វេទិកា​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី «​ការ​ការពារ អភិរក្សនិង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​»

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​រៀបចំ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​«​ការ​ការពារ អភិរក្ស​និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​» ដល់​ពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​បរិវេណ និង​ជុំវិញ​ប្រាសាទ​នោះ ។ ការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស ផ្សេង​ៗ ជា​ពិសេស​ការ​កាប់​រានទន្ទ្រាន​យក​ដីធ្លី​តំបន់​អភិរក្ស​ធ្វើ​ជា​កម្មសិទ្ធិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លួច​វត្ថុ​បុរាណ​ក្នុង​បរិវេណ​ប្រាសាទ​កោះកែរ ប្រយោជន៍​រក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស  ។

ក្នុង​វេទិកា​នោះ​លោក​ឃួ​រ អៀង​ហួត ប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ថ្លែង​ថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​នឹង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ស្តី​ពី​ការ​ការពារ អភិរក្ស ន​ង​អភិវឌ្ឍ​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​តម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ ជា​ពិសេស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ថែរក្សា​បរិស្ថាន ព្រៃឈើ និង​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ជាតិ​ឲ្យ​នៅ​ស្ថិត​ស្ថិរ គង់វង្ស​ជា​និរន្តរ៍ ។

លោក​ឃួ​រ អៀង​ហួត បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស ផ្សេង​ៗ ក្នុង​បរិវេណ​ឧទ្យាន​កោះកែរ ជា​ពិសេស​ការ​កាប់​រុករាន​ទន្ទ្រាន​ដីធ្លី​តំបន់​អភិរក្ស យក​ធ្វើ​ជា​កម្មសិទ្ធិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លួច​គាស់កកាយ​រុករក​វត្ថុ​បុរាណ​ជាដើម ។

ក្រោយ​ពី​បាន​ទទួល​ការ​អប់រំ​ផ្សព្វផ្សាយ​រួច​មក ប្រជាពលរដ្ឋ​បាន​ប្តេជ្ញា​ជួយ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រួបរួម​គ្នា​ថែរក្សា​ធនធានធម្មជាតិ ក៏​ដូច​ជា​សម្បត្តិ​ធម្មជាតិ​ទាំងមូល ជាក់ស្តែង​ឧទ្យាន​ប្រាសាទ​កោះកែរ​ឲ្យ​គង់វង្ស និង​ការពារ​ឲ្យ​បាន​នូវ​បទល្មើស​គាស់​កាយ​លួច​វត្ថុ​បុរាណ ការ​កាប់​ព្រៃឈើ​ក្បែរ​ប្រាសាទ ការ​ទន្ទ្រាន​ដី​ខុសច្បាប់​គ្រប់​រូបភាព ។
ភូមិ​ចំនួន​៣​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជា​ច្រើន​រយ គ្រួសារ ជុំវិញ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ក្នុង​នោះ​មាន​ភូមិ​ស្រយង់ជើង ភូមិ​កោះកែរ និង​ភូមិ​កំ​ពេ​ច ។

រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ មាន​ទីតាំង​បុរាណវិទ្យា​ចំនួន​១២៧​ទីតាំង និង​ប្រាសាទ​ដែល​នៅ​ឈរ​ចំនួន​៥៥​ប្រាសាទ ដែល​អាច​ទេសចរ​ជាតិ និង​អន្តរជាតិ ទស្សនា​បាន​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ស្ថិត​នៅ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​។ កន្លង​ទៅ​ប្រាសាទ​កោះកែរ​បាន​ស្ថិត​ក្រោម​ការ​អភិរក្ស​របស់​អាជ្ញាធរ​អប្សរា តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ ទើប​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច​ឱ្យ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​គ្រប់គ្រង​បន្ត ៕