បងស្រី​របស់​តារាចម្រៀង​នាង Mariah Carey ប្រកាស​លក់ខ្លួន

អ្នកស្រី Alison Carey អាយុ​៥៥​ឆ្នាំ ជា​បងស្រី​របស់​តារាចម្រៀង​នាង Mariah Carey ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ជួញដូរ​ផ្លូវភេទ​ផ្ទាល់ខ្លួន​នៅ​ក្រុង​ញូ​វ​យ៉​ក ខណៈ​ពេល​គាត់​ផ្ទុក​វីរុស​ហវ​។ អ្នកស្រី Alison Carey ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​ផ្លូវភេទ ខណៈ​សមត្ថកិច្ច​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន បន្ទាប់​ពី​ឃើញ​គាត់​ឃោសនា​លក់ខ្លួន​តាម​ប្រព័ន្ធ​អីុ​ធើ​រ​ណេត។

អ្នកស្រី Alison Carey ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​៣០ សីហា ២០១៦ បន្ទាប់​ពី​ត្រូវ​បញ្ជូន​ទៅ​មន្ទីរឃុំឃាំង ។ សមត្ថកិច្ច​បាន​កំណត់​រង្វង់​ប្រាក់​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​១០០០​ដុល្លារ ហើយ​បាន​ណែនាំ​ថា​ប្រសិនបើ​នរណា​ម្នាក់​ចង់​រួមរ័ក​ជាមួយ​គាត់​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​ព្រោះ​គាត់​មាន​វីរុស​ហ៊ី​វ ។

បច្ចុប្បន្ន​នាង Mariah នៅ​មិន​ទាន់​ផ្តល់​គំនិត​យល់​ឃើញ​ណាមួយ​ទាក់ទិន​នឹង​បញ្ហា​នោះ​ទេ ។ គេ​ដឹង​ថា​នាង និង​បងស្រី​នៅ​បែក​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ កាលពី​ខែមីនា​កន្លង​មក​អ្នកស្រី Alison Carey បាន​អំពាវនាវ​សុំ​ការ​ជួយ​សង្គ្រោះ​ពី​ប្អូនស្រី​ថា «Mariah បង​ស្រឡាញ់​ប្អូន និង​ចង់ឱ្យ​ប្អួ​ន​ជួយ​កុំ​បោះបង់​បង​ចោល​បែប​នេះ​អី»។

អ្នកស្រី Alison ឆ្លង​វីរុស​ហ៊ី​វ និង​ញៀន​ថ្នាំ​កម្រិត​ខ្ពស់ ក្រៅពី​នេះ​មាន​អាការ​ឈឺ​ចុកចាប់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ដល់​ថ្នាក់​ធ្វើ​ឱ្យ​បងប្រុស​ម្នាក់​ទៀត អំពាវនាវ​ឱ្យ​នាង Mariah ជួយ​ផង​ដែរ ។

Mariah Carey ជា​កូនពៅ​បាន​ធំធាត់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​បញ្ហា និង​ផ្លាស់​ប្តូរ​លំនៅ​ឋាន​ជា​ញឹកញាប់​។ នៅ​ពេល​នាង​អាយុ​៣​ឆ្នាំ​ឪពុក​ម្តាយ​ចែកផ្លូវ​គ្នា ហើយ​នាង និង​បងប្រុស​រស់នៅ​ជាមួយ​ម្តាយ ចំណែក​បងស្រី​នៅ​ជាមួយ​ឪពុក ។ ក្រោយមក​រូប​នាង និង បង​ៗ​បាន​ឈ្លោះ​ទាស់ទែង​គ្នា ៕