គ្រូ​ជំនួយ​ U-19 ​​ថា ​កូន​ក្រុម​កំពុង​រួម​​ចិត្ត​តែ​មួយ ត្រៀម​យកឈ្នះ​ជូន​​ជាតិ​នៅ​​វៀតណាម

​លោក ស៊ុំ វណ្ណា គ្រូ​ជំនួយ​​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​កម្ពុជា​​​បង្ហើប​ពី​កម្រិត​លេង​យល់​ចិត្ត​គ្នា​​ដល់​កម្រិត​មួយ​ខ្ពស់​​ ​ដែល​ពេល​នេះ​​កូន​ក្រុម​ទាំង​អស់​កំពុង​រួមចិត្ត​តែ​មួយ​ ដើម្បី​​ស្វែង​រក​ជ័យជម្នះ​ជូន​កម្ពុជា និង​អ្នក​គាំទ្រ​​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF U-19 Championship 2016 នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​​​ទី​១១​ដល់​២៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦។


គ្រូ​ជំនួយ​ U-19 ​​ថា ​កូន​ក្រុម​កំពុង​រួម​​ចិត្ត​តែ​មួយ ត្រៀម​យកឈ្នះ​ជូន​​ជាតិ​នៅ​​វៀតណាមលោក ស៊ុំម វណ្ណា (កាល​នៅ​ជា​គ្រូ​ស៊ីម៉ាក់​)

 

​អតីត​គ្រូ​​បង្វឹក​ក្រុម​​បៀលប្រាយ​ និង​ស៊ីម៉ាក់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​មិន​អាច​​កំណត់​​កម្រិត​នៃ​ការ​លេង​ ឬ​ភាព​ស៊ីចង្វាក់​គ្នា​​របស់​​កីឡាករ​ U-19 ​កម្ពុជា​នៅ​ពេល​នេះ​ឈាន​ដល់​​ណា​នោះ​ទេ។  ​​ទោះ​ជា​យ៉ាង​ណា កូន​ក្រុម​ទាំង​អស់​ហាក់​ប្រមូល​អារម្មណ៍​បាន​ជា​ធ្លុង​មួយ​ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ក្នុង​ការ​យក​ឈ្នះ​គូ​ប្រកួត​​នៅ​ពាន​រង្វាន់​ខាង​លើ​ជូន​ជាតិ និង​អ្នក​គាំទ្រ​នៅ​ភូមិ​កំណើត។

 

​​លោក​បន្ថែម​ថា ​ចំណែក​​ការ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ប៉ូលិស​២-១​កាល​ពី​ម្សិល​មិញ​​​​ កូន​ក្រុម​ទាំង​អស់​ហាក់​ធ្វើ​បាន​ល្អ​ ដែល​ធ្វើ​ឲ្យ​​​គិត​ថា ​​សឹង​តែ​គ្មាន​ចំណុច​ខ្វះខាត​​​សម្រាប់​ការ​ត្រៀមខ្លួន​ទៅ​ទឹក​ដី​វៀតណាម។ ​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​នេះ​​ ​កីឡាករ​គ្រប់​រូប​បាន​សម្ដែង​ឡើង​នូវ​ភាព​ស៊ីចង្វាក់​​ទាំង​បច្ចេកទេស និង​ការ​បញ្ជូន​បាល់​​ឲ្យ​គ្នា​ជា​ដើម។

 

​ក្រុម​បាល់ទាត់​​ក្រោម​អាយុ ១៩​ឆ្នាំ​កម្ពុជា នឹង​​ចេញ​ដំណើរ​ទៅ​​ប្រកួត​ពាន​រង្វាន់​ AFF U-19 Championship 2016 នៅ​ថ្ងៃ​​សុក្រ​ទី៩ ​ឆ្នាំ​២០១៦ ស្អែក​នេះ​វេលា​ម៉ោង​៥:៥០នាទី​ល្ងាច៕

 

គ្រូ​ជំនួយ​ U-19 ​​ថា ​កូន​ក្រុម​កំពុង​រួម​​ចិត្ត​តែ​មួយ ត្រៀម​យកឈ្នះ​ជូន​​ជាតិ​នៅ​​វៀតណាមU-19 កម្ពុជា

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​