ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​គណបក្សជំទាស់​នៅ​កម្ពុជា គឺជា​រឿង​មិនអាច​បិទបាំង​បានទេ

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ដោះលែង​អ្នក​ជាប់ឃុំ អ្នកទោសនយោបាយ ព្រមទាំង​បញ្ឈប់​ការគាបសង្កត់​ផ្នែក​នយោបាយ​គ្រប់​រូបភាព​ទៅលើ​គណបក្សជំទាស់ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ សេចក្ដីអំពាវនាវ​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បែបនេះ គឺជា​ភស្ដុតាង​បង្ហាញថា​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ការគាបសង្កត់​មេដឹកនាំ​គណបក្សជំទាស់ គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច គួរ​បញ្ឈប់​សកម្មភាព​ទាំងអស់នេះ​ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​ល្អប្រសើរ​ឡើងវិញ ដើម្បី​ឈានទៅ​រៀបចំ​បោះឆ្នោត​ដោយ​រលូន​។

លោក ប្រេដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​កត់សម្គាល់ថា​ការជំនុំជម្រះ​បទ​ព្រហ្មទណ្ឌ​លើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​រារាំង​មិន​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​។ លោក ប្រេដ អាដាម បាន​បញ្ជាក់ថា​«​ករណី​លោក កឹម សុខា គឺជា​ការជំនុំជម្រះ​ចុងក្រោយ​មួយ​ដែលមាន​ចរិត​នយោបាយ​សំដៅ​គណបក្សប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​ល្បិចកល​គ្រប់បែបយ៉ាង​ក្នុង​សៀវភៅ​ដើម្បី​បន្សាប​ក្រុមប្រឆាំង​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ក្រោយពេល​គណបក្ស​រប​ស់​គាត់​ធ្លាក់ចុះ​ការគាំទ្រ​ក្នុងការ​បោះឆ្នោតជាតិ​អាណត្តិ​មុន​»​។

ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានចាត់ទុក​ការ​សម្ញែង​កម្លាំងយោធា ដើម្បី​អនុវត្តន៍​បទបញ្ជា​ចាប់ខ្លួន​ឬ​ចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់​លើ​ម​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីពេល​ថ្មីៗ​នេះ​ថា​ជាការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​និយាម​អន្តរជាតិ ហើយ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងច្បាស់​ក្រឡែត​។ លោក ប្រេដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់ថា​គឺជា​សកម្មភាព​បំភិតបំភ័យ​ដ៏​ឃោរឃៅ​និង​ជា​សញ្ញា​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​រក្សា​អំណាច​។ លោក ប្រេដ អាដាម បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ប្រទេស​ម្ចាស់ជំនួយ​គួរប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ជួយ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដើរទៅ​មុខ ដោយ​ពួកគេ​ត្រូវធ្វើ​កិច្ចការ​រួមគ្នា​ជាបន្ទាន់​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ មានន័យថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គឺជា​រឿង​មិនអាច​លាក់បាំង​បានឡើយ​ហើយ​ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវគេ​ដឹងឮ​យ៉ាងច្បាស់​នៅលើ​ឆាក​អន្តរជាតិ​៕

31b511371cac04cb135baa8cacfef9a3លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ badamshrw1លោក ប្រេដ អាដាម