នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម កំពុង​ប្រើ​អំណាច​ដើរ​ប្រមូល​លុយ​ពី​ប្រជា​នេសាទ​

សកម្មភាព​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម ដឹកនាំ​ដោយ​ឈ្មោះ មាស ប៊ុនធឿន  ហៅមែ​ល ដែល​កំពុង​ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​ក្នុង​បឹង​ទន្លេសាប កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​ប្រើ​ឧបករណ៍​ហាមឃាត់​បន្តិចបន្តួច​ត្រូវបាន​ក្រុម​លោក មែ​ល គំរាម​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត ហេតុនេះ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​លោក មែ​ល ដើរ​ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុថា​ក្នុង​ឡុ​ក​១​ខ្សែ​ក្រុម​លោក មែ​ល តម្រូវ​ឲ្យ​ប្រជា​នេសាទ​បង់លុយ​ដល់​ទៅ​១​លាន​រៀល​ដែល​ជាការ​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ស្រស់ៗ​តែម្តង​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ក្រគរ និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ប្រជា​នេសាទ​ដែល​រស់​នៅតាម​ផ្ទះ​បណ្ដែត​ទឹក​លើ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ចាប់ពី​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ដល់​ខេត្តបាត់ដំបង ភាគច្រើន​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ក៏ប៉ុន្តែ​ប្រជា​នេសាទ​ទាំងនោះ​ចៀស​មិន​ផុតពី​ប្រើ​ឧបករណ៍​ហាមឃាត់​ខ្លះៗ​ដើម្បី​ចាប់​ត្រី​នោះទេ ហើយ​ឥឡូវនេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម ដឹកនាំ​ដោយ​លោក មែ​ល ពាក់​ស័​ក្ដិ៍​៤ កំពុង​ដើរ​ជំរិត​យកលុយ​ពី​ពួកគាត់​ក្នុង​១​ឡុ​ក​ចំនួន​១​លាន​រៀល​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀតថា ពី​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ដល់​ខេត្តបាត់ដំបង មាន​ប្រជា​នេសាទ​ប្រើ​ឡុ​ក​រាប់ពាន់​កន្លែង ដូច្នេះ​ក្រុម​លោក មែ​ល អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​បំផុត​។

តាម​ការរៀប​រាប់រប​ស់​ប្រជា​នេសាទ​នៅ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក មែ​ល ពាក់​ស័​ក្ដិ៍​៤ បាន​តម្រូវ​ឲ្យ​ពួកគាត់​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុងភូមិ​ដី​រនាត ភូមិ​ព្រែក​ក្រ បង់លុយ​ក្នុង​១​ឡុ​ក​១​លាន​រៀល ហើយ​គ្រួសារ​ខ្លះ​មាន​ឡុ​ក​ដល់​ទៅ​៧​ឬ​៨​ខ្សែ​ឯណោះ ដូច្នេះ​ក្រុម​លោក មែ​ល ប្រមូល​លុយ​បាន​យ៉ាងច្រើន​។ សូម្បីតែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល​តោ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក៏ត្រូវ​ក្រុម​លោក មែ​ល ជំរិត​យកលុយ​បាន​យ៉ាងច្រើន​ដែរ ហើយ​បើ​មិន​ព្រម​បង់​ទេ​នោះគេ​គំរាម​ចាត់វិធានការ​តាមច្បាប់​។ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តពោធិ៍សាត់ អំពាវនាវ​ឲ្យ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់​ក្រុម​លោក មែ​ល ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពឹង​ផ្អែកលើ​របរ​នេសាទ​ចិញ្ចឹមជីវិត​៕

1b47a6645c319641241697c62115346aលោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់  photo_2016-09-06_07-07-01 photo_2016-09-06_07-06-45 photo_2016-09-06_07-06-32