បញ្ហាឆ្លងវីរុសហ្ស៊ីកាធ្វើឲ្យ WHO ប្រាប់បណ្តាជនឲ្យតមការរួមរក្ស ឬក៏រួមរក្សដោយប្រើវិធីការពារសុវត្ថិភាព៦ខែ

អង្គការសុខភាពពិភពលោក (WHO) និយាយថា មនុស្សចាស់ប្រុសស្រីដែលបានទៅលេងប្រទេស ឬតំបន់នានាដែលរងគ្រោះដោយសារតែវីរុសហ្ស៊ីកា (Zika) គួរតែតមការរួមភេទ ឬក៏ធ្វើការរួមភេទដោយប្រើវិធីការពារសុវត្ថិភាពសម្រាប់រយៈពេល៦ខែ។

ឱវាទរបស់អង្គការសុខភាពពិភពលោកចុងក្រោយនេះ គឺជាការពង្រឹងនូវការផ្ដល់អនុសាសន៍ជាច្រើនម្ដងហើយកាលពីខែមិថុនាចេញឡើងដោយអង្គការនេះ។

កាលនោះការផ្ដល់អនុសាសន៍នោះគឺសម្រាប់តែបុរសទេ នៅពេលដែលពួកគេមានអាការៈរោគដូចជាឡើងកន្ទួល, គ្រុនក្ដៅ ឬមានឈឺសន្លាក់ឆ្អឹង គួរតែតមការរួមរក្ស ឬក៏ប្រើវិធីការពារសុវត្ថិភាពរយៈពេលកន្លះឆ្នាំ។

ប៉ុន្ដែឥឡូវនេះអង្គការសុខភាពពិភពលោកនិយាយថា មនុស្សគ្រប់គ្នាទាំងស្រីប្រុសដែលបានធ្វើដំណើរទៅប្រទេសដែលមានមនុស្សឆ្លងវីរុសនេះ គួរស្ដាប់ឱវាទនេះទោះបីជាពួកគេមានអាការៈរោគ ឬក៏គ្មានអាការៈរោគក៏ដោយ។

មានការឲ្យដឹងថា ជាធម្មតាវីរុសនេះឆ្លងតាមរយៈសត្វមូស ប៉ុន្ដែឥឡូវនេះមាន១១ប្រទេសហើយដែលគេរាយការណ៍ឲ្យដឹងថា វីរុសនេះបានឆ្លងតាមរយៈការរួមរក្សផងដែរ៕

ប្រភព៖ radioaustralia


Related Posts