ប្រធាន​រដ្ឋបាល​ជលផល​ដឹកនាំ​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​នេសាទ​​ខេត្តកំពង់ឆ្នាំង​និង​ខេត្តពោធិសាត់​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ដឹកនាំ​កម្លាំង​សម​ត្ថិ​ច្ច​ជលផល​ថ្នាក់កណ្តាល កម្លាំង​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប និង​កម្លាំង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ចុះ​ពិនិត្យ​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់ និង​បាន​បង្ក្រាប​បទល្មើស​នេសាទ​មានរ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​បាន​មួយចំនួនធំ​ផងដែរ​។​

08a6

ឯកឧត្តម អេង ជា​សាន ក្រោយពី​បញ្ចប់​ការលែង​កូន​ត្រី​និង​មេ​ពូជ​ត្រី​នៅក្នុង​បឹង​ខ្នារ​ឆ្មារ ឃុំ​ខ្នារ​ឆ្មារ ស្រុក​សាមគ្គី​មានជ័យ​នៅ​ព្រឹក​ថ្ងៃទី​០៧​រួចមក ឯកឧត្តម​បាន​ចុះ​ពិនិត្យមើល​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់ ថា​តើ​នៅក្នុង​រដូវ​បិត​នេសាទ​នេះ បទល្មើស​នេសាទ​មានការ​កើតឡើង ឬ​អត់​?​។ នៅពេល​ចុះទៅ​ដល់​ចំណុច​ព្រំប្រទល់​នៃ​ខេត្ត​ទាំង​២ គេ​ឃើញ​ទឹកដី​ខេត្តកំពង់ឆ្នាំង​មាន​ដាក់រ​បាំងសាច់​អួន​៣​ខ្សែ​នៅ​ចំណុច​ភូមិ​ក្រចាប់ ឃុំ​ឆ្នុកទ្រូ ដោយឡែក​ខាង​ទឹកដី​ខេត្តពោធិសាត់​វិញ ចាប់ពី​ចំណុច​ភូមិ​ក្រចាប់ ចំណុច​ចំការ​តា​ហោ​ក្នុងភូមិ​ក្បាល​ត្រាច រហូតដល់​ភូមិ​ផ្គោ​ល ឃុំ​ចំបក់​អ​ន្សា ស្រុក​ក្រគរ​វិញ គឺមាន​បទល្មើស​របាំង​ស្បៃ​មុង​កើតមាន​ច្រើន​ដែល​ដាក់​លាក់​នៅក្នុង​ព្រៃរនាម និង​ខ្លះទៀត​បានដាក់​នៅ​កណ្តាលវាល​តែម្តង​។​

08a7

​ក្នុងពេល​ចុះ​ពិន​ត្យ​ឃើញ​សភាព​បែបនេះ ឯកឧត្តម អេង ជា​សាន បាន​បញ្ជារ​កម្លាំង​អោយ​ចុះ​រុះរើ និង​កំទេច​នៅក្នុង​ទឹកដី​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង រុះរើ​បានរ​បាំងសាច់​អួន​ចំនួន​៣​កន្លែង ប្រវែង​៣០០​ម៉ែត្រ បង្គោល​១៥០​ដើម រឹបអូស​លប​លូ​៦​មាត់ និង​បាន​ចាក់​លែង​ត្រី​ចូល​បឹង​ធ​ម្មេ​ជាតិ​វិញ​បាន​ចំនួន​២០​គីឡូក្រាម​។ ដោយឡែក​នៅក្នុង​ទឹកដី​ឃុំ​អ​ន្សា ចំបក់ ស្រុក​ក្រគរ ខេត្តពោធិសាត់​វិញ បង្ក្រាបបាន​របាំង​ស្បៃ​មុង​១៥​កន្លែង ប្រវែង​៧៥០​ម៉ែត្រ បង្គោល​៤៥០​ដើម លប​លូ​ស្បៃ​មុង​៣០​មាត់ និង​បាន​ចាក់​លែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​ធម្មជាតិ​វិញ​ចំនួន​២០០​គីឡូក្រាម​។​

08a3

​ឯកឧត្តម អេង ជា​សាន បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ឯកឧត្តម​នឹង​បញ្ជារ​កម្លាំង​រដ្ឋ​បាលជ​ល​ផល​ថ្នាក់កណ្តាល កម្លាំង​អធិការដ្ឋាន​ខាងត្បូង​និង​ខាងជើង​បឹង​ទន្លេសាប រួមសហការ​ជាមួយ​កម្លាំង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​និង​ពោធិសាត់ អោយ​ចុះបង្ក្រាប និង​រុះរើ​របាំង​ស្បៃ​មុង​អោយ​អស់ពី​ក្នុង​ទឹកដី​ស្រុក​ក្រគរ​ខេត្តពោធិសាត់​ជា​បន្តទៀត ព្រោះ​របាំង​ស្បៃ​មុង​នេះ ជា​បទល្មើស​នេសាទ​មួយ​ប្រភេទ​ដែល​បាន​បំផ្លាញ​ពូជ​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​។ ឯកឧត្តម​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ទាំង​៣​ប្រភេទ សហគម នា​សាទ និង​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ទប់ស្កាត់ រាយការណ៍ និង​បង្ក្រាប​បទ​នេសាទ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព ជាមួយ​កម្លាំង​រដ្ឋបាល​ជលផល ដើម្បី​រក្សាបាន​នូវ​ពូជ​ត្រី​អោយបាន​គង​វង្ស ប្រកបដោយ​និរន្តរភាព​តរៀង​ទៅ​៕ ( រិទ្ធិជ័យ )

08a4

08a5