ឬ​នៅ​ផ្ទះ​ទេ លោក​តែង​​ផឹក​វា​​១​​ថ្ងៃ​​១​កែវ​មិន​ដែល​ខាន។

 

បុគ្គលិក​ IT វ័យ​២៥​រូប​នេះ​បាន​​និយាយ​ថា៖ “នៅ​ផ្ទះ​អផ្សុក ឬ​អស់​កម្លាំង​ខ្ញុំ​ទិញ​វា​ផឹក​១​កែវ​ចឹង​ទៅ។ តែ​បើ​នៅ​កន្លែង​ធ្វើ​ការ គេ​មាន​ដាក់​កាហ្វេ​​កញ្ចប់ ចឹង​យើង​ឆុង​ផឹក​ទៅ ហើយ​ខ្ញុំ​១​ថ្ងៃ​ដឹង​តែ​១​កែវ​ហើយ”។

 

យ៉ាង​ណា​ក្ដី លោក​សាន់ លីន បាន​​លើក​ឡើង​ថា ទោះ​បី​ជា​លោក​ចូល​ចិត្ត​កាហ្វេ​និង​ ទម្លាប់​ផឹក​១​កែវ​១​ថ្ងៃ​ក៏​ដោយ លោក​ប្រាប់​ថា មិន​ញៀន​នឹង​ភេសជ្ជៈ​​នេះ​ទេ។ លោក​ថា​៖ “ទោះ​អត់​​​ក៏​អត់​អី​ដែរ អា​ហ្នឹង​គ្រាន់​តែ​យើង​​អផ្សុក​មាត់​តើ​”។

 

ងាក​ទៅ​ស្ដាប់​លោក ត្រែន វុធ មន្ត្រី​រដ្ឋបាល​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សាខា​ខេត្ត​កំពត បាន​​លើក​ឡើង​​ថា៖ “ពេល​ខ្លះ​ការងារ​ ហាក់​ដូច​ជា​ស្ត្រែស​​បន្តិច ពេល​បាន​កាហ្វេ​ទៅ​ដូច​ធូរ”។

 

អ្នក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ​ បន្ថែម​ថា ដោយ​សារ​តែ​ ពេល​ធ្វើ​ការ​អស់​កម្លាំង ដូច​នេះ​បាន​ជា​លោក​ឧស្សាហ៍​​ញ៉ាំ​កាហ្វេ​ជា​ការ​កំដរ​មាត់​ រហូត​ខាន​មិន​បាន ។ លោក​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ លោក​ចំណាយ​៦០០០​រៀល សម្រាប់​​ពិសា​កាហ្វេ​ទឹកកក​​​ពីរ​កែវ​។ ពេល​​​សួរ​​​​ថា តើ​​លោក​គិត​ថា​ញៀន​នឹង​ភេសជ្ជៈ​នោះ​​ទេ? លោក​វុធ តប​ថា​៖ “គិត​ថា​​មិន​ញៀន​ទេ គ្រាន់​តែ​​​ផឹក​វា​​ឆ្ងាញ់​ ហើយ​​​ធូរ​អារម្មណ៍​យើង “។

 

ចំណែក​លោក ជិន រដ្ឋា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើក​ឡើង​ថា ពេល​ផឹក​កាហ្វេ​ហាក់​ដូច​ជាកាត់​បន្ថយ​​​រឿង​​ស្មុគ្រស្មាញ​ទាំងឡាយ ប៉ុន្តែ​មិន​ញៀន​ឡើយ​ព្រោះ​អាច​អត់​បាន។ លោក រដ្ឋា បាន​និយាយ​ថា៖ “កាហ្វេ? ខ្ញុំ​ផឹក​រាល់​ថ្ងៃ ព្រោះ​អី​វា​ដូច​ជា​ធូរ​អារម្មណ៍ ហើយ​ពេល​ទៅ​ផឹក​នៅ​កន្លែង​ជជែក​គ្នា​លេង​ចឹង​ទៅ ដូច​ជា​ប្ដូរ​បរិយាកាស​ស្រស់​ស្រាយ​ម្យ៉ាង… តែ​បើ​បើ​និយាយ​រឿង​ញៀន​នោះ ដូច​ជា​មិន​ញៀន​ទេ ព្រោះ​បើ​អត់​ក៏​មិន​អី។ តែ​ខ្ញុំ​វិញ​ដូច​ជា​កម្រ​អត់​ណាស់ (សើច)”។

អ្នក​ធ្វើការភាគច្រើន ថា​ចូល​ចិត្ត​ផឹក​កាហ្វេ​បំបាត់​ការ​អផ្សុក​​មិនមែនញៀន

 

​យោង​តាម​​ឯកសារ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​​​​កាហ្វេ​​​ត្រូវ​បាន​គេ​រក​ឃើញ​ ​​នៅ​ដើម​​​សតវត្ស​ទី​៩​​​ មាន​ប្រភព​ដើម​មក​ពី​តំបន់​ខ្ពង់​រាប​នៃ​​ប្រទេស​អេត្យូពី​ ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​​ខាង​​កើត។ នៅ​ចុង​សតវត្ស​ទី​១៨​ ជា​ឆ្នាំ​ដែល​កាហ្វេ​បាន​ក្លាយ​ជា​ដំណាំ​​នាំ​ចេញ​​​​ត្រូវ​ប៉ាន់​មួយ​ដែល​ ទទួល​បាន​ចំណេញ​ច្រើន​ និង​បន្ត​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​រហូត​​ដល់​សព្វ​ថ្ងៃ​។

 

ចុះ​ប្រិយ​មិត្ត​វិញ​ គិត​ថាកាហ្វេ​ញៀន​ទេ?

 

ចុចអាន៖  កាហ្វេ​​​ពេញ​និយម​ខ្លាំង តើ​ដឹង​ថា​​មាន​ដើម​កំណើត​ពី​ណា​ឬអត់?

 

​​​​​​​អត្ថបទ៖ មាន រតនា

​​​