យានយន្តកែច្នៃខុសបច្ចេកទេស៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានក្តៅប្រសិនបើគ្មានការកែតម្រូវ

ចាប់ពីថ្ងៃសុក្រ ទី ៩ កញ្ញាសបា្តហ៍នេះ! ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការក្តៅទប់ស្កាត់ ចំពោះយានយន្ដកែច្នៃខុសបច្ចេកទេសទាំងអស់ ដែលមិនបានយកយានយន្តរបស់ខ្លួនទៅកែតម្រូវ ស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ទាំងទំហំរថយន្ត រថយន្តសណ្តោងរ៉ឺម៉ក និងទំហំទ្រុងរថយន្តដឹកទំនិញ ដែលច្បាប់បានកំណត់។ វិធានការណ៍នេះ ត្រូវបានក្រសួងបញ្ជាក់ថា ជាការជូនដំណឹងលើកចុងក្រោយ។ បើមិនដូចេ្នះទេ ក្រសួងនឹងចាប់ផ្តើមចាត់វិធានការឃាត់រថយន្ដទុក ឬពិន័យជាប្រាក់ និងអាចឈានទៅបិទអាជីវកម្ម ក្នុងករណីម្ចាស់យានយន្តមិនគោរពតាមសេចក្ដីណែនាំរបស់ក្រសួង។

នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជារឿងថ្មីដែរ! ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានជូនដំណឹង ទៅដល់ម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេសទាំងអស់ឱ្យយកយានយន្តរបស់ខ្លួនទៅកែតម្រូវឱ្យត្រឹមត្រូវឡើងវិញ។ សេចក្តីជូនដំណឹងចុងក្រោយនេះធ្វើឡើង បន្ទាប់ពីក្រសួងបានទុកពេល រយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឱ្យម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវយកយានយន្តរបស់ខ្លួន ទៅកែតម្រូវលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋាន លក្ខណៈបច្ចេកទេស ដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជាការកត់សម្គាល់កន្លងមកសម្ថតកិច្ចក្រសួងសារធារណៈការ ធ្លាប់បានព្រមានដល់ម្ចាស់យានយន្ត ដែលកែច្នៃទ្រុងខុសបច្ចេកទេស។ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ខណៈគេសង្កេតឃើញថា យានយន្តកែច្នៃខុសបច្ចេកទាំងនោះនូវតែធ្វើចរាចរណ៍នៅលើដងផ្លូវ។ ប៉ុន្តែនៅលើកនេះ ក្រសួងបញ្ជាក់ថា គឺជាការក្រើនរម្លឹកលើកចុងក្រោយ ទប់ស្កាត់រាល់យានយន្ដកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់ទាំងអស់ ទៅតាមផ្លូវច្បាប់។

ជាការពិត រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងនោះតិច រឺច្រើនពិតជាមានផលប៉ះពាល់។ បច្ចុប្បន្ននេះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែបន្តកើនឡើង។ ទទ្ទឹមនឹងនោះ ក៏មានប្រជាពលរដ្ឋជាច្រើនកំពុងតែទទូចឲ្យអាជ្ញាធរចុះបង្រ្កាបរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ ការកែច្នៃយានយន្ដខុសលក្ខណៈបច្ចេកទេសនេះ បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ ងាយបង្កគ្រោះថ្នាក់ដល់មនុស្ស ឱ្យរងរបួស និងស្លាប់បាត់បង់ជីវិត។ ចំណែករថយន្តធុនធ្ងន់ដឹកជញ្ជូនលើសចំណុះវិញ នាំខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាដើម ដែលនេះពិតបានរួមចំណែកធ្វើឱ្យខាតបង់ថវិកា និងសេដ្ឋកិច្ចជាតិ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងដែរ ថាមិនត្រឹមតែម្ចាស់យានយន្តកែច្នៃទេ ដែលត្រូវអនុវត្តទៅតាមច្បាប់ សូម្បីយានដ្ឋានកែច្នៃដំឡើងយានយន្តទាំងនេះ ក៏អាចប្រឈមនឹងការបិទទ្វារដែរ ប្រសិនបើយានដ្ឋានមិនបានគោរព តាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស និងច្បាប់ដឹកជញ្ជូនក្នុងប្រទេស៕

ប្រភព៖ RFI


Related Posts