ខ្សែ​ប្រយុទ្ធ​ធ្លាប់​លេង​នៅថៃ​ ស៊ិន ដាលីន​ ​បុក​ហ្វឹ​ក​ហាត់​ខ្លាំង​ ​ត្រៀម​ចាប់​អាជីព​បាល់​ទាត់​វិញ​

ស៊ិន ដាលីន អតីត​ខ្សែ​ប្រយុទ្ធ​ធ្លាប់​លើក​ពាន​សម្ដេច ហ៊ុន សែន ឆ្នាំ២០១០ ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​ និង លីគ​កំពូល ២០១២ នៅ​​​ចម្ការ​កៅស៊ូបឹងកេត កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង ដើម្បី​ត្រៀម​ជើង​ចូលប្រឡូក​ក្នុង​អាជីព​បាល់​ទាត់​​ឡើង​វិញ នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​​ដក​ខ្លួន​ចេញ​ប្រមាណ​៤​ឆ្នាំ ដោយ​សារ​​របួស​ជង្គង់​។

Sin_Dalin_1

មិត្តភក្ដិ​ជិត​ដិត​នឹង​កីឡាករ ឃឹម បូរី ខាង​លើ​ បង្ហើប​ថា គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​ជាមួយ​នឹង​ក្លិប​មួយ ខណៈ​ក៏​មាន​ភាគី​មួយ​ចំនួន​ទៀត​តាម​ចែ​ចូវ​ផង​ដែរ ប៉ុន្តែ​ គេ​មិន​ទាន់​ប្រាប់​​អត្ត​សញ្ញាណ​ឡើយ​។

Sin_Dalin

ស៊ិន ដាលីន ប្រាប់ Keila Daily បែប​នេះ ៖ “ខ្ញុំ​មិន​ទាន់​ប្រាប់​ពី​ក្លិប​ដែល​ខ្ញុំ​ត្រូវ​ចូល​លេង​ទេ តែ​ក្នុង​ពេល​ជាមួយ​គ្នា​​ហ្នឹង ក៏​មាន​ក្លិប​ច្រើន​ទៀត​ទាក់​ទង​ខ្ញុំ​ដែរ​ តែ​កំពុង​តែ​ចរចា​គ្នា​ ពេល​ណា​ចរចា​គ្នា​ត្រូវ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ដឹង​។ ឥឡូវ​ខ្ញុំ​កំពុង​បុក​ហាត់​ខ្លាំង​ ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ ពេល​ព្រឹក​ខ្ញុំ​រត់​ ពេល​ថ្ងៃ​មក​​ហាត់​នៅ​ជីម (Gym) ដល់​ពេល​ល្ងាច​ ខ្ញុំ​បង្ហាត់​ក្មេង​ៗ​ម្ដុំ​ផ្ទះ​។ ខ្ញុំ​ចូល​លេង​វិញ​ហ្នឹង ព្រោះ​ឃើញ​បាល់​ទាត់​ខ្មែរ​ឥឡូវ​រីក​រាយ​ចម្រើន ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​នៅ​លេងបាន​”។

Sin_Dalin_2

យ៉ាងណាមិញ បុរស​មាន​ដើម​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​​​មិន​ទាន់​ហ៊ានអះអាង​​​ថា ​​នឹង​លេងបាន​ល្អ​ដូចមុន​កម្រិត​ណា​ទេ តែ​ថា​ គេ​បាន​សម្រេច​ចិត្ត​ច្បាស់​លាស់​ហើយ ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​អាជី​ព​លើ​វាលស្មៅ ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ពី​​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​ល្អៗ​​ក្ដី​។

ស៊ិន ដាលីន ប្រាប់​ថា គេ​ចូល​ប្រឡូក​​ក្នុង​វិស័យ​បាល់​ទាត់​ដំបូង​ដោយ​លេង​ឲ្យ​​ក្លិប​ខេត្តកោះ​កុង​​ជាមួយ​នឹង​​​កីឡាករ ឃឹម បូរី តែ​មិន​ចាំ​ច្បាស់​ពី​ឆ្នាំ​ទេ ​ក្រោយ​​មក​បាន​ផ្ទេរ​ទៅ​ក្រសួងការពារ​ជាតិ​, ក្លិប​ខេត្ត​ស្រះកែវ​របស់​ថៃ និង ចុង​ក្រោយ​បង្អស់​​ គឺ​លេង​នៅ​ចម្ការ​កៅស៊ូ​បឹង​កេត (បឹង​កេត​អង្គរ​បច្ចុប្បន្ន) ឆ្នាំ​២០១២ ហើយ​ក៏​ធ្លាប់​ហ្វឹក​ហាត់​​មួយ​រយៈ​នៅ​​ណាហ្គាខប​៕

ប្រភពពី Keila Daily

The post ខ្សែ​ប្រយុទ្ធ​ធ្លាប់​លេង​នៅថៃ​ ស៊ិន ដាលីន​ ​បុក​ហ្វឹ​ក​ហាត់​ខ្លាំង​ ​ត្រៀម​ចាប់​អាជីព​បាល់​ទាត់​វិញ​ appeared first on CamboSport.