ឈប់​ស្តុ​ប ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​បាន​បើក​មក​បុក​រថយន្ត​១​គ្រឿង​ទៀត​ដែល​ឈប់​ស្តុ​ប​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទល់មុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​អាយុប្រមាណ​៣០​ឆ្នាំ​បាន​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​កាប់​ស្តាំ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-6790 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​រថយន្ត​រង់ចាំ​ស្តុ​ប ស្រប​ពេល​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុប្រមាណ​៤០​ឆ្នាំ​បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8124 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន និង​ស្រវឹង បាន​ជ្រុល​ទៅ​បុក​រថយន្ត​កូ​រ៉ូ​ឡា​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​រង​ការ​ខូចខាត​ទាំង​សងខាង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​២​មិន​បាន​ធ្វើការ​ចរចា​គ្នា​ទេ បាន​ឲ្យ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕