សាលាក្រុងអនុញ្ញាតឲ្យបក្សប្រឆាំងជួបជុំសកម្មជននាទីស្នាក់ការបក្សនៅថ្ងៃទី៩តែមានលក្ខខណ្ឌ

នៅល្ងាចថ្ងៃទី៧ កញ្ញា អភិបាលរងក្រុងភ្នំពេញ លោក ឃួង ស្រេង យល់ព្រមតាមការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ដោយអនុញ្ញាតឲ្យមានការប្រមូលផ្ដុំសកម្មជនបក្សរបស់ខ្លួននៅទីស្នាក់ការបក្ស នៅថ្ងៃទី៩ កញ្ញា ជាថ្ងៃដែលតុលាការក្រុងភ្នំពេញបើកសវនាការលើសំណុំរឿង លោក កឹម សុខា ដែលមិនចូលខ្លួនបំភ្លឺនៅតុលាការ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយមន្ត្រីសាលាក្រុងភ្នំពេញ លោក កាក់ កុម្ភា ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា អាជ្ញាធរនឹងមិនដាក់កងកម្លាំងសមត្ថកិច្ច រួមទាំងរនាំងដែកបិទផ្លូវលើកំណាត់ផ្លូវឆ្លងកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ឡើយ ប៉ុន្តែសាលាក្រុងតម្រូវឲ្យគណបក្សសង្គ្រោះជាតិ គោរពឲ្យបាននូវលក្ខខណ្ឌមួយចំនួន ដើម្បីបញ្ចៀសកុំឲ្យមានការកកស្ទះចរាចរណ៍៖ «សាលាក្រុងមិនជំទាស់អីទេ សាលាក្រុងគាត់សុំចំណុចបួន។ ទី១ គឺបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ សុំឲ្យយើងរៀបចំឡាន ម៉ូតូ កុំឲ្យដាក់នៅលើទ្រូងផ្លូវថ្នល់ អនុញ្ញាតឲ្យយើងឡើងឲ្យផុតៗពីទ្រូងថ្នល់។ ទី២ គាត់សុំឲ្យយើងធ្វើការជួបជុំនៅក្នុងទីស្នាក់ការរបស់គណបក្សតែម្ដង មិនអនុញ្ញាតឲ្យចេញមកខាងក្រៅទេ។ ទី៣ បញ្ហាសណ្ដាប់ធ្នាប់ និងសន្តិសុខខាងក្នុង គឺឲ្យយើងរៀបចំក្រុមសន្តិសុខរបស់គណបក្សនៅខាងក្នុង នៅខាងក្រៅគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ។ ហើយទី៤ គឺបញ្ហាក្រមសីលធម៌។ គាត់សុំឲ្យគោរពនូវក្រមសីលធម៌ជៀសវាងនូវការជេរប្រមាទទៅដល់មន្ត្រីមានសមត្ថកិច្ចជាដើម»។

ការប្រមូលផ្ដុំសកម្មជនបក្សប្រឆាំងជាថ្មីទៀតនៅទីស្នាក់ការបក្សឋិតនៅសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី៩ កញ្ញា ខាងមុខនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពការពារថ្នាក់ដឹកនាំរបស់ខ្លួន ប្រសិនបើតុលាការកាត់ក្ដីឲ្យលោក កឹម សុខា ជាប់ពន្ធនាគារពី ១ខែទៅ ៦ខែ ក្រោមបទចោទមិនចូលបំភ្លឺនៅតុលាការ ក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលមជ្ឈដ្ឋានចាត់ទុកថាជារឿងនយោបាយ។ អស់រយៈពេលជិត ៣ខែហើយ លោក កឹម សុខា នៅតែបន្តស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានកងកម្លាំងប្រដាប់អាវុធប៉ុនប៉ងចាប់លោកដល់ទីស្នាក់ការបក្សកាលពីចុងខែមិថុនា៕

ប្រភព៖  RFA


Related Posts