វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកកំពុងតែអនុវត្តផែនការ B បែងចេញប្រទេសស៊ីរីជាបំណែកតូចៗ

វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកកំពុងតែអនុវត្តផែនការ B បែងចេញប្រទេសស៊ីរីជាបំណែកតូចៗ
ផែនការ B របស់អាមេរិកនឹងបែងចែកទឹកដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់នឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្មភាព កន្លងមករបស់អាមេរិកនៅក្នុងប្រទេសស៊ីរី គឺជាផែនការ B ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានលើកឡើងកាលពីខែកុម្ភៈឆ្នាំ២០១៦។

នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចែងស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះកាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក អាល់អាសាដ ហើយក្រុមទាំងនោះនឹងមិន ពិភាក្សាស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាល ស៊ីរីឡើយ។
ដើម្បីសម្រេចនូវគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់កម្លាំង សេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជា ក្រុមបងប្អូនអ៊ិស្លាមផងដែរ។

សកម្មភាពខាងលើក្រោយពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាល លោក អាល់អាសាដ បរាជ័យ។ ទាំងនោះហើយមានតែផែនការបំបែកទឹកដីស៊ីរី ប៉ុណ្ណោះ។

សកម្មភាពខាងលើស្របពេលដែលទួរគី បើកការវាយប្រហារនៅតាមព្រំដែនស៊ីរី ហើយទួរគីអាចគ្រប់គ្រងនៅតំបន់នោះក៏ថាបាន។

នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។
នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើរជើងទួរគីដែល មានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្ម IS ចេញពីតំបន់ព្រំដែនដែលពួកគេ បានគ្រប់គ្រងរយៈពេលកន្លងមក។

កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុមISបានបាត់បង់ ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែនជាប់ ដងទន្លេ Sajur និង Al-Rai ។

ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំង រុស្ស៊ីបានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុម ISគ្រប់គ្រងពីមុនមក។

ការវាយប្រហាររបស់កម្លាំងទាហានថ្មើរ ជើងទួរគីនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកទទួលបានជោគជ័យទាំងស្រុងក្នុងពេល ដែលការវាយប្រហារនោះទទួលបានការគាំទ្រពីអាមេរិកនិងរុស្ស៊ី។
រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក បា សា អាល់អាសាដ បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែការបញ្ជូនកម្លាំងថ្មើរជើង វាយប្រហារតាមព្រំដែននោះអាចធ្វើឲ្យស៊ីរីត្រូវបាត់បង់ទឹកដីជាច្រើន។ រដ្ឋាភិបាល លោក អាល់អាសាដ ធា្លប់បានអំពាវនាវ ដល់អង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមន៍បញ្ចប់សកម្មភាពស៊ីរីចាត់ទុកថា ជាការឈ្លានពាន ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កិច្ចព្រមព្រៀងរវាង អាមេរិកនឹងរុស្ស៊ីលើសំណុំរឿងស៊ីរីដែលគេដាក់ក្តីសង្ឃឹមថា នឹងអាចរកឃើញនៅ ក្នុងអំឡុងជំនួបកំពូល G20 នៅក្នុងប្រទេស ចិននោះនៅទីបំផុតមិនអាចចេញជារូបរាងបាននោះទេ។ នេះបើតាមការប្រកាសឲ្យ ដឹងរបស់មន្រ្តីរដ្ឋាភិបាលអាមេរិកដោយបាន ចោទរុស្ស៊ីថា គឺជាអ្នកក្រឡាស់សម្តីដែល ធ្វើឲ្យការចរចាត្រូវជាប់គាំង។

គិតមកទល់នឹងព្រឹកថ្ងៃអាទិត្យអ្វីៗហាក់ ដំណើរការទៅដោយរលូនប្រកបដោយក្តីសង្ឃឹមដោយលោក អូបាម៉ា បានប្រកាស ឲ្យដឹងថា មន្រ្តីអាមេរិកនិងរុស្ស៊ីចរចាគ្នា ដោយគ្មានពេលសម្រាកនៅក្រៅជំនួបកំពូល G20 ដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ នៅស៊ីរី ហើយមន្រ្តីក្រសួងការបរទេស អាមេរិកវិញបានបញ្ជាក់ថា ភាគីទាំងពីរ ចរចាជិតត្រូវរ៉ូវគ្នាហើយថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវប្រកាសជាសាធារណៈ ដោយលោក ចន ឃើរី រដ្ឋមន្រ្តីការបរទេស អាមេរិក និងលោក សឺហ្គេយ៍ ឡាវរ៉ូវ រដ្ឋ មន្រ្តីការបរទេសរុស្ស៊ី។

ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកអាមេរិកបានប្រកាសឲ្យដឹងថា កិច្ចព្រមព្រៀងលើសំណុំរឿងស៊ីរីនេះ មិនអាចចេញជារូបរាង បានទេនៅពេលនេះ ដោយបានចោទភាគីរុស្ស៊ីថាបានក្រឡាស់ពាក្យសម្តី ទៅលើចំណុចដែលបានត្រូវរ៉ូវគ្នារួចទៅហើយ។ ទោះជាយ៉ាងណា មន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោកចន ឃើរី និងលោក សឺហ្គេយ៍ ឡាវរ៉ូវ នឹងបន្តជួប ជជែកគ្នាជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ។
រហូតមកទល់នឹងពេលនេះគេនៅមិន ទាន់ឃើញមានប្រតិកម្មណាមួយពីខាង រុស្ស៊ីទាក់ទងនឹងការលើកឡើងរបស់អាមេរិកនេះទេ។

គួររំឭកឡើងវិញថា រុស្ស៊ីនិងអាមេរិក ដែលគាំទ្រគូបដិបក្ខនៅក្នុងសង្រ្គាមស៊ីវិលស៊ីរីគឺរុស្ស៊ីគាំទ្ររដ្ឋាភិបាល ហើយអាមេរិក គាំទ្រក្រុមឧទ្ទាមធ្លាប់បានចរចាគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែរាល់លើក បទឈប់បាញ់នេះមិនត្រូវបានអនុវត្តពេញលេញនោះទេ នៅលើដីជាក់ស្តែង។

កាលពីថ្ងៃអាទិត្យលោកអូបាម៉ាបានទទួលស្គាល់ច្បាស់ៗថា បទឈប់បាញ់ដែលគេធ្លាប់បានព្រមព្រៀងគ្នាកាលពីមុនលែងមានសុពលភាពអ្វីទៀតហើយនៅលើដីជាក់ ស្តែង ហើយលោកក៏ហាក់បង្ហាញនូវមន្ទិលសង្ស័យផងដែរថា កិច្ចព្រមព្រៀងឈប់ បាញ់ណាមួយថ្មីទៀត បើទោះបីជាគេអាច ចរចាចេញរួចក៏មិនប្រាកដថា អាចនឹងត្រូវគូភាគីជម្លោះអនុវត្តបានពេញលេញនោះដែរ។ ក៏ប៉ុន្តែបើទោះបីជាមានសង្ឃឹមតិច តួចយ៉ាងណាក៏ដោយក៏ការចរចាលើបទឈប់បាញ់នៅស៊ីរីនេះគួរតែត្រូវបន្តធ្វើដើម្បី បន្ធូរបន្ថយទុក្ខវេទនារបស់ស្រ្តី និងកុមារ ព្រមទាំងជនស៊ីវិលស្លូតត្រង់ផ្សេងទៀតដែល កំពុងរស់នៅក្នុងតំបន់សង្រ្គាម៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកកំពុងតែអនុវត្តផែនការ B បែងចេញប្រទេសស៊ីរីជាបំណែកតូចៗ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: