លោក Duterte គេច​មិន​ចូលរួម​ប្រជុំ ASEAN-UN និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-08-2016, 10:41 am         25

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte គេច​មិន​ចូលរួម​ប្រជុំ ASEAN-UN​កិច្ចប្រជុំ​អាស៊ាន និង​អង្គការសហប្រជាជាតិ មិនមាន​វត្តមាន​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ឡើយ ដោយ​លោក​បាន​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​លោក​មក​ចូលរួម​ជំនួស​វិញ​។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អវត្តមាន​នេះ​ទេ ប៉ុន្តែ​ទំនងជា​បណ្ដាលមកពី លោក Duterte មិន​ចង់​ជួប​ជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ ដែល​រិះគន់​មិន​សំចៃមាត់​លើ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នោះ​។

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានគេច​មិន​ចូលរួម​ប្រជុំ​មេដឹកនាំ​អាស៊ាន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន នៅ​ថ្ងៃទី​៧ ខែកញ្ញា​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay ជា​អ្នកតំណាង​ឲ្យ​ហ្វីលីពីន​ក្នុង​កិច្ចប្រជុំ​នៅ​ល្ងាច​ថ្ងៃទី​៧ ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong ក៏​មិនមាន​វត្តមាន​ដែរ​។​

​ជុំវិញ​ការមិន​ចូលរួម​ប្រជុំ​នេះ គេ​អាច​យល់បាន​ថា ប្រធានាធិបតី​ហ្វីលីពីន មិន​ចង់ឃើញ​មុខ​ប្រមុខ​អង្គការសហប្រជាជាតិ ដែល​ធ្លាប់តែ​រិះគន់​ហ្វីលីពីន រឿង​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់មក​នោះ​។ អគ្គលេខាធិការ​ក្ដី មន្ត្រី​អង្គការសហប្រជាជាតិ​ក្ដី តែងតែ​ប្រាប់​រដ្ឋាភិបាល​ហ្វីលីពីន​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ត្រូវ​កាត់ទោស​ឧក្រិដ្ឋ​ជនតា​ម​ផ្លូវ​តុលាការ មិនមែន​បាញ់សម្លាប់​តាមផ្លូវ​ឡើយ​។​

​យ៉ាងណាក្ដី បុរស​ខ្លាំង Duterte មិនបាន​ស្ដាប់​តាម​ការណែនាំ​ទាំង​នោះទេ តែ​ថែមទាំង​វាយប្រហារ​ពាក្យសម្ដី​វិញ​ផងដែរ​។ កន្លងមក ប្រធានាធិបតី​ហ្វីលីពីន ធ្លាប់​គំរាម​ដកខ្លួន​ចេញពី​អង្គការសហប្រជាជាតិ ហើយ​ទៅ​បង្កើត​អង្គការ​ថ្មី​ដោយ​ខ្លួនឯង ដ្បិត​អង្គការសហប្រជាជាតិ​មិនបាន​ជួយ​ហ្វីលីពីន​ទេ​។ មិនតែប៉ុណ្ណោះ ហ្វីលីពីន ចាត់ទុក​សកម្មភាព​អង្គការសហប្រជាជាតិ ជាការ​រំលោភ​កិច្ចការ​ផ្ទៃក្នុង​ខ្លូន​ទៀតផង​។​

​ក្រៅពី​គេច​មិន​ចូលប្រជុំ​ជាម​យ​អង្គការសហប្រជាជាតិ លោក Duterte ក៏​មិន​ព្រម​ជួប​ជាមួយ លោក បាន គី​មូ​ន នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​ដែរ ដោយ​ការិយាល័យ​របស់លោក អះអាងថា លោក Duterte មិនមាន​ពេល​ជួប​ឡើយ​។ ប៉ុន្តែ​លោក Duterte និង​លោក បាន គី​មូ​ន បាន​ជួបគ្នា​មួយ​ភ្លែត​នៅ​ពិធីជប់លៀង ដែល​រៀបចំ​ដោយ​ម្ចាស់​ឡាវ សម្រាប់​ទទួល​មេដឹកនាំ​ទាំងអស់​។​

​សូមបញ្ជាក់ថា ហ្វីលីពីន និង​អង្គការសហប្រជាជាតិ មើលមុខ​គ្នា​មិនត្រូវ ដោយសារ​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់លោក Duterte ដែល​ចង់​បោសសម្អាត​គ្រឿងញៀន ចេញពី​សង្គម​ហ្វីលីពីន​។ ប៉ុន្តែ ការកើនឡើង​នៃ​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ និង​អាមេរិក បារម្ភ​ខ្លាំង និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន អនុវត្តតាម​ប្រព័ន្ធតុលាការ តែ​លោក Duterte ឆ្លើយថា នេះ​ជាការ​រំលោភ​កិច្ចការ​ហ្វីលីពីន​ទៅវិញ​៕