ឮ​សម្រែកនិស្សិតក្រមុំហៅ​ជួយ… បន្ទាប់មកឮធ្លាក់ទឹកប្រូង… ​ករណី​អ្វី?

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា និស្សិត​ស្រី​ម្នាក់​ងើប​ពី​ដំណេក​នៅ​វេលា​ម៉ោង​០៣ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨​កញ្ញា នេះ ដោយ​នាង​បាន​ប្រាប់​ឪពុក​ថា មាន​គេ​ប​បូល​នាង​ទៅ​ហាត់ប្រាណ តែ​ការ​ពិត​នោះ នាង​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ឧត្ត​រះ ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ឌិន ស៊ី​ណាត ហៅ​មុំ អាយុ​២១​ឆ្នាំ ជា​និស្សិត​សា​លក​វិទ្យាល័យ​មួយ មាន​ទីលំនៅ​ក្នុងភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​នារី​រង​គ្រោះ​លោតទឹក​សម្លាប់​ខ្លួន ត្រូវ​សាច់ញាតិ និង​ពលរដ្ឋ ចុះ​រាវរក​សាកសព​នាង​ឃើញ​នៅ​វេលា​ម៉ោង​០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៤០​ម៉ែត្រ ។

ក្រុម​គ្រួសារ​និយាយ​ថា នាង​ធ្លាប់​មាន​ជំងឺសរសៃប្រសាទ ដោយ​មួយ​រយៈ​នេះ​ធ្វើទុក្ខ​នាង​ជា​ញឹកញាប់ ។ នៅ​មុន​ពេល​កើតហេតុ​នាង​ប្រាប់​ឪពុក​ថា មាន​គេ​បបួល និង​ចាំ​នាង​នៅ​កន្លែង​ហាត់ប្រាណ ។ លុះ​នាង​ចេញ​ទៅ​បាត់​មួយសន្ទុះ ស្រាប់តែ​ឮ​ថា នាង​លោតទឹក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

ទោះបីជា​យ៉ាងណា មតិ​នានា​លើក​ឡើង​ថា សមត្ថកិច្ច​គួរតែ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ក្រែង​មិនមែន​ជា​ករណី​​លោតទឹក​សម្លាប់​ខ្លួន​ ព្រោះ​បើ​តាម​សាក្សី​នៅ​ក្បែរ​ស្ពាន​​គេ​ឮ​សំឡេង​នាង​ស្រែកហៅ​ឪពុក​ឱ្យ​ជួយ បន្ទាប់មកក៏​ឮ​សំឡេង​ធ្លាក់​ទឹកតែ​ម្ដង ។