នៅតែមាន​ករណី​ជួល​ដី​តាម​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​យួន​ដាំ​ដំណាំ​កសិកម្ម​

បើទោះបី​ក្រសួងមហាផ្ទៃ​ធ្លាប់​ចេញ​បទបញ្ជា​ទៅកាន់​មន្ត្រី​អាជ្ញាធរ នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​ទប់ស្កាត់​សកម្មភាព​ជួល​ដី​ឲ្យ​ប្រជាជន​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​ករណីនេះ​កំពុង​កើតឡើង​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំៗ​ទៀតផង​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ករណី​ជួល​ដី​ឲ្យ​ជនជាតិ​យួន​ដាំ​ដំណាំ​កសិកម្ម​តាម​ព្រំដែន ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន ម៉ែន សារុន និង​ប្រជាពលរដ្ឋ​មួយចំនួន​បន្ត​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​ដាំ​អំពៅ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ហើយ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​ហាក់ដូចជា​ពុំមាន​ប្រសិទ្ធភាព​ទាល់តែសោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មាន​ចម្ការ​អំពៅ​របស់​ជនជាតិ​យួន​ជាច្រើន​ហិកតា​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន ម៉ែន សារុន និង​ដី​សម្បទាន​ក្រុមហ៊ុន​មួយចំនួនទៀត​តាម​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ចម្ការ​អំពៅ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​គេ​អាច​យល់ច្រឡំ​ថា​ជា​របស់​ខ្មែរ ក៏ប៉ុន្តែ​ជាក់ស្ដែង​គឺជា​របស់​ជនជាតិ​យួន​ដែល​ជួល​ដី​ពី​ក្រុមហ៊ុន ម៉ែន សារុន ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួនទៀត ហើយក៏​មាន​ជួល​ដី​ពី​កសិករ​ខ្មែរ​ដែរ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន ម៉ែន សារុន បាន​ជួល​ដី​ឲ្យ​ជនជាតិ​យួន​ជាច្រើន​រយ​ហិកតា ក្នុងខណៈដែល​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ជាំ​ក្រវៀន និង​ឃុំ​ផ្សេងទៀត​ពុំមាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។

បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជាំ​ក្រវៀន បាន​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន ម៉ែន សារុន បាន​ជួល​ដី​យ៉ាងច្រើន​ឲ្យ​ទៅ​ជនជាតិ​យួន​ដាំដំឡូង​និង​អំពៅ ហើយ​ភាគច្រើន​គឺ​ដាំ​អំពៅ​ព្រោះ​ជា​ដី​មាន​ជីជាតិ​ល្អ​។ តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ដី​ក្រុមហ៊ុន ម៉ែន សារុន ដែល​ជនជាតិ​យួន​ជួល​ដាំ​អំពៅ​នោះ មាន​ចន្លោះ​ពី​៣០០​ទៅ​៥០០​ហិកតា ហើយ​ក្នុង​១​ហិកតា​មានតម្លៃ​ឈ្នួល​១​លាន​រៀល​ទៅ​២​លាន​រៀល​តាម​ប្រភេទ​ដី​ជាក់ស្ដែង​។ ក្រៅពី​ក្រុមហ៊ុន ម៉ែន សារុន ដែល​ជួល​ដី​ឲ្យ​យួន​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ចាន់​មូល ឃុំ​រូង ឃុំ​ជាំ​ក្រវៀន និង​ឃុំ​ជាំ​ជាដើម ក៏បាន​ជួល​ដី​ឲ្យ​ជនជាតិ​យួន​ដាំ​អំពៅ​ដែរ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យឡើងវិញ​ទៅលើ​ករណី​ទាំងអស់នេះ ព្រោះ​ករណី​ជួល​ដី​តាម​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ជនជាតិ​យួន​ដាំ​ដំណាំ​កសិកម្ម​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អាច​នាំ​ឲ្យ​មាន​ផល​ពិបាក​ផ្សេងៗ​នៅពេល​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​៕

13624588_1571065099855733_2050391518_nលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ aceafac0-5754-4071-9cdf-5c90b7ad98b0 18653991-7793-43d7-a47d-034bf70920df